ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សិស្សរចនាក្រចកដៃ១៨រូប ឈ្នះពាន Health & Beauty World Champion 2022 នៅថៃ
04, Sep 2022 , 7:59 pm        
រូបភាព
អ្នកស្រី យី វួចជូ និងសិស្សទាំង១៨រូប ក្នុងថ្ងៃទទួលពាន នៅប្រទេសថៃ នាពេលថ្មីៗនេះ
អ្នកស្រី យី វួចជូ និងសិស្សទាំង១៨រូប ក្នុងថ្ងៃទទួលពាន នៅប្រទេសថៃ នាពេលថ្មីៗនេះ
ដោយ៖ សុង សុធាវី 

ភ្នំពេញ៖ សិស្សរចនាក្រចកដៃជនជាតិខ្មែរ ១៨រូប បានឈ្នះពានរង្វាន់ Health & Beauty World Champion 2022 នៅប្រទេសថៃ ដែលមានបេក្ខជនមកពីប្រទេសមួយចំនួនរួមមាន ថៃ វៀតណាម កូរ៉េខាងត្បូង ហ្វីលីពីន និងកម្ពុជា។ អ្នកស្រី យី វួចជូ គណៈកម្មការមួយរូបតំណាងឱ្យកម្ពុជាដែលចូលរួមក្នុងកម្មវិធីនេះ បានលើកឡើងថា ពានរង្វាន់ទាំងនេះ បានបង្កប់ទៅដោយបច្ចេកទេសក្នុងការរចនាម៉ូត គំនិតថ្មី ប្លែក ក្នុងការកែច្នៃម៉ូត បច្ចេកទេសបញ្ចូលពណ៌ និងអត្ថន័យបង្កើតម៉ូតឱ្យត្រូវនឹង Concept របស់កម្មវិធី។


 
កាលពីថ្ងៃទី៣១ សីហាកន្លងទៅ អ្នកស្រី យី វួចជូ ម្ចាស់ហាង The Queen Nail និងជាគ្រូបង្វឹកផ្នែករចនាក្រចកដៃ បានក្លាយជាគណៈកម្មការមួយរូបតំណាងឱ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Health & Beauty World Champion 2022។ អ្នកស្រី វួចជូ បានដឹកនាំសិស្សចំនួន១៨រូបពីកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងនៅប្រទេសថៃ ជាលទ្ធផលគឺទទួលបានពានទាំងអស់គ្នា។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈតេឡេក្រាម គ្រូបង្វឹកផ្នែករចនាក្រចករូបនេះ រៀបរាប់ថា៖ «កម្មវិធីប្រកួតទាំងមូលទាមទារឱ្យមានការផ្ចិតផ្ទង់ ទាំងបច្ចេកទេសនៃការរចនាម៉ូត គំនិតថ្មីប្លែក ក្នុងការកែច្នៃម៉ូត បច្ចេកទេបញ្ចូលពណ៌ក្រចក និងអត្ថន័យនៃការបង្កើតម៉ូតឱ្យត្រូវនឹង Concept របស់កម្មវិធីជាចាំបាច់»។
 
ម្ចាស់ពានរង្វាន់ធ្លាប់ឈ្នះជិត២០ការប្រកួតលក្ខណៈអន្តរជាតិ លើជំនាញរចនាក្រចកដៃ អ្នកស្រី យី រួចជូបន្តថា ការប្រកួតនេះ បេក្ខជនទាំង១៨រូប ត្រូវដាក់ពាក្យជាមុន រួមត្រូវទៅចូលរួមប្រកួតនៅប្រទេសថៃ។ កម្មវីធីខាងលើនេះ នឹងផ្តល់ជូនវិញ្ញាសាទៅកាន់បេក្ខជនទាំងអស់ បន្ទាប់មកពួកគេចាប់ផ្តើមប្រកួតទៅតាមជំនាញ ទេពកោសល្យ និងសមត្ថភាពរៀងៗខ្លួន។ ក្រោយមក បេក្ខជនត្រូវយកសមិទ្ធផលស្នាដៃរបស់ខ្លួនដែលធ្វើរួចទៅដាក់នៅលើតុ ដើម្បីបង្ហាញជូនទៅកាន់គណៈកម្មការក្នុងការវិនិច្ឆ័យដាក់ពិន្ទុ ដែលការដាក់ពិន្ទុនេះផ្តល់ឱ្យចន្លោះពី ៨០ ទៅ ១០០ ពិន្ទុ។


អ្នកស្រី យី រួចជូ ជាគណៈកម្មការតំណាងឱ្យកម្ពុជា និងគណៈកម្មការមកពីប្រទេសផ្សេងទៀត
 
បើតាមគ្រូបង្វឹកផ្នែករចនាក្រចក យី វួចជូ សិស្សទាំង១៨រូបពីកម្ពុជា ដែលទទួលបានពានរង្វាន់ក្នុងការប្រកួត Health & Beauty World Champion 2022 រួមមាន៖ លី លាងង៉ីម, កែវ ធារី, សាមុត កញ្ញា, អែលស្គុកទិមា លីណា កង, តាំង មុយសៀង, ព្រៀង គឹមលាង, ជួង ពិសី, សិរី លក្ខិណា, មោង ប៊ុនថង, អុល ស្រីនិច, លាង ស្រស់, យន់ ឈុនហ័រ, សុះ  អាមីរ៉ា, សាន ស្រីណា, ឈុយ កក្កដា, សេង ស្រីប៉ាវ, តាំង ចរិយា និងក្រុដ សាវ៉េត។
 
ស្រ្តីដែលមានស្រុកកំណើតមកពីខេត្តសៀមរាបរូបនេះ បានបង្ហាញពីអារម្មណ៍រំភើបដូច្នេះ៖ «យើងទាំងអស់គ្នាមានមោទកភាពដែលបានលើកទង់ជាតិរបស់ខ្មែរយើងនៅលើឆាកអន្តរជាតិ ហើយអារម្មណ៍ជាគ្រូគ្មានអ្វីរំភើបជាងឃើញសិស្សរបស់ខ្លួនទទួលបានលទ្ធផលល្អនោះទេ។ ទាំងនេះគឺជាជំហានសម្រាប់ពួកយើងក្នុងការតស៊ូទៅមុខទៀត មិនសម្រាប់តែខ្លួនយើង តែសម្រាប់កម្ពុជាទាំងមូល»។
 
ដោយឆ្លងកាត់បទពិសោធន៍ក្នុងការប្រកួតជំនាញរចនាក្រចកនេះជិត១០ឆ្នាំ និងមានអាជីវកម្មផ្ទាល់ខ្លួនផងនោះ អ្នកស្រី យី វួចជូ បានបង្ហាញពីសក្តានុពលដ៏ខ្លាំងក្លានៃជំនាញរចនាក្រចក ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ គ្រូបង្វឹករូបនេះ ក៏បានលើកទឹកចិត្តដល់យុវជនខ្មែរដែលស្រឡាញ់ជំនាញខាងលើពិតប្រាកដ ឱ្យដាក់ចិត្តមុតមាំក្នុងការរៀនសូត្រ ហ្វឹកហាត់ដោយខ្លួនឯង នៅពេលកាលៈទេសៈហុចឱ្យគឺពួកគេមានទាំងឱកាស និងសមត្ថភាព ដើម្បីកិត្តិយសខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូលនៅលើឆាកអន្តរជាតិ៕
 
 

Tag:
 ក្រចក
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com