ជាតិ
កសិករខេត្តព្រះវិហារ សម្រុកដាំដំឡូងមីច្រើនជាងឆ្នាំមុន ក្រោយតម្លៃទីផ្សារល្អ
06, Jul 2022 , 9:29 am        
រូបភាព
(រូបតំណាងពី អគ្គនាយកដ្ឋានកសិកម្ម)
(រូបតំណាងពី អគ្គនាយកដ្ឋានកសិកម្ម)
ភ្នំពេញ៖ ការកើនឡើងនៃតម្លៃដំឡូងមី បានធ្វើឱ្យកសិករខេត្តព្រះវិហារ នាំគ្នាសម្រុកដាំច្រើនជាងឆ្នាំមុន។ ជាក់ស្ដែង ផ្ទៃដីដាំដុះដំឡូងមីទូទាំងខេត្តព្រះវិហារ មានកំណើនជិត ៣ម៉ឺនហិកតា។


កសិករនៅខេត្តព្រះវិហារ បានចាប់ផ្ដើមដាំដំឡូងមីនៅអំឡុងខែមិថុនា ឬកក្កដា ហើយអាចហុចផលនៅខែវិច្ឆិកា ឬធ្នូ។ បច្ចុប្បន្ន ដំឡូងមីស្រស់មានតម្លៃប្រហែល ៣០០ទៅ៤០០រៀលក្នុងមួយគីឡូក្រាម រីឯដំឡូងមីក្រៀមមានតម្លៃពី ៧០០ ទៅ៨០០រៀលក្នុងមួយគីឡូក្រាម ដែលភាគច្រើនលក់ចេញទៅវៀតណាម។
 
លោក អឿន ណៃ កសិករដាំដំឡូងមីម្នាក់នៅឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ បានឱ្យដឹងថា ដោយសារអាកាសធាតុអំណាយផល គួបផ្សំជាមួយតម្លៃទីផ្សារល្អ លោកបានពង្រីកផ្ទៃដីដាំដំឡូងមីរហូតដល់១០ហិកតា ធៀបនឹងឆ្នាំមុនត្រឹមតែ៥ហិកតាប៉ុណ្ណោះ។
 
កសិកររូបនេះ បានបោះបង់ដំណាំស្រូវ ដើម្បីយកដីទៅដាំដំឡូងមីវិញ។ បើតាម លោក អឿន ណៃ ដំឡូងងាយស្រួលដាំ និងពុំសូវត្រូវការជីច្រើន ដូចប្រភេទដំណាំដទៃ។ ក្នុងមួយហិកតា ដំឡូងមី អាចផ្ដល់ផលពី១៥ ទៅ២០តោន។
 
លោក ប្រាប់ដូច្នេះថា៖«មូលហេតុដែលយើងពង្រីកការដាំ ដោយសារយើងរំពឹងថា តម្លៃឆ្នាំហ្នឹងល្អជាងឆ្នាំទៅ ព្រោះ ឆ្នាំមុន ក៏គេទទួលទិញពីយើងច្រើនដែរ។ ឥឡូវ កសិករយើងដាំច្រើនជាងមុន ព្រោះបើនិយាយទៅដំឡូងមី វាខុសពីស្រូវ។ ក្នុងដី១ហិកតាដូចគ្នា ធ្វើស្រូវអត់ចំណេញទេ អ៊ីចឹង បានពួកយើង រត់ទៅរកដំឡូងមីជាង»។  
 
ថ្វីបើ ដំឡូងមី នាពេលនេះមានតម្លៃសមរម្យ ប៉ុន្តែលោក អឿន ណៃ ក៏បង្ហាញក្ដីបារម្ភ ចំពោះបញ្ហាការប្រែប្រួលតម្លៃ និងទីផ្សារភ្លាមៗ ខណៈកសិករសម្រុកដាំព្រមគ្នានេះ។ លោក អះអាងថា ប្រសិនបើ ដំឡូងមីធ្លាក់ថ្លៃនៅរដូវប្រមូលផលខាងមុខ នឹងធ្វើឱ្យកសិករគ្រប់គ្នាត្រូវខាតបង់ធ្ងន់ធ្ងរ។
 
កសិកររូបនេះ ចង់ឱ្យដំឡូងមីមានតម្លៃថេរ ដោយដំ​ឡូងមីស្ងួតមានតម្លៃ១ពាន់រៀល និងស្រស់ត្រឹម៤០០រៀល ទើបកសិករអាចរកប្រាក់ចំណេញ និងទប់ថ្លៃចំណាយទៅលើថ្នាំកសិកម្ម និងឈ្នួលភ្ជួរបាន។ លោក បន្ថែមដូច្នេះថា៖« ប្រសិនបើ ដំឡូងធ្លាក់ថ្លៃទៀត អ្នកភូមិនឹងក្រទាំងអស់គ្នាហើយ ព្រោះអី ភាគច្រើន ពួកគាត់ខ្ចីលុយគេ មកពង្រីកដីដាំដំឡូង»។
 
កសិករម្នាក់ទៀត អ្នកស្រី វ៉ា ឡន រស់នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ បានលើកឡើងថា បច្ចុប្បន្ន ដំឡូងមី ពុំទាន់ឈានដល់តម្លៃល្អខ្លាំងនៅឡើយទេ តែកសិករអាចទទួលយកបាន។ អ្នកបើតាមអ្នក​ស្រី វ៉ា ឡន ដំឡូងមីស្រស់មានតម្លៃជាង៣៥០រៀលក្នុងមួយគីឡូក្រាម រីឯស្ងួតប្រហែល៨០០រៀល។


 រូបពី មន្ទីរកសិកម្ម ខេត្តព្រះវិហារ

ឆ្នាំមុន អ្នកស្រី ឡន ដាំតែ ៦ហិកតាប៉ុណ្ណោះ ប៉ុន្តែដោយសារដំឡូងងាយស្រួលដាំ និងតម្លៃសមរម្យ ទើបអ្នកស្រី សម្រេចពង្រីកដីដាំដុះដល់ជាង២០ហិកតា។ អ្នកស្រី វ៉ា ឡន លើកឡើង​ថា៖«ឆ្នាំនេះខ្ញុំដាំជាង២០ហិកតា ច្រើនជាងឆ្នាំមុន ព្រោះត្រូវចែកឱ្យកូនមើលខ្លះ ខ្លួនឯងខ្លះ។ មូលហេតុដែលខ្ញុំដាំច្រើនឆ្នាំមុន ដោយសារដំឡូងងាយស្រួលដាំ ហើយតម្លៃទីផ្សារគួរសម»។
 
លោក លេក ស៊ីណាន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកជ័យសែន បានប្រាប់ឱ្យដឹងដែរថា ក្នុងឆ្នាំ២០២២នេះ ដំឡូងមីមានតម្លៃល្អគួរសម ភាគច្រើនលក់ទៅឱ្យសហគមន៍ និងមួយចំនួនតូចទៅឈ្មួញកណ្ដាល។ លោក សង្កេតឃើញថា ប៉ុន្មានខែចុងក្រោយនេះ កសិករសម្រុកដាំដំឡូងមីច្រើន ដោយសារតម្រូវការពីក្រៅប្រទេសកើនឡើង ជាពិសេសប្រទេសវៀតណាម។ លោក ប្រាប់ដូច្នេះ៖«ចូលដល់ឆ្នាំនេះ ប្រជាកសិករគាត់ដាំច្រើន បើគិតពីមុនរហូតដល់២ដង។ អ្នកខ្លះធ្លាប់ដាំតែ៣ហិកតា ឥឡូវឡើងទៅ៧ ឬ៨ហិកតា»។
 
ជាមួយគ្នានេះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥តាមតេឡេក្រាមថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ដំឡូងមីមានតម្លៃល្អជាបន្តបន្ទាប់។ ជាក់ស្ដែង ដំឡូងមីស្រស់មានតម្លៃប្រហែល៣០០ទៅ៤០០រៀលក្នុងមួយគីឡូក្រាម រីឯដំឡូងមីក្រៀមមានតម្លៃពី៧០០ ទៅ៨០០រៀលក្នុងមួយគីឡូក្រាម។ លោក សង្ឃឹមថា ដំឡូមី នឹងកើនឡើងថែមនារដូវប្រមូលផលខាងមុខ៕
 
 
 
 

Tag:
 ដំឡូងមី
  មន្ទីរកសិកម្មខេត្តព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com