ជាតិ
បទសម្ភាសន៍
លោក ឆាយ បូរ៉ា រំលេចគុណតម្លៃគ្រូបង្រៀន ក្នុងវណ្ណកម្មថ្មីរឿង «លោកគ្រូប្រពន្ធល្អ»
16, Sep 2022 , 2:39 pm        
រូបភាព
លោក ឆាយ បូរ៉ា ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ
លោក ឆាយ បូរ៉ា ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ ភាពយន្តខ្មែររឿង «លោកគ្រូប្រពន្ធល្អ» របស់ចាងហ្វាងផលិតកម្មដើមត្នោត ត្រៀមចាក់បញ្ចាំងថ្ងៃទី៥ ខែតុលា ខាងមុខនេះហើយ ដែលជាស្នាដៃនិពន្ធរបស់លោក លោក ឆាយ បូរ៉ា។ អតីតប្រធានសមាគមភាពយន្តខ្មែររូបនេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ថា លោកផលិតរឿងនេះឡើង ព្រោះចង់បង្ហាញពីឧត្តមគតិរបស់គ្រូបង្រៀនផ្នែកអក្សរសាស្រ្តខ្មែរជំនាន់ដើម ទោះបីជាមានជីវភាពមិនសូវធូរធារ តែពួកគាត់ប្រឹងប្រែងផ្តល់ចំណេះដឹងទៅកាន់សិស្ស និងបំពេញសុភមង្គលឱ្យក្រុមគ្រួសារ និងផ្តល់អនាគតល្អទៅកាន់កូនៗផងដែរ។

 
វណ្ណកម្មថ្មី និងជាចំណីចក្ខុរឿង «លោកគ្រូប្រពន្ធល្អ» របស់លោក ឆាយ បូរ៉ា ចាងហ្វាងផលិតកម្មដើមត្នោត ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ ក្រោយឆ្លងកាត់ការផលិតជិត២ឆ្នាំកន្លងមក ។ បើតាមអតីតប្រធានសមាគមភាពយន្តខ្មែររូបនេះ រឿងលោកគ្រូប្រពន្ធ នេះ ចង់រំលេចគុណតម្លៃគ្រូបង្រៀននៅក្នុងកម្រិតវិទ្យាល័យ ពិសេសមុខវិទ្យាអក្សរសាស្រ្តខ្មែរ។ ក្នុងសាច់រឿងនេះបង្ហាញឱ្យឃើញពីឆន្ទៈ តស៊ូបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ទោះបីមិនមានជីវភាពធូរធារខ្លាំង បើធៀបនឹងអាជីពផ្សេងក្តី តែពួកគាត់នៅតែប្រឹងញញឹម និងតែងផ្តល់ចំណេះដឹងដល់សិស្ស ។ 


លោក ឆាយ បូរ៉ា ចាងហ្វាងការផ្សាយ ផលិតកម្មដើមត្នោត
 
ដើម្បីកាន់តែលំអិត សូមលោក លោកស្រី អ្នកនាងកញ្ញា ស្តាប់បទសម្ភាសរវាង លោក ឆាយ បូរ៉ា ចាងហ្វាងផលិតកម្មដើមត្នោត  ជាមួយ កញ្ញា​ សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» 
នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖
 
 
បុរសវ័យប្រហែលជាង៥០ឆ្នាំរូបនេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗដោយគំនិតសុទិដ្ឋិនិយមដូច្នេះ៖ « យើងត្រូវតែជ្រើសរើសប្រធានបទនេះ និងនិយាយលំអិតពីជីវភាពគ្រូបង្រៀន ដែលឆ្លងកាត់សម័យមួយដ៏លំបាក តែគាត់តស៊ូលះបង់ ខ្លាំងមែនទែន។ គុណតម្លៃដែលយើងមិនអាចបំភ្លេចបានហើយយកជាគំរូនោះគឺ ទោះបីលោកគ្រូ អ្នកគ្រូ ដែលបង្រៀនមុខវិជ្ជា អក្សរសាស្រ្តខ្មែរ ភូមិវិទ្យា ដែលជាមុខវិទ្យាមិនអាចបង្រៀនគួរខាងក្រៅបាន តែយើងមើលឃើញពីជីវភាពរបស់ពួកគាត់ ហាក់នៅក្នុងសុភមង្គល ភាពសប្បាយរីករាយ។ ហើយការអប់រំក្នុងគ្រួសាទៀតសោតគឺពិតជាគំរូសម្រាប់ពលរដ្ឋខ្មែរទាំងអស់ ជាពិសេសកូនៗរបស់ពួកគាត់ ដែលភាគច្រើនបន្តការសិក្សារហូតដល់ចប់មហាវិទ្យាល័យ ហើយមានការងារធ្វើល្អៗ អ៊ីចឹង មានន័យថា ការអប់រំរបស់គាត់ក្នុងនាមជាគ្រូបង្រៀន ទៅដល់កូនចៅ ទៅដល់សិស្សគីពិតជាល្អមែនទែន»។
 
លោក ឆាយ បូរ៉ា ដែលជាអ្នកជំនាញក្នុងការផលិតខ្សែរភាពយន្តខ្មែរច្រើនរឿងកន្លងមក បានបន្ថែមថា វិស័យភាពយន្តក្នុងស្រុកទើបតែមានស្ថានភាពល្អឡើងវិញ ជិតមួយឆ្នាំចុងក្រោយនេះទេ បន្ទាប់ពីជាប់គាំងដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩ ។ 
 
ដ្បិតស្ថានភាពយន្តខ្មែរអាចងើបឡើងវិញ ក្រោយកូវីដ-១៩ ធូរស្រាលក្តី តែវិស័យនេះបច្ចុប្បន្ន ក៏ពិបាកដើរទៅមុខឱ្យបានលឿនដូចប្រទេសជិតខាងដែរ។ បញ្ហាទាំងនោះរួមមានទី ១. ទុន វិនិយោគ, ទី២ បច្ចេកទេស តែឃើញថាផលិតកម្មមួយចំនួនមានភាពប្រសើរច្រើនហើយ,  ៣. ទីផ្សារភាពយន្តខ្មែរនៅមិនទាន់មានភាពធំទូលាយដូចបណ្តាប្រទេសជិតខាងនៅឡើយ, ៤. ខ្វះការចូលរួមសហការពីរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ពោលគឺ យុទ្ធសាស្រ្តថ្នាក់ជាតិលើវិស័យភាពយន្ត។ នេះបើតាមលោក បូរ៉ា។
 
 
«យើងត្រូវការយុទ្ធសាស្រ្តថ្នាក់ជាតិលើវិស័យភាពយន្ត តែយើងមិនមានចក្ខុវិស័យ  ដែលគូសវាសពីស្ថាប័នពាក់ព័ន្ធទេ។ ក្រសួងសាម៉ី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអត់មាន គឺយើងដើរដោយខ្លួនឯង។ អ្នកណាដើរបានជោគជ័យ ក៏ដើរទៅមុខបានឆ្ងាយ ហើយរឹងមាំ តែអ្នកណាដើរទៅមុខមិនកើត ក៏ដួលងើបលែងរួច។ អ៊ីចឹងយើងស្តាយអ្នកដែលគ្នាដើរជិតដល់ហើយ បែជាដួល ហើយអ្នកទាំងនោះពិតជាត្រូវការការគាំទ្របន្តិចទៀតទៅ គាត់អាចទៅមុខបានហើយ»។ នេះជាការលើកឡើងរបស់លោក ឆាយ បូរ៉ា ចាងហ្វាងផលិតកម្មដើមត្នោត ៕
 
 
 
 
 

Tag:
 វិស័យសិល្បៈភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com