ជាតិ
តា ឡៃ -យាយ សៀម ជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា តាំងពីរបប ប៉ុល ពត
17, Apr 2022 , 9:39 pm        
រូបភាព
 អ្នកស្រី សៀម និង លោក ឡៃ គូស្នេហ៍ស្ត្រីស្រឡាញ់ភេទដូចគ្នា ក្នុងខេត្តព្រវែង។ រូបភាពផ្ដល់ដោយ អង្គការសហគមន៍ឥន្ទធនូកម្ពុជា។
អ្នកស្រី សៀម និង លោក ឡៃ គូស្នេហ៍ស្ត្រីស្រឡាញ់ភេទដូចគ្នា ក្នុងខេត្តព្រវែង។ រូបភាពផ្ដល់ដោយ អង្គការសហគមន៍ឥន្ទធនូកម្ពុជា។
ព្រៃវែង៖ លោក អ៊ុក ឡៃ និង អ្នកស្រី ខៀវ សៀម ជាគូរស្នេហ៍ស្រឡាញ់ភេទដូចគ្នា ស្ថិតក្នុងខេត្តព្រៃវែង។ គូស្នេហ៍តាយាយមួយគូនេះ បានសាងស្នេហ៍ដំបូងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ដ្បិតជីវភាពមិនធូរធារដូចគេឯង តែអ្នកទាំងពីរមិនដែលបោះបង់គ្នាឡើយ ក្រោយរួមរស់នៅជាមួយគ្នាជិត៤០ឆ្នាំ​មកនេះ។


លោក អ៊ុក ឡៃ (ស្ត្រី មានកាតព្វជាប្តី) និងអ្នកស្រី ខៀវ សៀម ជាស្ត្រីអ្នកស្រឡាញ់ភេទដូចគ្នាមួយគូ ដែលមាន​មូលដ្ឋាន នៅក្នុងស្រុកមេសាង ខេត្តព្រៃវែង។ គូស្នេហ៍តាយាយមួយគូនេះ បានផ្ដើមកសាងគ្រួសារ នៅក្នុងឆ្នាំ១៩៨៣ មកទល់ពេលនេះ។ អ្នកទាំងពីរបានរួមរស់នៅជាមួយគ្នាជិត៤០ឆ្នាំហើយ។ 
 
កំពុងអង្គុយលើគ្រែ ក្រោមសំយាបផ្ទះប្រក់សង្គ័សី លោក អ៊ុក ឡៃ រៀបរាប់ពីស្នេហារបស់ខ្លួនកាលពីជួប អ្នកស្រី សៀម ដំបូងដូច្នេះ៖ «ជួបគាត់ដំបូង ពេលហ្នឹងមុនប៉ុលពតចូលបន្តិច! ពេលជួបគាត់ហ្នឹង គាត់ទៅលក់ម្ជូរកណ្ដៀតល្អី ហើយខ្ញុំជិះកង់ទៅ ក៏ឃើញគេ ក៏ស្រឡាញ់គេទៅ»។ 
 
នៅវ័យ២៨ឆ្នាំ អ៊ុក ឡៃ មិនទាន់ស្លៀកពាក់ជាបុរសនៅឡើយទេ នាគ្រាជួបយុវនារី សៀម លើកដំបូងដែលមានវ័យប្រហែលជា ២៣ឆ្នាំ។ បន្ទាប់ពីបានជួបគ្នា ជាលើកដំបូងរួចមក ស្ត្រីដែលមានពំនោលស្រលាញ់ភេទដូចគ្នារូបនេះ ក៏បានចាប់ផ្ដើមលង់ស្រឡាញ់ យុវនារី សៀម និងតែងតែរកវិធីផ្សេងៗ ដើម្បីបានទៅផ្ទះនាង។ 


 ពិធីចុះសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ របស់លោកតា ឡៃ និង លោកយាយ សៀម។ រូបភាពផ្ដល់ដោយ អង្គការសហគមន៍ឥន្ទធនូកម្ពុជា។

«ដើម្បីបានទៅជួបគេ ពេលខ្លះទៅដាក់ទ្រូ (ចាប់ត្រី) នៅជិតផ្ទះគេ ហើយពេលខ្លះ ក៏យកស្រូវឱ្យគេបុកឱ្យអ៊ីចឹងទៅ ព្រោះផ្ទះគេមានប្រដាប់បុកស្រូវ»។ នេះជាសម្ដី របស់ លោក ឡៃ ដោយបន្ថែមថា ការជួបគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ក៏ចាប់ផ្ដើមស្រឡាញ់គ្នាទៅវិញទៅមក។ 
 
នៅឆ្នាំ១៩៧៥ ជាពេលដែលប្រទេសកម្ពុជា​​ ឈានចូលទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ នៅពេលនោះ សិទ្ធិសេរីភាព ជ្រើសរើសគូស្រករ សិទ្ធរៀបចំអាពាហ៍ពិពាហ៍ជាដើម គឺស្ថិតក្រោមការរៀបចំ និងចាត់ចែង ដោយអង្គការ។ ប៉ុន្តែគូស្នេហ៍ស្រលាញ់ភេទដូចគ្នាមួយគូនេះ នៅតែបន្តស្នេហាលួចលាក់ដដែល។ 
 
រហូតដល់របប ប៉ុល ពត នេះ បានបញ្ចប់ទៅ អ៊ុក ឡៃ និង ខៀវ សៀម ក៏បានចាប់ដៃគ្នាកសាងជីវិតគ្រួសារ អំឡុងឆ្នាំ១៩៨៣ ដោយលោកស្រី អ៊ុក ឡៃ មានភារកិច្ចជាប្តី ឯ ខៀវ សៀម ជាប្រពន្ធ។ ឆ្នាំនេះ លោក អ៊ុក ឡៃ មានវ័យ៧៧ឆ្នាំហើយ ខណៈអ្នកស្រី ខៀវ​ សៀម មានវ័យ៧១ឆ្នាំ។ 
 


អ្នកស្រី សៀម និង លោក ឡៃ គូស្នេហ៍ស្ត្រីស្រឡាញ់ភេទដូចគ្នា ក្នុងខេត្តព្រវែង។ រូបភាពផ្ដល់ដោយ អង្គការសហគមន៍ឥន្ទធនូកម្ពុជា។

គូស្នេហ៍ស្រលាញ់ភេទដូចគ្នានេះ មិនធ្លាប់រៀបអាពាហ៍ពិពាហ៍តាមប្រពៃណីឡើយ ។ ប៉ុន្តែថ្មីៗនេះ គូស្នេហ៍ទាំងពីរ បានចុះសេចក្ដីថ្លែងការណ៍ទំនាក់ទំនងគ្រួសារផងដែរ ដែលជាកិច្ចសន្យាឯកជន និងជាយន្តការបឋម ដើម្បីការពារភាពជាដៃគូ និងគ្រួសាររបស់ខ្លួន ដោយមានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋាន សាច់ញាតិ អ្នកភូមិជាដើម។ គ្រួសារមួយនេះ ក៏មានកូនចិញ្ចឹមចំនួន៣នាក់ទៀតផង។ កូនរបស់ពួកគេពេញវ័យអស់ហើយ ដោយកូនម្នាក់ត្រឡប់ទៅរស់នៅ ក្នុងគ្រួសារបង្កើតវិញ ។ ចំណែកម្នាក់ទៀតទៅធ្វើការនៅភ្នំពេញ និងម្នាក់ទៀតចំណាកស្រុក។ 
 
បច្ចុប្បន្ន តាយាយ មួយគូនេះ កំពុងរស់នៅ ជាមួយចៅប្រុសម្នាក់ ដែលជាកូនរបស់កូនចិញ្ចឹមរបស់ខ្លួន ដែលកំពុងធ្វើការនៅរាជធានីភ្នំពេញ។ ជីវភាពរបស់ដូនចាស់ទាំងពីរ មិនសូវជាធូរធារឡើយ។ ការងារស្រែចម្ការធ្ងន់ស្រាល តាយាយ លែងមានកម្លាំងធ្វើទៀតដែរ បានត្រឹមចិញ្ចឹមសត្វបន្តិចបន្តួច និងដាំបន្លែបង្ការជុំវិញផ្ទះខ្លួនប៉ុណ្ណោះ គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ៕ 
 

Tag:
 ThmeyThmey25
  អ្នកស្រឡាញ់ភេទដូចគ្នា
  ព្រៃវែង
  តាឡៃយាយសៀម
© រក្សាសិទ្ធិដោយ thmeythmey.com