ជាតិ
លោក វេង សាខុន ជំរុញឱ្យវិនិយោគិនតួកគី ពិនិត្យលទ្ធភាពបោះទុនលើវិស័យកសិកម្មនៅកម្ពុជា
09, Sep 2022 , 7:59 pm        
រូបភាព
ដោយ៖ ញឹក ស្រីល័ក្ខ

ភ្នំពេញ៖ ក្នុង​ជំនួបជាមួយលោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា កាលពី​ថ្ងៃទី​៧ កញ្ញា លោក វេង សាខុន ចង់ឱ្យវិនិយោគិនតួកគី ពិនិត្យលទ្ធភាពមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះ រដ្ឋមន្រ្តីកសិកម្ម ក៏​បានស្នើឱ្យឯកអគ្គរដ្ឋទូតតួកគីថ្មី ជួយជំរុញការអនុវត្តការងារក្នុងឯកសារអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៨។



វិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់វិស័យកសិកម្ម, បញ្ហាសន្តិសុខស្បៀងនៅទូទាំងពិភពលោក បណ្តាលមកពីការប្រែប្រួលអាកាសធាតុ កូវីដ-១៩ និងវិបត្តិសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន, ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា, ការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់ស្រ្តីក្នុងវិស័យកសិកម្ម, ការបញ្ជូននិស្សិត និងមន្រ្តីជំនាញទៅធ្វើកម្មសិក្សា និងទស្សនកិច្ចសិក្សានៅប្រទេសតួកគី។ ទាំងនេះ ជា​ប្រធាន​បទ​នៅ​ក្នុង​ជំនួប​រវាង​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា។


រូបភាពពីហ្វេសប៊ុកលោក វេង សាខុន។

នាជំនួប​ដែល​ប្រព្រឹត្តទៅនៅ​ស្ដីការក្រសួង​កសិកម្ម នៅរាជធានីភ្នំពេញ​ លោក វេង សាខុន បាន​រៀបរាប់ ជូន​លោកស្រី Ulku Kocaefe ថា៖«សក្តានុពលកសិកម្មកម្ពុជា មិនគ្រាន់តែផលិតបានគ្រប់គ្រាន់ និងលើសពីតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ ប៉ុន្តែសក្តានុពលនៃផលិតកម្មកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិត ទាមទារឲ្យមានការចូលរួម និងគាំទ្រពីដៃគូអភិវឌ្ឍន៍ ពិសេសវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស»។
ជុំវិញការ​លើក​ឡើងខាង​លើ លោក វេង​ សាខុន ក៏បាន​បើក​ទ្វា​ស្វាគមន៍វិនិយោគិនតួកគី ដើម្បីពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្មកម្ពុជានាពេលអនាគត។ ទន្ទឹមនឹង​នេះ រដ្ឋមន្រ្តី​កសិកម្ម​កម្ពុជា ក៏ស្នើដល់​លោកស្រី Ulku Kocaefe ជួយ​ជំរុញការអនុវត្តការងារដែលបានចែងក្នុងឯកសារអនុស្សារណៈនៃការយោគយល់គ្នាដែលចុះហត្ថលេខាតាំងពីឆ្នាំ២០១៨ ដើម្បីចាប់ផ្តើមអនុវត្ត ផ្លាស់ប្តូរ ចែករំលែកបទ ពិសោធន៍ចំណេះដឹងលើការធ្វើទំនើបកម្មកសិកម្ម និង​អភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា។ 


លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពីហ្វេសប៊ុកលោក វេង សាខុន

លោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា សន្យានឹងជំរុញ និងគាំទ្រឲ្យកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរចាប់ផ្តើមដំណើរការដើម្បីឈានទៅសម្រេចបានផ្លែផ្កាតាមការរំពឹងទុក។ ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត បញ្ជាក់ថា ភាគីត្រូវខិតខំប្រឹងប្រែងចាប់ផ្តើមអនុវត្ត MOU ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨ ដោយ​​ភាគីទាំងពីរអាចរៀបចំកិច្ចប្រជុំតាមអនឡាញមួយជំហានដំបូងជាមួយក្រុមការងារជំនាញនៃក្រសួងទាំងពីរ៕​
 

Tag:
 កសិកម្ម
  វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com