ជាតិ
«ខ្លូត» នំប្រពៃណីរបស់អ្នកភូមិស្លែង មិនសូវមានការគាំទ្រ ឯអ្នកធ្វើ និងអ្នកលក់ក៏ថយចុះ
05, Jun 2022 , 9:59 pm        
រូបភាព
ដោយ៖ ហេង​ ស្រីលីន

កំពង់ចាម៖ នំខ្លូត ជានំប្រពៃណី របស់អ្នកភូមិស្លែង ឃុំជ្រៃវៀន ខេត្តកំពង់ចាម។ បច្ចុប្បន្ន នំខ្លូត ហាក់មិនសូវមានការគាំទ្រច្រើនដូចមុនឡើយ ឯអ្នកប្រកបរបរធ្វើនំខ្លូត និងអ្នកលក់ក៏មិនសូវមានច្រើនដូចមុនឡើយ។



នំខ្លូត ជាប្រភេទនំខ្មែរដែលមានរសជាតិផ្អែម និងមានតែពលរដ្ឋនៅកំពង់ចាមទេ ដែលធ្វើនំនេះ។ នំនេះ ធ្វើពីម្សៅអង្គរដំណើប ស្ករត្នោត ស្ករស និងល្ង។ នំខ្លូត​ភាពច្រើនគេនិយមទិញបរិភោគ ក្នុងពិធីបុណ្យទា​ន ដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ និងតាមពិធីបុណ្យផ្សេងៗទៀតជាដើម។ បើធ្វើដំណើរតាមផ្លូវជាតិលេខ៧ ឆ្ពោះទៅទីរួមខេត្តកំពង់ចាម យើងនឹងឃើញមានតូបលក់នំខ្លូត ប្រមាណ១០តូប។ តូបខ្លះបើក ខ្លះក៏បិទទំនងដោយសារលក់មិនដាច់ ។ ក្រៅពីនំខ្លូត នំខ្មែរជាច្រើន ដូចជាចេកឆាប ដំឡូងឆាប កន្ទ្រាំ និងថង់នួនជាដើម ក៏ត្រូវបានលក់នៅទីតាំងនោះដែរ។ 
  


កំពុងបង្កាត់ភ្លើង ដើម្បីឆ្អើរនំខ្លូត ក្រោយពីហាលស្ងួត អ្នកស្រី វី ជាអ្នកធ្វើនំខ្លូត ស្ថិតនៅក្នុង ភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ  បានឆ្លៀតប្រាប់សារព័ត៌មានថ្មីៗ២៥ ថា សព្វថ្ងៃអ្នកស្រី បន្ថយធ្វើនំពី១០០ទៅ ២០០គីឡូក្រាម សល់ត្រឹម ៦០ គីឡូក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ។ បើតាមស្រ្តីវ័យ៥៥ឆ្នាំរូបនេះ ការធ្វើនំថយចុះ ដោយសារឈ្មួញមិនសូវបញ្ជាទិញច្រើនដូចមុន។  
អ្នកស្រីវី រៀបរាប់ដូច្នេះ៖ «នំខ្លូតឥឡូវគេលែងនិយមដូចមុនហើយ ព្រោះភាពច្រើនគេហូបផ្លែឈើវិញ។ អ្នកទិញយកទៅហូបមានតិចណាស់ ណាមួយអ្នកដំណើរតាមផ្លូវនេះក៏មិនមានច្រើនដូចមុនទៀត។ ពីមុនអ្នកធ្វើនំមានជិត១០ផ្ទះ ប៉ុន្តែឥឡូវនៅសល់តែ៤ផ្ទះទេ ហើយអ្នកដែលឈប់ធ្វើនំគេទៅធ្វើរោងចក្រវិញ»។ 
 
អ្នកស្រី វី ដែលប្រកបរបរធ្វើនំខ្លូតជិត២០ឆ្នាំរូបនេះ បានឱ្យដឹងថា នំខ្លូតពិបាកធ្វើ ពេលរដូវភ្លៀងដោយសារនំនេះ ត្រូវការកម្តៅថ្ងៃខ្លាំងសម្រាប់ហាលនំ។​ អ្នកស្រី វី មមាញឹកធ្វើនំតែរដូវបុណ្យទានប៉ុណ្ណោះ ថ្ងៃធម្មតាអ្នកស្រី ធ្វើតែពេលឈ្មួលបញ្ជាទិញប៉ុណ្ណោះ។ 
 
បើតាមអ្នកស្រី របរតពីដូនតានេះ ហាក់មិនសូវមានការគាំច្រើន ខណៈកូនចៅជំនាន់ក្រោយរបស់អ្នកស្រីក៏មិនសូវចាប់អារម្មណ៍ធ្វើបន្តពីអ្នកស្រីដែរ ដ្បិតរបរនេះពិបាក និងមិនសូវរកចំណូលបានច្រើន។ អ្នកស្រី វី បន្ថែមដូច្នេះ៖ «របរនេះបើខ្ញុំឈប់ធ្វើ​ គ្មានអ្នកធ្វើបន្តពីខ្ញុំទេ ព្រោះកូនៗគេមានការងារធ្វើអស់ហើយ អ៊ីចឹង គ្មានអ្នកស្នងត្រកូលធ្វើនំខ្លូតទេ។ ណាមួយរបរនេះ ក៏លែងមានអ្នកគាំទ្រដូចពីនេះទៀត ហើយហត់ទៀត។ ខ្ញុំគិតថា​ បើខ្ញុំធ្វើលែងកើត ឈប់បន្តរបរនេះហើយ»។ 


អ្នកស្រី វី អ្នកធ្វើនំខ្លូត

ចំណែកឯ អ្នកស្រី  ងួន ចាន់រី ជាអ្នកលក់នំខ្លូត នៅភូមិស្លែង ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានឱ្យដឹងថា រយៈពេលប្រមាណ២ឆ្នាំមកនេះ ការលក់របស់អ្នកស្រី បានថយចុះ ដោយសារកូវីដ-១៩ផង និងអ្នកធ្វើដំណើរតាមផ្លូវហាក់ស្ងាត់ជាងមុន។ អាជីវករវ័យ៣៥ឆ្នាំរូបនេះ លើកឡើងថា​៖ «ឥឡូវអ្នកដំណើរមានច្រើនដូចមុនមែន ប៉ុន្តែអ្នកដែលគេជិះតាមផ្លូវនេះមិនច្រើនដូចមុនសោះ ម្យ៉ាងផ្លូវគេអភិវឌ្ឍន៍ច្រើន អ្នកខ្លះជិះតាមផ្លូវផ្សេងវិញ ព្រោះវាជិតជាង។  អ្នកទិញភាគច្រើន មានតែអ្នកនៅក្នុងខេត្ត និងទិញតែពេលបុណ្យទានទៀត។ ថ្ងៃខ្លះរកតែអ្នកទិញមួយក៏គ្មាន»។ 
 
នំខ្លូតរបស់អ្នកស្រីលក់ ក្នុងតម្លៃ ៦០០០រៀលក្នុងមួយគីឡូក្រាម។ ។ អាជីវកររូបនេះ ត្អូញត្អែរថា សព្វថ្ងៃចំណូលបានពីការលក់នេះ មិនអាចផ្គត់ផ្គង់ជីវភាពបានគ្រាប់គ្រាន់ដូចមុនឡើយ ខណៈពីមុន  ក្នុងមួយថ្ងៃ អ្នកស្រីលក់បានពី ១០ទៅ១៥ម៉ឺនរៀល ៕ 
 

អ្នកស្រី ងួន ចាន់រី អ្នកលក់នំខ្លូត

 
 

Tag:
 ThmeyThmey25
 ​ របបលក់នំខ្លូត
 ​ ខេត្តកំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com