ជាតិ
ប័ណ្ណអនុញ្ញាតជនបរទេសចូលរមណីយដ្ឋានអង្គរ ប្រើប្រាស់ទម្រង់ឌីជីថល មិនមែនក្រដាស A4 ឡើយ
13, Sep 2022 , 10:59 pm        
រូបភាព
លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានអះអាងថា ប័ណ្ណអនុញ្ញាតជនជាតិបរទេសនៅកម្ពុជា ចូលទស្សនារមណីយដ្ឋានអង្គរ សម្រេចឱ្យស្នើសុំ និងប្រើប្រាស់តាមទម្រង់ឌីជីថល មិនមែនព្រីនក្រដាសធម្មតា (ក្រដាសA4) សម្រាប់ឱ្យប្រើប្រាស់ឡើយ។



ថ្មីៗនេះ ជនជាតិបរទេសនៅកម្ពុជា ដែលបានស្នើសុំលិខិតអនុញ្ញាតចូលទស្សនារមណីយដ្ឋានអង្គរ បានរិះគន់ចំពោះលិខិតអនុញ្ញាតនោះថា ប្រើក្រដាស A4 សម្រាប់ប័ណ្ណផ្លូវការបែបនេះ។ តែយ៉ាងណា គ្រឹះស្ថានអង្គរ បដិសេដចំពោះការរិះគន់នោះ ដ្បិតមានការយល់ច្រឡំណាមួយប៉ុណ្ណោះ។
 
លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ប្រាប់សារព័ត៌មានថ្មីៗថា៖«មានអ្នកខ្លះប្រហែលគាត់មិនយល់ គាត់ក៏មកយក ប៉ុន្តែយើងអត់មានអីឱ្យគាត់ទេ គ្រាន់តែពន្យល់ និងយើងព្រីនក្រដាសបង្ហាញគាត់។ ជារួមទាំងការស្នើសុំ និងប័ណ្ណអនុញ្ញាតចូលអង្គរជាទម្រង់ប្រើប្រាស់ទម្រង់ឌីជីថល អនឡាញ»។ លោកបន្តថា ប័ណ្ណអនុញ្ញាតនេះ នឹងផ្ញើជូនតាមរយៈអ៊ីម៉ែល ដូច្នេះជនជាតិបរទេសទាំងអស់អាចស្គែនក្នុងទូរសព្ទ សម្រាប់ប្រើប្រាស់រយៈពេលមួយឆ្នាំ។
 
ទន្ទឹមនឹងនេះ លោក លី សែ ពន្យល់បន្ថែមពីដំណើរការស្នើសុំប័ណ្ណអនុញ្ញាតថា ជនជាតិបរទេស ត្រូវមានលិខិតឆ្លងដែនថតចម្លងមួយច្បាប់ និងលិខិតបញ្ជាក់ការស្នាក់នៅក្នុងប្រទេសកម្ពុជា ចាប់ពី២ឆ្នាំឡើងទៅ១ច្បាប់ រួមទាំងរូបថត៤គុណ៦ មួយសន្លឹកផងដែរ។ ការស្នើសុំនេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ ដើម្បីផ្ដល់ភាពងាយស្រួល និងមិនចំណាយថវិកាឡើយ។ លោកបញ្ជាក់ថា រយៈពេលជាង១០ថ្ងៃនេះ មានជនជាតិបរទេសជិត១ពាន់បានស្នើសុំលិខិតអនុញ្ញាតនេះ៕
 

Tag:
 រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com