សុខភាព
អន្តរជាតិ
ការសិក្សា៖ ការទទួលទានអាហារត្រឹមត្រូវ នឹងជួយអ្នកឱ្យមានអាយុវែង​​​​
17, Apr 2022 , 8:59 pm        
រូបភាព
រូបភាព៖​ AFP
រូបភាព៖​ AFP
ការមានអាយុវែង និងប្រកបដោយសុខភាពល្អ ត្រូវការចាប់ផ្តើមជាមួយនឹងរបបអាហាររបស់អ្នក។ ការសិក្សាថ្មីមួយបានបង្ហាញថា មនុស្សអាចបង្កើនអាយុរហូតដល់ ១៣ឆ្នាំ ប្រសិនបើបានទទួលទានសាច់ក្រហម ផ្លែឈើ និងបន្លែជាច្រើនទៀត ព្រមទាំងពួកគ្រាប់ធញ្ញជាតិ គ្រាប់សណ្ដែក ស្រូវសាឡីជាដើម។


អាហារ គឺជាមូលដ្ឋានគ្រឹះសម្រាប់សុខភាព។ របបអាហារបានក្លាយជាកត្តាហានិភ័យដែលត្រូវបាន អ្នកជំនាញប៉ាន់ប្រមាណថា បង្កឱ្យមានអ្នកស្លាប់ចំនួន ១១លាននាក់ និងបង្កឱ្យមានពិការភាពចំនួន ២៥៥លាននាក់ជារៀងរាល់ឆ្នាំ។ តាមការសិក្សាចុះផ្សាយលើទិនានុប្បវត្តិវេជ្ជសាស្ត្រ Plos Medicine ការមានអាយុវែងប្រកបដោយសុខភាពរឹងមាំល្អ ពិតជាជាប់ទាក់ទងនឹងការជ្រើសរើសចំណីអាហារឱ្យបានត្រឹមត្រូវ។

ការសិក្សាបង្ហាញថា មនុស្សអាចបង្កើនអាយុរហូតដល់ ១៣ឆ្នាំ ប្រសិនបើអ្នកទទួលទានសាច់ក្រហម ផ្លែឈើ បន្លែជាច្រើនទៀត និងពពួកគ្រាប់ធញ្ញជាតិជាប្រចាំ។ អាហារសំខាន់ដែលមានឥទ្ធិពលជួយបង្កើនអាយុវែង ត្រូវបានរកឃើញថាជាពពួកគ្រាប់ធញ្ញជាតិ ក្នុងនោះរួមមាន គ្រាប់សណ្តែកគ្រប់ប្រភេទ ស្រូវសាឡី និងគ្រាប់អាល់មុនជាដើម។ យ៉ាងណាមិញ អាហារធញ្ញជាតិទាំងនេះ មិនសូវមានប្រជាប្រិយភាពសម្រាប់មនុស្សទូទៅឡើយ។ 

ដើម្បីទម្លាប់ទទួលទានអាហារសុខភាព មនុស្សគួរចាប់ផ្តើមតាមដានរបបអាហារប្រចាំថ្ងៃរបស់ខ្លួនថា បានទទួលទានអ្វីខ្លះដែលមានអត្ថប្រយោជន៍ និងគ្មានអត្ថប្រយោជន៍សម្រាប់សុខភាព។ លើសពីនេះ មនុស្សគួរកាត់បន្ថយកម្រិតជាតិស្ករ ក្នុងអាហារពេលព្រឹក ឬមិនឱ្យមានជាតិស្ករតែម្តងក៏បាន ដើម្បីរក្សាតុល្យភាពជាតិស្ករក្នុងឈាម។ 

បើទោះ សាច់ក្រហមមានប្រូតេអ៊ីត និងចាត់ទុកជាអាហារជួយសុខភាពក្តី វានៅតែជាជម្រើសបន្ទាប់ពីបន្លែផ្លែឈើ។ ដូច្នេះ អ្នកជំនាញបានណែនាំឱ្យមនុស្សទទួលទានអាហារមួយពេលដោយគ្មានសាច់ ហើយជំនួសដោយបន្លែឱ្យបានច្រើន។

គួរបញ្ជាក់ថា ចំណីអាហារល្អៗ គឺជាចំនុចចាប់ផ្តើមដ៏សំខាន់មួយដែលនាំមនុស្សឱ្យមានអាយុវែងប្រកបដោយសុខភាពរឹងមាំ ប៉ុន្តែចំណីអាហារតែមួយផ្នែកមិនអាចធានាបានឡើយ។ វាទាមទារឱ្យមនុស្សហាត់ប្រាណជាប្រចាំដែរ ហើយមិនចាំបាច់ទាល់តែទៅកន្លែងហាត់ប្រាណទេ ការដើរតាមសួនច្បារធម្មតា គឺគ្រប់គ្រាន់ហើយសម្រាប់ជួយសុខភាព និងកាត់បន្ថយភាពស្ត្រេស។ កត្តាផ្សេងទៀតដែលជួយឱ្យមនុស្សមានអាយុវែងរួមមានការចេះគ្រប់គ្រងភាពតានតឹង ការគេងលក់ស្កប់ស្កល់ឱ្យបានគ្រប់គ្រាន់ គឺប្រហែលប្រាំបីម៉ោងក្នុងមួយថ្ងៃ និងការមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន៕  
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com