ជាតិ
នាយកដ្ឋានស្តង់ដា និង កម្មវិធីអភិវឌ្ឍន៍ជំនាញ ជំរុញការបង្រៀនតាមបែបផែនថ្មី ក្នុងខេត្តគោលដៅ
10, Sep 2022 , 11:59 am        
រូបភាព
ភ្នំពេញ៖ នាយកដ្ឋានស្តង់ដានិងកម្មវិធីសិក្សា នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាល បច្ចេក​ទេស និងវិជ្ជាជីវៈ គាំទ្រដោយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)  ដែលជាគម្រោងរបស់ទីភ្នាក់ងារស្វីលសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បានបណ្ដុះបណ្ដាលជំនាញគរុកោសល្យបង្រៀនតាមអនឡាញដល់សិក្ខាកាមចំនួន៤០នាក់ នៅខេត្តគោលដៅចំនួន៥ រួមមានព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។


 
ដើម្បីផ្ដល់ការអប់រំឱ្យកាន់តែមានប្រសិទ្ធភាពទៀតនោះ កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) បានគាំទ្រដល់នាយកដ្ឋានស្តង់ដានិងកម្មវិធីសិក្សា នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាល បច្ចេក​ទេស និងវិជ្ជាជីវៈ ក្នុងការផ្តល់ជំនាញគរុកោសល្យបង្រៀនតាមអនឡាញបន្ថែមដល់ គ្រូបច្ចេកទេស ចំនូន៤០នាក់ ក្នុងគោលបំណងកសាងសមត្ថភាព និងផ្ដល់ភាពងាយស្រួលលើការបង្រៀនស្របតាមបរិបទកូវីដ-១៩។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃ២៥ដល់២៩ កក្កដា នៅរតនគិរី និង ថ្ងៃ១ដល់៥ សីហា នៅខេត្តមណ្ឌលគិរី ដោយមានគ្រូបង្គោលដែលឆ្លងកាត់ការបណ្ដុះបណ្ដាល និងទទួលស្គាល់ជំនាញពីអន្តរជាតិ។ 



អ្នកស្រី ស្ដើង សារ៉ាដាលីន ដែលជាគ្រូឧទ្ទេស បានលើកឡើងថា​  វគ្គបណ្ដុះបណ្ដាលនេះ បានបន្ថែមចំណេះដឹងលើជំនាញបង្រៀនតាមអនឡាញ ជាពិសេសក៏នឹងចូលរួមអភិវឌ្ឍចំណេះ ជំនាញឌីជីថល សម្រាប់សិក្ខាកាមដែលជាគ្រូបច្ចេកទេសមកពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលខេត្តគោលដៅទាំង៥ ។ 
 
បើតាម អ្នកស្រី ស្ដើង សារ៉ាដាលីន វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដល់ការបណ្ដុះបណ្ដាលលើបច្ចេកទេស ទម្រង់នៃការរៀនបែបចម្រុះ ការកំណត់លទ្ធផលសិក្សា ការស្វែងយល់ទម្រង់នៃការបង្រៀន ការរៀបចំកិច្ចតែងការក្នុងថ្នាក់អនឡាញ ការបង្កើតកម្រងសំនួរ និងការប្រើប្រាស់ទម្រង់ ​​Google Classroom, padlet, mentimeter, edomo, និងscreen recorder ជាដើម។
អ្នកស្រី ស្ដើង សារ៉ាដាលីន  បានរំពឹងថា វគ្គបណ្ដុះ​បណ្ដាលនេះ នឹងឆ្លើយតបតាមតម្រូវការបង្រៀនតាមសម័យឌីជីថលនៅខេត្តគោលដៅ កាន់តែមានគុណភាពជាងមុន។
 
គ្រូបង្គោលរូបនេះ អះអាងដូច្នេះ៖ «គាត់(សិក្ខាកាម) ជាគ្រូស្រាប់ទៅហើយ ប៉ុន្តែភាគច្រើនគឺគាត់ធ្វើទៅលើការបណ្ដុះបណ្ដាលផ្ទាល់ ហើយអនឡាញទើបតែចូលមកពេលកូវីដទេ។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឱ្យសិក្ខាកាមយល់ដឹងច្បាស់លាស់ ថាគរុកោសល្យបង្រៀនតាមអនឡាញ​ យើងប្រើប្រាស់សម្ភារៈឧបទេសអ្វីខ្លះ  យើងដើរតាមមេរៀនអ្វីខ្លះ ហើយគួរមានមេរៀនអ្វីខ្លះ ដើម្បីឱ្យថ្នាក់អនឡាញយើងសកម្ម»។  

អ្នកស្រី ស្ដើង សាដារ៉ាលីន គ្រូបង្គោល វគ្គបំប៉នសមត្ថភាពគ្រូក្នុងការរៀចំអភិវឌ្ឍន៍សម្ភារៈបង្រៀនតាមប្រព័ន្ធឌីជិថល នៅខេត្តរតនគិរី និង មណ្ឌលគិរី។ 

ក្នុងបរិបទនៃជំងឺកូវីដ-១៩ បែបផែននៃការបង្រៀនត្រូវបានផ្លាស់ប្ដូរមកតាមប្រព័ន្ធអនឡាញវិញ តែវិធីសាស្រ្តក្នុងការបង្រៀនពីចម្ងាយឬតាមអនឡាញ ហាក់មានកម្រិតនៅឡើយ។ លោក ហឿន សុភ័ក្ត ដែលជាសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលនៅរតនគីរី និងជាគ្រូផ្នែកព័ត៌មានវិទ្យា ទទួលស្គាល់ថា ការបង្រៀនតាមអនឡាញ ពិបាកជាងការបង្រៀនដោយផ្ទាល់ ជាពិសេសសិស្សក៏មិនសូវទទួលបានដូចពេលជួបគ្រូផ្ទាល់ឡើយ។ ការមិនទទួលបានចំណេះដូចរៀននឹងគ្រូផ្ទាល់ ដោយសារបញ្ហាអ៊ីនធឺណិត និងការកង្វះខាតគរុកោសល្យបង្រៀនអនឡាញរបស់គ្រូផង ដែលនាំឱ្យក្នុងថ្នាក់អនឡាញមិនសូវសកម្មដូចរៀនផ្ទាល់។ 
 
គ្រូបង្រៀនមកពីខេត្តស្ទឹងត្រែងលោក ហឿន សុភ័ក្ត  បន្ថែមថា ក្នុងរយៈពេល៥ថ្ងៃដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ  លោកទទួលបានចំណេះដឹងថ្មីៗជាច្រើន និងមានសារៈសំខាន់សម្រាប់ការបង្រៀនរបស់លោក។ 
 
លោក ហឿន សុភ័ក្ត និយាយទាំងសប្បាយចិត្តថា៖  «ខ្ញុំគិតថាវគ្គបណ្ដុះបណ្ដាលនេះល្អណាស់។​ កាលពីមុនខ្ញុំមិនសូវស្គាល់កម្មវិធីបង្រៀនច្រើន តែពេលចូលរៀនខ្ញុំបានដឹងពី ទម្រង់បង្រៀនថ្មីៗ ងាយស្រួលបង្រៀនដល់សិស្ស»។  
 
មិនខុសពី លោក ហឿន សុភ័ក្ត ឡើយ អ្នកស្រី សន សុខណា ដែលជាសិក្ខាកាម និងជាគ្រូនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលខេត្តព្រះវិហារ ក៏ពេញចិត្ត​ និងត្រេកអរក្រោយបានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញគរុកោសល្យបង្រៀនអនឡាញ។​ បើតាមអ្នកស្រី សុខណា ទោះបីជា កូវីដហាក់ធូរស្រាលក្ដី តែការបង្រៀនតាមអនឡាញនៅតែជាតម្រូវការនៅតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលខេត្តគោលដៅ។ លើសពីនេះ វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយជួយអភិវឌ្ឍការបង្រៀនតាមអនឡាញកាន់តែមានប្រសិទ្ធភាពខ្ពស់។ 
 
អ្នកស្រី សន សុខណា អះអាងថា ក្រោយរៀនចប់ អ្នកស្រីនឹងយកចំណេះដឹងដ៏ថ្មីនេះ ទៅចែករំលែកដល់គ្រូ និងក្រុមការងារ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដលរបស់ខ្លួន  ដើម្បីអនុវត្តការបង្រៀនកាន់តែមានប្រសើរជាងមុន។ 
 
គួរជម្រាបថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការ យ៉ាងជិតស្និទជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងការបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈក្នុងវិស័យផ្សេងៗផងដែរ៕​
 

Tag:
 កម្មវិធីអភិវឌ្ឍន៍ជំនាញ
  Swisscontact
© រក្សាសិទ្ធិដោយ thmeythmey.com