កំណាព្យ
ជាតិ
គិតម្ដាយឪពុកមុន
13, Apr 2022 , 11:39 am        
រូបភាព



បទពាក្យបួន
កូនដែលប្រសើរ មុនចេញដំណើរ ទៅទីជិតឆ្ងាយ
បង្គំវន្ទា ព្រះនៅជិតកាយ បានសុខសប្បាយ
ចាកគ្រោះពាធា។
 
ពាក្យពេចន៍ពោលស្ដី ទៅអ្នកម្ដាយថ្លៃ គាប់ចិត្តអ្នកជា
វាចាពីរោះ ដូចថ្វាយរាជា សមបានហៅងារ
អតិជាតបុត្ត។
បុណ្យចូលឆ្នាំថ្មី ធ្វើម្ហូបចំណី ស្អិតស្អាងហ្មត់ចត់
ផ្ចិតផ្ចង់បម្រុង ជូនព្រះនៃបុត្រ ឱ្យរួចចាកផុត
ក្ដីឃ្លានរួបរឹត។
 
ជូនម្ហូបចំណី ឱ្យបានដល់ដៃ ព្រះស្ងួនគ្រងពិត
ដោយក្រាបបង្គំ រួចលើកហត្ថជិត ចុងច្រមុះគិត
ទទួលពរជ័យ។
 
ប្រាថ្នាឪម៉ែ ចង់ឃើញកូនថែ រួមហឫទ័យ
ខំឱបក្រសោប បងប្អូនរួមផ្ទៃ ខុសក្ដីត្រូវក្ដី
កុំកាត់សាច់ឯង។
 
អប់រំណែនាំ ខំខាំខំពាំ ជ្រោងកុំចំបែង
រក្សាត្រកូល ថ្លៃថ្នូរហួសថ្លែង ឪហ៊ានសម្ដែង
ពេញមុខជួបញាតិ។
 
មុនធ្វើការអ្វី ទោះចង់ស្រដី គិតចិត្តលោកទៀត
លោកព្រួយបារម្ភ កូនត្រូវខំឆ្លៀត កុំឱ្យរវាត
ថ្នមចិត្តពុកម៉ែ៕

Tag:
 កំណាព្យ
  ចូលឆ្នាំ
  គុណ
  ឪពុក
  ម្ដាយ
© រក្សាសិទ្ធិដោយ thmeythmey.com