ជាតិ
មនុស្ស៣១នាក់ស្លាប់ និងរងរបួស ដោយសាររន្ទះបាញ់ និងខ្យល់កន្រ្តាក់
05, Jul 2022 , 2:11 pm        
រូបភាព
រូបពីក្រសួងធនធានទឹក_និងឧត្តុនិយម
រូបពីក្រសួងធនធានទឹក_និងឧត្តុនិយម
ដោយ៖ ញឹក សំអូន 

ភ្នំពេញ៖ គ្រោះធម្មជាតិរន្ទះបាញ់ និងខ្យល់កន្រ្តាក់ បណ្ដាលឱ្យមនុស្សស្លាប់១០នាក់ និងរងរបួស ២១នាក់ ខណៈគោក្របី ១៦ក្បាលបានងាប់ ។នេះបើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រជុំឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមិថុនា និងទិសដៅអនុវត្ត ខែកក្កដា ឆ្នាំ២០២២។

 
បើតាមរបាយការណ៍ដដែល គ្រោះធម្មជាតិរន្ទះបាញ់បានកើតឡើង ១៣លើក នៅមូលដ្ឋានខេត្តចំនួន ៩ ដែលបណ្តាលឱ្យមនុស្សស្លាប់ ១០នាក់ ក្នុងនោះស្រី ៥នាក់ និងរងរបួស ៩នាក់ និងគោក្របី ១៦ក្បាលងាប់ ក្នុងមិថុនា។ 
 
ក្រៅពីនេះ ក៏មានករណីខ្យល់កន្ត្រាក់ កើតឡើង ៣១លើក នៅរាជធានីខេត្តចំនួន១៨ បណ្ដាលឱ្យផ្ទះរលំ និងខូចធ្ងន់ធ្ងរ ១៤៨ខ្នង, ផ្ទះរបើកដំបូល និងខូចមធ្យម ៥៨៥ខ្នង, ដើមឈើរលំបាក់ ១២ដើម, ដួលរលំដំបូលទីលានបាល់ទាត់ ១កន្លែង, បាក់បង្គោលភ្លើង១, បង្គោលអង់តែនទូរស័ព្ទ១, ដួលរលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម១, របើកដំបូលការិយាល័យអាវុធហត្ថ ១កន្លែង, រលំដើមឈើសង្កត់រថយន្ត ៣គ្រឿង, ដួលរលំរោងចញ្ចឹមមាន់១ និងតូបលក់ដូរ២ និងបណ្ដាលឱ្យមនុស្សរងរបួស ១២នាក់ រួមទាំងប៉ះពាល់ប្រាសាទបេងមាលា ផងដែរ។
 

បាតុភូតធម្មជាតិ បណ្ដាលឱ្យប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ។ រូបតំណាង យកពីក្រសួងធនធានទឹក។

ក្នុងកិច្ចប្រជុំដដែលបានបញ្ជាក់ថា បរិមាណទឹកភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ចាប់ពីដំណាច់ខែឧសភា មកដល់ដើមខែមិថុនា។ ក្រៅពីបង្កការជន់លិចនៅតាមតំបន់ទំនាប និងទីប្រជុំជនក្នុងរយៈពេលខ្លី ក៏បង្កឱ្យមានការប៉ះពាល់ និងខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។
 
ជាមួយគ្នានេះ លោក គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់មន្ត្រី ត្រូវសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ផ្ដល់ព័ត៌មានឲ្យបានច្បាស់លាស់ ជាក់លាក់ និងឆាប់រហ័សពីគ្រោះមហន្តរាយនានា និងពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាសធាតុ ដែលងាយបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ ជាពិសេសបញ្ហាគ្រោះទឹកជំនន់ អាចកើតមាននៅក្នុងរដូវវស្សាឆ្នាំនេះ ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការចុះជួយពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា៕
 
 

Tag:
 បាតុភូតធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com