ជាតិ
ឧត្តរមានជ័យ បាត់ដំបង​ ពោធិ៍សាត់ កណ្ដាល និងកំពង់ធំ នឹងរៀបចំពិធីបុណ្យអុំទូក
10, Sep 2022 , 4:29 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ខេត្តចំនួន៥ នឹងរៀបចំពិធីបុណ្យអុំទូកតាមខេត្តរៀងៗខ្លួន។ ក្នុងនោះមានខេត្តឧត្តរមានជ័យ រៀបចំការប្រណាំងទូកង នៅថ្ងៃទី១ និងទី២,ពោធិ៍សាត់នៅថ្ងៃទី១៦ ដល់ទី១៨,កណ្ដាលចាប់ពីថ្ងៃទី២២ និងទី២៣ ខែតុលា។ ចំណែកឯខេត្តបាត់ដំបង និងកំពង់ធំ នឹងធ្វើនៅថ្ងៃទី៩ និងទី១០ ខែតុលាដូចគ្នា។


 
រដ្ឋបាលខេត្តទាំង៥ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំពិធីបុណ្យអុំទូកតាមខេត្តរៀងៗខ្លួន ក្រោយការអនុញ្ញាតរបស់រដ្ឋាភិបាល នៅថ្ងៃទី៩ ខែកញ្ញា។ ខេត្តឧត្តរមានជ័យ នឹងរៀបចំការប្រណាំងទូកង រយៈពេល២ថ្ងៃ គឺថ្ងៃទី១ និងទី២ ខែតុលា នៅបឹងស្នោរ បរិវេណសួនច្បារផ្លូវភ្លោះមុខសាលាខេត្តឧត្តរមានជ័យ។ ក្រៅពីការប្រណាំងទូកង នៅទីតាំងនោះ ក៏មានការដាក់តាំងពិព័រណ៍ផលិតផលនានា ការប្រគុំតន្រ្តី និងលេងល្បែងកម្សាន្តផងដែរ។
 
ចំណែកឯខេត្តពោធិ៍សាត់ នឹងរៀបចំការប្រណាំងទូកង រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៦ ដល់ទី១៨ ខែតុលា នៅបុរីវប្បធម៌សំពៅមាស។ លើសពីនេះ ក៏មានការតាំងពិព័រណ៍សមិទ្ធផលភូមិមួយផលិតផលមួយ ការប្រគុំតន្ត្រីសម័យ ផ្ទាំងទស្សនីយភាពសិល្បៈ និងការបាញ់កាំជ្រួច។
 
រីឯខេត្តកណ្ដាល នឹងរៀបចំការប្រណាំងទូកង នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល២ថ្ងៃ គឺថ្ងៃទី២២ និងទី២៣ ខែតុលា។ ក្រៅពីនោះ ក៏មានការប្រគុំតន្រ្តីរបស់សមាគមសិល្បៈករខ្មែរ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងបាញ់កាំជ្រួចនារាត្រីចុងក្រោយផងដែរ។
 
ដោយឡែកខេត្តបាត់ដំបង និងកំពង់ធំ នឹងរៀបចំពិធីប្រណាំងទូកង រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៩ និងទី១០ ខែតុលាដូចគ្នា។ ខេត្តបាត់ដំបង នឹងធ្វើនៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ចាប់ពីចំណុចស្ពានសម្ដេចក្រឡាហោម ស ខេង រហូតដល់ស្ពានថ្មី ដោយមានការតាំងពិព័រណ៍ផលិតផល ការប្រគុំតន្រ្តី បាញ់កាំជ្រួច និងបង្ហោះគោមជាដើម។ ចំពោះខេត្តកំពង់ធំ នឹងរៀបចំនៅទីរួមខេត្តកំពង់ធំ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តទាំង៥ បានអំពាវនាវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិផងដែរ។ 
សូមបញ្ជាក់ថា រដ្ឋាភិបាលប្រកាសផ្អាក ការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅថ្នាក់ជាតិ ដែលត្រូវប្រពឹត្តទៅ ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ តែយ៉ាងណារដ្ឋាភិបាល នៅតែអនុញ្ញាតឲ្យមានការៀបចំពិធីបុណ្យអុំទូកនេះ នៅតាមបណ្តារាជធានី-ខេត្ត ទៅតាមលទ្ធភាពជាក់ស្តែងនៃរាជធានី-ខេត្តនីមួយៗ៕
 

Tag:
 អុំទូក
 ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com