ជាតិ
បទសម្ភាសន៍
វីដេអូ
លោក ជេត ជាលី៖ នៅភូមិន្ទភ្នំពេញ សិស្ស-និស្សិត អាច​សិក្សាគ្រប់កន្លែង​
06, Jul 2022 , 8:59 am        
រូបភាព
លោក  ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
លោក ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ការធានា​និរន្តរភាព​និង​បង្កើនការអភិវឌ្ឍរបស់ស្ថាប័នជាកាតព្វកិច្ចដែល លោក ជេត ជាលី បាននិងកំពុងទទួលបន្ទុកក្នុងនាមជាសាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) រយៈពេលប្រមាណ៩ឆ្នាំមកនេះ។ ក្រៅពីអភិវឌ្ឍនរចនាសម្ព័ន្ធទាំងផ្នែករឹង លោក ជេត ជាលី ​ប្រាប់សារព័ត៌មានថ្មីៗតាមរយៈកម្មវិធី«គំនិតថ្មី» ថា លោក និងមន្ត្រីទាំងអស់ក៏បានប្រឹងប្រែង​បង្កើត​បរិយាកាសសិក្សាគ្រប់ទីកន្លែងដល់សិស្សនិស្សិតផងដែរ។ សាកលវិទ្យាធិការរូបនេះសង្ឃឹមថាភូមិន្ទភ្នំពេញមិនត្រឹមតែជាកន្លែងបណ្តុះ​ធនធានមនុស្សប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងបណ្តុះចិត្តស្រឡាញ់បរិស្ថានធម្មជាតិនិង​ប្រទេសជាតិដល់សិស្សនិស្សិតខ្មែរផងដែរ។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក ជេត ជាលី ដូចតទៅ៖
 
 
រយៈពេលប្រមាណ ៩ឆ្នាំហើយ ដែលលោក ជេត ជាលី បានដឹកនាំសាកវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងនាមជាសាកវិទ្យាធិការ លោក ជេត ជាលី តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួន២ ចម្បង នោះគឺការផ្តល់យុត្តិធម៌ដល់បុគ្គលិក និងមន្ត្រីទាំងអស់ និងការផ្តល់ការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មន្ត្រី។ ក្រៅពីធម្មនុញ្ញទាំង២នេះ សាកលវិទ្យាធិការរូបនេះ ក៏ចាត់ទុកថា បុគ្គលិក និងមន្ត្រីទាំងអស់នៅក្នុងសាកលវិទ្យាល័យ គឺជាបក្សពួករបស់ខ្លួនផងដែរ។ 
 
លោក ជេត ជាលី ពន្យល់បន្ថែមដូច្នេះ៖« នៅកន្លែងនេះ អត់មានបក្សពួកទេ។ ខ្ញុំគ្មានអ្នកណាមកជាមួយខ្ញុំទេ។ ខ្ញុំ​មកជានាយកនៅកន្លែងនេះម្នាក់ឯង ព្រោះខ្ញុំយល់ថាមន្រ្តីនៅទីនេះ ​ទាំងមន្ត្រីរដ្ឋ និងមន្ត្រីកិច្ចសន្យា ជាង១ពាន់នាក់ ​គឺជាគ្នាខ្ញុំ ទាំង១ពាន់នាក់។ ខ្ញុំអត់មាននាំអ្នកក្រៅណា សូម្បីតែ១នាក់ ចូលមកជាមួយខ្ញុំ។ ហើយអ្នកទាំងអស់នេះ គេត្រៀមខ្លួនរួចរាល់ធ្វើការជាមួយខ្ញុំ។ ហើយខ្ញុំត្រូវតែយុត្តិធម៌ជាមួយគេទាំងអស់គ្នា ហើយខ្ញុំខ្វល់ខ្វាយពីគេ​។»។ 
 
ទន្ទឹមនឹងការប្រកាន់ខ្ជាប់គោលការណ៍ដឹកនាំទាំងនេះហើយ លោក ជេត ជាលី ក៏មានសមិទ្ធផលជាច្រើនដែរ នៅក្នុងការអភិវឌ្ឍរចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់ នៅក្នុងគ្រឹះស្ថាន​ ដើម្បីបង្កើនប្រសិទ្ធភាព និងបរិយាកាសសិក្សាសម្រាប់​និស្សិត និងធានានិរន្តរភាព ក៏ដូចជាភាពរីកចម្រើនរបស់សាកលវិទ្យាល័យ។


 បណ្ឌិត  ជេត  ជាលី  ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ

​ជុំវិញការអភិវឌ្ឍន៍រចនាសម្ព័ន្ធផ្នែករឹង  មានអគារសិក្សាដ៏ស្គឹមស្គៃចំនួន២ បានលេចត្រដែត ឡើង ក្នុងពេលប៉ុន្មានឆ្នាំមកនេះ នោះគឺអគារវិទ្យាសាស្រ្តបច្ចេកវិទ្យា តម្លៃប្រមាណ ៣​លានដុល្លារ ដែលជាការវិនិយោគ​របស់រាជរដ្ឋាភិបាល និងអគារបណ្តុះធុរកិច្ចថ្មីនៅកម្ពុជា ដែលសាងសង់ឡើង ក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ។ កញ្ចប់ជំនួយរបស់កូរ៉េខាងត្បូង មានទំហំ​ជិត៧ លានដុល្លារ សម្រាប់សំណង់អគារសិក្សា និងការអនុវត្តគម្រោងនានា រយៈ ពេល ៥ឆ្នាំ។
 
បន្ថែមពីនេះ​ រូបចម្លាក់មួយចំនួន ដែលបង្ហាញ ពីជីវប្រវត្តិរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក្នុងជំនាន់នីមួយៗ ​កាហ្វេនិស្សិត បន្ទប់ពិសោធន៍សម្រាប់និស្សិតជីវៈវិទ្យា បន្ទប់ពិសោធន៍ ដង្កូវ​នាង ក៏ត្រូវបានសាងសង់ឡើងដែរ។ ​«​ជាទស្សនៈរបស់ពួកខ្ញុំ គឺធ្វើឱ្យសាលាទាំងមូល ទៅ​ជាកន្លែងរៀន។ មិនមែនតែក្នុងថ្នាក់រៀនទេ ដែលជាកន្លែងរៀន។ ជាទស្សនវិស័យ របស់ពួកខ្ញុំ គឺធ្វើឱ្យសាលា ក្លាយជាកន្លែងមនោរម្យ កន្លែងទាំងអស់គ្នាអាចប្រើបាន។»។ នេះជាការពន្យល់បន្ថែម របស់លោក ជេត​ ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
 
សាកលវិទ្យាធិការរូបនេះ សង្ឃឹមយ៉ាងមុតមាំថា​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ  មិនត្រឹម តែជាថ្នាលបណ្តុះ​បណ្តាលធនធានមនុស្សកម្ពុជានោះទេ ប៉ុន្តែក៏អាចបណ្តុះនូវទឹកចិត្តស្រ ឡាញ់ ធម្មជាតិ និងប្រទេសជាតិ ដល់សិស្ស-និស្សិតផងដែរ៕
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com