ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ វិទ្យាល័យស្ទឹងសែន ចង់បង្កើតកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន ដើម្បីផ្ដល់ជំនាញទន់ដល់សិស្ស
10, Sep 2022 , 2:14 pm        
រូបភាព
ដោយ៖ ឈី សុភ័ក្រ (យុវជនឃុំស្រយ៉ូវ)

ក្រុងស្ទឹងសែន,កំពង់ធំ៖ វិទ្យាល័យស្ទឹងសែន ដែលស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចង់បង្កើតកម្មវិធីបំណិនជីវិតតាមមូលដ្ឋានដល់សិស្ស ដែលផ្ដោតសំខាន់លើជំនាញកសិកម្ម រោងជាង កុំព្យូទ័រ និងសិល្បៈ។ ការធ្វើបែបនេះ ក្នុងគោលបំណង ផ្ដល់ជំនាញទន់ដល់សិស្សដែលបាន ឬមិនបានបន្តការសិក្សានៅមហាវិទ្យាល័យ អាចយកជំនាញទាំងនោះ អនុវត្តលើការងារ និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

 
 
កម្មវិធីបំណិនជីវិតនេះ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងសមត្ថភាពចិត្តសង្គម និងជំនាញ វិជ្ជាវៈរបស់យុវជន ដើម្បីប្រជែងនឹងតម្រូវការសម្រាប់បរិបទតំបន់ និងសាកលភាវូបនីយកម្ម។ បំណិនជីវិត ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ជាតិសម្រាប់ថ្នាក់អនុវិទ្យាល័យ។
 
លោក ធន ធុង នាយកវិទ្យាល័យស្ទឹងសែន បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ សិស្សដែលមកទទួលសេវាអប់រំ នៅវិទ្យាល័យស្ទឹងសែន បានកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង នៅឆ្នាំ២០២២នេះ វិទ្យាល័យស្ថិតក្នុងទីរួមខេត្តកំពង់ធំមួយនេះ ទទួលបានសិស្សប្រមាណ១៤០០នាក់ ក្នុងនោះមួយចំនួនមានជីភាពលំបាក។ 


 លោក ធន ធុង នាយកវិទ្យាល័យស្ទឹងសែន 

ហេតុនេះ លោក ចង់បង្កើតកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន ដល់សិស្សកម្រិតវិទ្យាល័យ ដែលផ្ដោតសំខាន់លើជំនាញកសិកម្ម ផ្សារដែក ជុលជុលម៉ូតូ កុំព្យូទ័រ និងសិល្បៈ ដើម្បីផ្ដល់ជំនាញទន់ច្បាស់លាស់មួយ ដល់សិស្សានុសិស្ស ដែលមាន ឬគ្មានលទ្ធភាពរៀនបន្តនៅថ្នាក់ឧត្តមសិក្សា អាចយកជំនាញនេះទៅប្រកបការងារ និងរៀនសូត្របន្ថែមបាន។ 
 
លោក ធន ធុង ប្រាប់ដូច្នេះថា៖ «ក្មេងដែលមករៀននៅទីនេះ ទាំងជាង១ពាន់នាក់ ពួកគាត់មិនមែនបានទៅរៀនមហាវិទ្យាល័យទាំងអស់នោះទេ ហើយក៏មិនបានធ្វើការងារមន្រ្តីរាជការទាំងអស់ដែរ។ អ៊ីចឹង កម្មវិធីបំណិនជីវិតតាមមូលដ្ឋានហ្នឹង បើអាចឱ្យគាត់(សិស្ស) ចេះច្បាស់ល្អណាស់ ព្រោះនៅពេលគាត់ឈប់រៀនត្រឹមថ្នាក់ទី៩ ឬ១០ ហើយបែកទៅរស់នៅជាមួយគ្រួសារ គឺគាត់ចេះជំនាញទន់ ដែលយើងបង្រៀនហ្នឹង ទៅរកស៊ីបាន»។ 
 
នាយកវិទ្យាល័យរូបនេះ ក៏បានលើកឡើងពីផលពិបាកមួយចំនួន ដែលសាលាមិនអាចបង្កើតកម្មវិធីសិក្សានេះតាមផែនការ ដោយសារមិនទាន់មានធនធានគ្រូជំនាញ និងឯកទេស សម្រាប់បង្រៀនមុខវិជ្ជាបំណិនជីវិត ឱ្យបានច្បាស់លាស់។ លោក ធន ធុង បានបញ្ជាក់ថា  សព្វថ្ងៃសិស្សរៀនបានត្រឹមតែការដាំដុះបន្លែ ដូចកសិករធម្មតាប៉ុណ្ណោះ ខណៈគោលដៅរបស់លោក ចង់ឱ្យសិស្សទាំងនោះ មានជំនាញពិតប្រាកដ រួមទាំង សិល្បៈ រោងជោង កុំព្យូទ័រជាដើម។ 
 
ប្រសិនបើ សិស្សក្នុងកម្រិតធម្យមសិក្សា មិនទទួលបានចំណេះ ឬជំនាញទន់នេះទេ នឹងអាចបង្កជាផលលំបាកដល់ការសិក្សាបន្ត ជាពិសេសការប្រកបមុខរបររកស៊ី។ ដូច្នេះ លោក ស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសក្រសួងអប់រំ  រួមគ្នាសហការជួយបង្ហាត់បង្រៀនសិស្ស តាមជំនាញនីមួយៗ ឱ្យបានច្បាស់លាស់។ 
លោក ធន ធុង ប្រាប់ដូច្នេះថា៖ «ជំនាញទាំងអស់នេះ(បំណិនជីវិត) គេគិតជាមុខវិជ្ជាមិនសូវចាំបាច់ តែក្នុងជីវភាពសង្គម គឺចាំបាច់ណាស់។ ឥឡូវនេះ គ្រូកសិកម្ម គាត់បង្រៀនមិនបានដិតដល់ទេ។ អ៊ីចឹង គាត់មិនមានចំណេះដឹងច្បាស់ ទៅការចិញ្ចឹមត្រី បណ្ដុះផ្សិត គឺមិនមានទេ។ អ៊ីចឹង ខ្ញុំចង់បានថា ដល់ម៉ោងកសិកម្ម ឱ្យមន្ទីរកសិកម្មសហការ។ ឯម៉ោងសិល្បៈ ឱ្យមន្ទីរ (វប្បធម៌ និងវិចិត្រសិល្បៈ) សិល្បៈ សហការ។ ម៉ោងផ្សារដែក ឱ្យជាងសហការ ជួយបង្រៀន»៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុបនិង ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាម រយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 អប់រំ
  វិទ្យាល័យស្ទឹងសែន
  ធន ធុង
© រក្សាសិទ្ធិដោយ thmeythmey.com