ជាតិ
សង្គមជាតិ
ក្មេងស្រី២នាក់ បាត់បង់ជីវិត ដោយសារក្រឡាប់ទូកត្នោតក្នុងអាងទឹកនៅភ្នំស្រុក
13, Jun 2022 , 5:29 pm        
រូបភាព
ដោយ៖ វ៉ន ស៊ីចេន 
 
 
ភ្នំពេញ៖ ក្មេងស្រី៧នាក់ បាននាំគ្នាទៅជិះទូកត្នោតលេងក្នុងអាងទឹកពន្លៃ នៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាអកុសល ទូកត្នោតនោះ បានក្រឡាប់ ដែលបណ្តាលឲ្យក្មេងស្រី២នាក់ ក្នុងចំណោមពួកគេ បានស្លាប់ កាលពីល្ងាចថ្ងៃទី១១ មិថុនា ឆ្នាំ២០២២។ នេះបើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។



អគ្គស្នងការដ្ឋាននគរបាលជាតិ ស្រង់សម្តីរបស់លោកវរសេនីយ៍ទោ បិុក គឹមហ៊ាក អធិការស្រុកភ្នំស្រុក ទៅចុះផ្សាយថា ក្មេងស្រីជាជនរងគ្រោះទាំង៧នាក់នោះ បានធ្វើដំណើរដោយរថយន្ត ចេញពីទីរួមស្រុក ឆ្ពោះទៅអាងទឹកពន្លៃ ហើយពេលទៅដល់ ក៏នាំគ្នាជិះទូកត្នោតលេង។ លោក បន្តថា ពេលនោះទូកត្នោត បានក្រឡាប់ បណ្តាលឲ្យ ក្មេងស្រី២នាក់ បានស្លាប់ ខណៈ៥នាក់ទៀត ដែលចេះហែលទឹក បានហែលមកដល់លើគោកវិញ។ 
 
លោកអធិការ បានឲ្យដឹងទៀតថា ក្មេងស្រីទាំង២នាក់ ដែលបានបាត់បង់ជីវិត មានម្នាក់អាយុ១៣ឆ្នាំ និងម្នាក់ទៀត មានអាយុ១៤ឆ្នាំ។ ក្មេងស្រីទាំង២នេះ រស់នៅក្នុងភូមិជាមួយគ្នា គឺភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក៕ 
 
 

Tag:
 ករណីលង់ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com