ជាតិ
តំបន់មួយចំនួន នឹងធ្លាក់ភ្លៀងនៅថ្ងៃចូលឆ្នាំខ្មែរ
13, Apr 2022 , 12:59 pm        
រូបភាព
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៣-១៩ មេសានេះ នៅតាមបណ្ដាខេត្តមួយចំនួន នឹង​មាន​ភ្លៀងធ្លាក់ពីខ្សោយទៅច្រើន លាយឡំនឹង​នឹងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នេះ​បើតាម​ការព្យាករអាកាសធាតុរបស់ក្រសួង​ធនធានទឹក និងឧតុនិយម។


 
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសនាព្រឹកថ្ងៃទី១២ មេសានេះ ​គឺកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតពីខ្សោយទៅមធ្យម ប៉ះនឹងសីតុណ្ហភាពផ្ទៃដីឡើងកម្ដៅ(ហប់) បង្កើតបានជាបាតុភូតទែម៉ូឌីណាមិច។ លើសពីនេះ ចាប់ពីថ្ងៃទី១៧-១៩ ខែមេសា សីតុណ្ហភាអតិបរមានិងភ្លៀងក៏ចុះថមថយបន្តិចវិញ។
 
ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល និងបណ្ដាខេត្តជាប់​ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានភ្លៀងធ្លាក់ពី​ខ្សោយទៅច្រើន លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ក្នុងចន្លោះពីថ្ងៃទី១៣-១៧មេសា។ ដោយឡែក តំបន់មាត់សមុទ្រវិញ នៅចន្លោះថ្ងៃទី១៣-១៧ អាច​មាន​ភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំទៅដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
 
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចនឹងកើតមានជាយថាហេតុ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com