ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សាវ ធីម ចាប់អាជីពជាមគ្គុទេ្ទសក៍ឡើងភ្នំ ដោយផ្ដើមពីការដើររកផ្កាក្នុងព្រៃ
04, Sep 2022 , 7:29 pm        
រូបភាព
លោក  សាវ  ធីម ចាប់អាជីពមគ្គុទេសក៍ឡើងភ្នំ ដោយការដើររកផ្កាក្នុងព្រៃ
លោក សាវ ធីម ចាប់អាជីពមគ្គុទេសក៍ឡើងភ្នំ ដោយការដើររកផ្កាក្នុងព្រៃ
ដោយ៖ ហេង ស្រីលីន
 
ភ្នំពេញ៖ លោក  សាវ  ធីម  ធ្លាប់ជាអ្នកដើររកផ្កានៅក្នុងព្រៃ ដែលស្ថិតនៅតំបន់ភ្នំព្រះ នាស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទេសភាពនៅលើកំពូលភ្នំព្រះ សម្រស់ថ្ងៃរៀបលិច ជាមួយនឹងទេពកោសល្យដើរព្រៃ តាំងពីអាយុ ១៦ឆ្នាំ ធ្វើឱ្យអ្នករកផ្ការូបនេះ ចាប់ផ្តើមស្រឡាញ់អាជីពជាមគ្គុទេ្ទសក៍ឡើងភ្នំ។ ទោះរបរមួយនេះ មិនផ្តល់ចំណូលច្រើន តែលោក ធីម នៅតែស្រឡាញ់ និងចង់ជួយអភិរក្សធនធានធម្មជាតិ។


 
ជាអ្នកស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក សាវ ធីម បានចាកចេញពីស្រុកកំណើតក្នុងវ័យ១៦ឆ្នាំ ដើម្បីស្វែងរកការងារ។ ការងារដំបូងដែលលោកធ្វើ គឺជាអ្នកស្វែងរកវល្លិរមៀត ខ្លឹមផ្កា ក៏ដូចជាផ្កាអ័រគីដេ រួមទាំងផ្កាជាច្រើនប្រភេទទៀតនៅក្នុងព្រៃ និងលើភ្នំព្រះ។  
 
ផ្ការាប់សិបប្រភេទ ដុះក្នុងព្រៃត្រូវបានពលរដ្ឋរស់នៅក្បែរជើងភ្នំ ដកជារៀងរាល់ថ្ងៃ។ នៅពេលព្រះអាទិត្យអស្តង្គត ជាពេលវេលាដែលពលរដ្ឋទាំងនោះត្រឡប់មកលំនៅដ្ឋានវិញ។ ប៉ុន្តែសម្រាប់ លោក ធីម បែរខំប្រឹងឡើងភ្នំ ដើម្បីមកមើលថ្ងៃរៀបលិច នៅលើកំពូលភ្នំព្រះម្នាក់ឯងទៅវិញ។ សកម្មភាពទាំងនេះ បានក្លាយជាទម្លាប់អស់រយៈពេលជាង ២០ឆ្នាំរបស់លោក។
អ្នកដើរព្រៃរូបនេះ ពន្យល់ដូច្នេះ៖ «ការងារជាអ្នករកផ្កា ក្នុងព្រៃមិនសូវបានប្រាក់ចំណូលច្រើននោះទេ។ ណាមួយកាលនោះ ខ្ញុំមិនដឹងត្រូវទៅធ្វើការងារអ្វី ហើយចំណូលមកបានគ្រាន់តែយកមកផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះ»។

ការបោះតង់លើកំពូលភ្នំព្រះ
 
តាមរយៈបទពិសោធឡើងភ្នំ និងយល់ដឹងពីទីតាំងភូមិសាស្រ្ត ធ្វើឱ្យលោក សាវ ធីម មានគំនិតចង់ធ្វើជាអ្នកនាំផ្លូវភ្ញៀវទេសចរ មកលំហែកាយនៅលើកំពូលភ្នំព្រះនេះ។ និយាយដល់ភ្នំព្រះ គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយម សម្បូរទៅដោយទីកន្លែងធម្មជាតិស្អាតៗ មានព្រៃព្រឹក្សា ជួរភ្នំ និងជ្រលងភ្នំ ទឹកជ្រោះធ្លាក់ពីលើភ្នំ រួមទាំងរុក្ខជាតិយ៉ាងសម្បូរបែប។ ទីតាំងនេះ ភ្ញៀវអាចបោះតង់ សម្រាកលំហែកាយ និងស្រូបយកខ្យល់អាកាសបានយ៉ាងសប្បាយរីករាយ ក្រោយពីដើរឡើងភ្នំ អស់ជាច្រើនម៉ោង។
 
លោក សាវ ធីម បានចាប់ផ្តើមនាំភ្ញៀវឡើងភ្នំដំបូងនៅដើមឆ្នាំ២០១៩ ហើយក៏ក្លាយជាប្រធានសហគមន៍ទេសចរណ៍ភ្នំព្រះផងដែរ។ តំបន់ទេសចរណ៍ភ្នំព្រះ ត្រូវបានភ្ញៀវទេសចរដែលធ្លាប់ឡើងទៅទីនោះ ជួយផ្សព្វផ្សាយបន្តនៅលើបណ្តាញសង្គមជាច្រើន ដើម្បីឱ្យភ្ញៀវផ្សេង មកកាន់ទីនេះ។
 
វត្តមានរបស់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅសហគមន៍ភ្នំព្រះ បានផ្តល់ចំណូលបន្ថែមដល់ប្រជាសហគមន៍។ ក្រោយពីមានវត្តមានទេសចរទៅកម្សាន្តនៅទីនោះកាន់តែច្រើន ប្រជាសហគមន៍ ក៏បាននាំគ្នាចូលរួមការពារ អភិរក្សព្រៃឈើ និងបរិស្ថាន នៅតំបន់នោះកាន់តែប្រសើរឡើងដែរ។

ក្រុមឡើងភ្នំ និងទេសចរ កំពុងសម្រាក
 
ចាប់ពីដើមឆ្នាំ២០២២ ដល់បច្ចុប្បន្ន សហគមន៍ទទួលបានភ្ញៀវចំនួន ៨៣៩នាក់។ ចំនួននេះ លោក សាវ ធីម ចាត់ទុកថាកើនឡើង ដោយសារខាងសហគមន៍ ក៏ទើបតែចាប់ផ្តើមទទួលភ្ញៀវទេសចរផងដែរ។ ទេសចរដែលមកលេងភ្នំព្រះ ភាគច្រើនមកពីរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀត ដែលចាប់ផ្តើមមកនៅ ខែវិច្ឆិកា ខែធ្នូ និងរដូវប្រាំង ជាពិសេសក្នុងថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាក។ ដោយឡែក នៅរដូវវស្សា ទឹកជន់ ផ្លូវឡើងទៅកាន់ភ្នំព្រះត្រូវបិទ ដោយសារផ្លូវរអិល អាចមានគ្រោះថ្នាក់ជាដើម។
 
«ជាធម្មតាខ្ញុំស្ពាយ សម្ភារភ្ញៀវត្រឹម ១៦គីឡូប៉ុណ្ណោះ ប៉ុន្តែពេលខ្លះមានរហូតដល់ ២០ទៅ៣០គីឡូក៏មាន ពេលឡើងភ្នំម្តងៗ។ មិនដឹងជាត្រូវធ្វើយ៉ាងម៉េច បើស្រឡាញ់របរនេះទៅហើយ អ៊ីចឹងត្រូវតែខំប្រឹង»។ នេះជាការលើកឡើងរបស់លោក ធីម ដោយបន្តថាលោកតែងកៀរគរពលរដ្ឋ និងអ្នកដែលធ្លាប់ជូនភ្ញៀវឡើងភ្នំមកពីកន្លែងផ្សេងគ្នា ដើម្បីប្រមូលផ្តុំ នៅពេលមានទេសចរច្រើនមកកម្សាន្តនៅទីនេះ។
 
បច្ចុប្បន្ន  សហគមន៍នេះ នៅមិនទាន់មានគណៈកម្មការសម្របសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរនៅឡើយ ខណៈចំណេះដឹងរបស់សហគមន៍ក៏នៅមានកម្រិតទាក់ទងនឹង ការធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរ។ លោក សាវ ធីម អះអាងថា សហគមន៍កំពុងព្យាយាមពង្រឹងសមត្ថភាពប្រជាសហគមន៍ និងមគ្គុទេ្ទសក៍ទេសចរណ៍ ទាក់ទងនឹងការផ្តល់សេវាស្នាក់នៅ និងម្ហូបអាហារដល់អ្នកទេសចរ៕


ផ្លូវឡើងទៅកំពូលភ្នំព្រះ។ រូបភាពពីលោក សាវ ធីម


ភ្នំព្រះ ស្រុកវាលវែង ខេត្តពោធិ៍សាត់

 

Tag:
 ទេសចរណ៍
  លោក សាវ ធីម
 មគ្គុទេ្ទសក៍
© រក្សាសិទ្ធិដោយ thmeythmey.com