ជាតិ
ត្រីធម្មជាតិ កាន់តែធ្លាក់ចុះពីទន្លេ និងបឹងបួរ
17, Sep 2022 , 10:29 am        
រូបភាព
រូបភាពអ្នកនេសាទ ដោយគម្រោងWonders of the Mekong
រូបភាពអ្នកនេសាទ ដោយគម្រោងWonders of the Mekong
ដោយ:
ភ្នំពេញ៖ កត្តាអាកាសធាតុ របបទឹកជន់ នេសាទខុសច្បាប់ ការបំផ្លាញជម្រកមច្ឆជាតិ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ការចាក់លុបសមុទ្រ បឹងបួរ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិមាណត្រីនៅក្នុងធម្មជាតិ។ កត្តាទាំងនេះ កំពុងធ្វើឱ្យទិន្ធផលត្រីធម្មជាតិនៅក្នុងទន្លេ និងបឹងបួរ ធ្លាក់ចុះ។

 
ត្រីធម្មជាតិ អាចសម្បូរដោយរដូវ ឬអាស្រ័យតាមលទ្ធភាពនៃការបន្តពូជ និងស្ថានភាពរស់នៅ តាមរយៈទឹក រួមជាមួយចំណីនៅក្នុងទន្លេ បឹងបួរ។ ត្រីធម្មជាតិ ត្រូវការការពារជាចាំបាច់នៅរដូវពងកូន ដើម្បីមានលទ្ធភាពបង្កកំណើត។
 
គម្រោងអឆ្ឆរិយៈភាពទន្លេមេគង្គ បានបញ្ជាក់ថា រយៈពេលមួយទស្សវត្សចុងក្រោយនេះ អ្នកស្រាវជ្រាវសង្កេតឃើញថា ធនធានជលផលធម្មជាតិកម្ពុជា ថយចុះខ្លាំង។ បញ្ហានេះបានធ្វើឱ្យត្រីធម្មជាតិមិនអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនបានគ្រប់គ្រាន់ទេ។ 
 

 រូបភាពអ្នកនេសាទ ដោយគម្រោងWonders of the Mekong

ជាមួយគ្នានេះ កត្តាដែលធ្វើឱ្យធនធានជលផល ធ្លាក់ចុះអាចបណ្ដាលមកពី ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូររបបទឹកជន់ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការកាប់ឬដុតបំផ្លាញព្រៃលិចទឹកដែលជាជម្រកមច្ឆជាតិ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ការចាក់លុបសមុទ្រ បឹងបួរ។
 
ប្រទេសកម្ពុជា មានបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ទន្លេមេគង្គ ស្ទឹង បឹងបួរ។ កន្លងមក ត្រីធម្មជាតិ ត្រូវបានផ្គត់ផ្គង់ត្រីរាប់សែនតោន សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ ប៉ុន្តែបច្ចុប្បន្ន  ធនធានមួយចំនួនទៀតកំពុង រងគ្រោះ ឬអាចនៅសល់បរិមាណតិចតួចប៉ុណ្ណោះ។ 
 
កន្លងមកលោកស្រី ហួយ ស្រីនៅ មន្ត្រីនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម បានលើកឡើងថា ចំនួនត្រីធម្មជាតិកំពុងធ្លាក់ចុះ ដោយសារពលរដ្ឋភាគច្រើនមិនទាន់បានស្វែងយល់ និងថែរក្សាវត្តមានត្រីធម្មជាតិឡើយ។ទោះបីជា ប្រភេទត្រីនោះជាត្រីធម្មតា ត្រីជិតផុតពូជ ឬជាប្រភេទត្រីកម្រ។
 

រូបភាពអ្នកនេសាទ ដោយគម្រោងWonders of the Mekong

លោកស្រី ស្រីនៅ ថ្លែងដូច្នេះ៖ «ពលរដ្ឋយើងភាគច្រើន តែងគិតថាត្រីធម្មជាតិមានរសជាតិឆ្ងាញ់ជាងត្រីចិញ្ចឹម។ នេះហើយជាការជំរុញឱ្យមានការនេសាទ ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។ អ្វីដែលគួរឱ្យស្ដាយជាងនេះ គឺពលរដ្ឋខ្លះនិយមបរិភោគពងត្រី។ ទាំងនេះជាបញ្ហាធំបំផុត ដែលបណ្ដាលឱ្យចំនួនត្រីធ្លាក់ចុះ នៅក្នុងធម្មជាតិ»។ 
 
មន្ត្រីនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្មរូបនេះ បន្ថែមថា  បច្ចុប្បន្នចំនួនពូជត្រី ដែលអាចប្រមូលបានច្រើនជាងគេ ពីក្នុងធម្មជាតិ គឺត្រីប្រា ។   លោកស្រីក៏បានសំណូមពរឱ្យ ពលរដ្ឋទាំងអស់ជួយសហការជួយការពារ និងថែរក្សាប្រភេទត្រីទឹកសាបរបស់កម្ពុជា។ ជាពិសេសសូមកុំនេសាទនៅរដូវបិទនេសាទ ដែលជារដូវត្រីពង ដើម្បីអាចបង្កើនចំនួនត្រីនៅក្នុងធម្មជាតិឡើងវិញ។ 
 
វិស័យវារីវប្បកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ បង្កើនប្រាក់ចំណូល បង្កើនផលស្តុកធម្មជាតិ ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភជូនប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើពីភពលោក។ តាំងពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន តាមរយៈគម្រោង ក្រុមការងារប្រមូលកូនត្រីធម្មជាតិពីទន្លេមេគង្គមកថែបំប៉នក្នុងស្រះ ដោយមានការផ្តល់ចំណី ត្រួតពិនិត្យគុណភាពទឹក និងតាមដានការលូតលាស់យ៉ាងយកចិត្តទុកដាក់។ 
 
លោកស្រី ស្រីនៅ បញ្ជាក់ដូច្នេះ៖ «ត្រីទាំងនោះគឺយើងមានការបែងចែកតាមប្រភេទ តាមឆ្នាំ និងតាមស្រះបំប៉នដាច់ដោយឡែក ដើម្បីងាយស្រួលដឹងពីសាវតារបស់ត្រី»។ 
 
គម្រោងអឆ្ឆរិយៈភាពទន្លេមេគង្គ បានទទួលត្រីរាជ និងត្រីគល់រាំងពីប្រជានេសាទ និងវារីវប្បករជាបន្តបន្ទាប់សម្រាប់ ថែបំប៉ន មុនពេលលែងចូលទៅក្នុងធម្មជាតិវិញ៕ 


លោកស្រីហួយ ស្រីនៅ រូបភាពដោយ Wonders of the Mekong
 

Tag:
 ត្រីធម្មជាតិ
  ជម្រក
 ទន្លេ
© រក្សាសិទ្ធិដោយ thmeythmey.com