ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កោះកុង៖ សាលាបឋមសិក្សាកណ្ដោល បានសង់ជម្រាលជនពិការ​ ដើម្បីទទួលសិស្ស​មានពិការភាពមកសិក្សា​
29, Aug 2022 , 10:59 pm        
រូបភាព
ដោយ៖ ហាក់ ស្រីពេជ្រ  
 
បូទុមសាគរ, កោះកុង៖ សាលាបឋមសិក្សាកណ្ដោល ដែលស្ថិតក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង មានសិស្សសរុបចំនួន ១៥៥នាក់ កំពុងសិក្សា ប៉ុន្តែមិនមានសិស្សដែលមានពិការភាពនោះទេ។ យ៉ាងណាក៏ដោយ នៅសាលានេះ មានជម្រាលសម្រាប់ជនមានពិការភាពទាំងនៅអគារសិក្សា និងបន្ទប់ទឹក។ លោក យិន សុង នាយកសាលាបឋមសិក្សាកណ្តោល អះអាងថា ជម្រាលនេះ គឺសង់ត្រៀមទទួលសិស្សដែលមានពិការភាពដែលត្រូវចូលសិក្សានៅសាលារបស់ខ្លួន។

 
ដើម្បីជ្រាបច្បាស់សូមទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
 
 
 
សាលាបឋមសិក្សាកណ្ដោល មានទីតាំងនៅលើបណ្តោយផ្លូវលេខ ៤៨ ស្ថិតក្នុងភូមិសាស្ត្រភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង​។​ នៅក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ សាលាមានសិស្សកំពុងសិក្សាចំនួន១៥៥នាក់ ក្នុងនោះ សិស្សស្រីមានចំនួន ៦៤នាក់។  នេះបើតាមលោក យិន សុង នាយកសាលាបឋមសិក្សាកណ្តោល។
 
លោក យិន សុង បានអះអាងថា នៅសាលារបស់ខ្លួន មិនមានសិស្សមានពិការភាពនោះទេប៉ុន្តែក្នុងចំណោមអគារសិក្សា ៣ខ្នងនៅបរិវេណសាលាបឋមសិក្សាកណ្ដោលនេះ មាន​អគារ ចំនួន២ខ្នង បានសង់ជម្រាលសម្រាប់ជនពិការ​។  មិនតែប៉ុណ្ណោះ បង្គន់អនាម័យនៅក្នុងសាលានេះ ក៏មានជម្រាលសម្រាប់ជនមានពិការភាពដែរ។
 
ជុំវិញការសាងសង់ជម្រាលនេះ លោកនាយកសាលាបឋមកណ្តោលពន្យល់ថា ជម្រាលនេះគឺបានសង់រួចជាយូរឆ្នាំមកហើយ  គឺដើម្បីត្រៀមរួចជាស្រេច សម្រាប់សិស្សានុសិស្ស ដែលមានពិការភាព ដែលត្រូវចូលសិក្សា។ ​«ធ្វើហ្នឹង គឺយើងត្រៀម ត្រៀម ដើម្បីមានជនពិការដែលគ្នាបានចូ​ល​សិក្សា។ សិក្សាក្នុងសាលាយើងខ្ញុំ»។
 
បើតាមលោក យិន សុង ការសង់ជម្រាលនេះ ​មានសារៈសំខាន់ណាស់ បើទោះមិនទាន់សិស្សមែន ប៉ុន្តែនៅពេលសហគមន៍មានការប្រជុំនានា សាលារៀន បានក្លាយជាទីតាំងសម្រាប់ការប្រជុំ។ មានន័យថា បើសិនក្នុងការប្រជុំនោះ មានពលរដ្ឋដែលមានពិការភាព ស្ត្រីមានផ្ទៃពោះ មកចូលរួមដែរ​ វានឹងផ្តល់ភាពងាយស្រួលក្នុងការឡើងចុះអគារនេះ សម្រាប់ពួកគាត់។ ​«ជម្រាលជនពិការហ្នឹងមានសារៈសំខាន់ណាស់ ដល់សិស្សក្តី ដល់សហគមន៍ក្តី ដែលគាត់ចូលរួមប្រជុំអី គាត់អាចឡើងមកលើបាន ដើម្បីចូលរួមក្នុងការសន្ទនាផ្សេងៗ។ បើសិស្សវិញ គឺយើងទទួលក្នុងការសិក្សា។ បើសិនជាយើងអត់មានជម្រាលចឹង សិស្សដែលពិការ គាត់ជិះរទេះ គាត់ឡើងអត់រួច។ ចុះឡើងពិបាក។ ចូលបន្ទប់ទឹកក៏ពិបាក។ បើអត់ជម្រាលគឺត្រូវការលើកចុះ លើកឡើង»។ នេះជាការពន្យល់បន្ថែម របស់លោក យិន សុង៕
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
(វីដេអូនេះ
គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង
ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប
និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត
តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។
រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ
ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ
អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 

Tag:
 អប់រំ
  យិន សុង
  បូទុមសាគរ
  កោះកុង យុវជនឃុំកណ្តោល
© រក្សាសិទ្ធិដោយ thmeythmey.com