ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ អាជ្ញាធរឃុំកណ្តោល នឹងជួលជុលកែលម្អផ្លូវ២ខ្សែក្នុងឆ្នាំ២០២២នេះ
17, Sep 2022 , 3:19 pm        
រូបភាព
ដោយ៖ ហេ អួញ (យុវជនឃុំកណ្តោល)
 
បូទុមសាគរ, កោះកុង៖  អាជ្ញាធរឃុំកណ្តោល ដែលស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង នឹងជួសជុល និងកែលម្អផ្លូវចំនួន២ខ្សែ ក្នុងឃុំដោយមួយខ្សែនឹងស្ថាបនាជាផ្លូវបេតុងអាមេ និងមួយខ្សែទៀតជាផ្លូវក្រួសក្រហម។ លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានឱ្យដឹងថា ការជួសជុល កែលម្អផ្លូវទាង២ខ្សែនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ ដែលចង់បានផ្លូវស្អាត និងងាយស្រួលធ្វើដំណើរ និងដឹកជញ្ជូលផលស្រូវ និងដំណាំកសិកម្មផ្សេងៗ។ ពលរដ្ឋរស់នៅក្នុងកណ្តោល បានសាទរ ចំពោះផែនការស្ថាបនាផ្លូវនេះ ហើយពួកគេសង្ឃឹមថា ផ្លូវទាំង២ខ្សែ នឹងជួយសម្រួលដល់ការងារធ្វើស្រែ និងដឹកជញ្ជូនផលស្រូវរបស់ខ្លួន។

 
លោក ហ៊ុយ សំណាង មេឃុំកណ្តោល នៃស្រុកបូទុមសាគរ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ ឃុំនឹងជួសជុល និងកែលម្អ ផ្លូវក្នុងឃុំចំនួន ២ខ្សែ។ បើតាមលោក ហ៊ុន សំណាង គម្រោងសាងសង់ផ្លូវទាំង២ខ្សែនេះ មានផ្លូវមួយខ្សែ ជាផ្លូវដែលត្រូវចាក់បេតុអាមេ ស្ថិតនៅចំណុចផ្លូវពីភូមិព្រលាន ឆ្ពោះទៅភូមិសុវណ្ណាបៃតង។ ចំណែកផ្លូវមួយខ្សែទៀតជាផ្លូវក្រួសក្រហម  ស្ថិតក្នុងភូមិធ្នង់ ឃុំកណ្តោល។ 
 

លោក ហ៊ុយ សំណាង មេឃុំកណ្តោល នៃស្រុកបូទុមសាគរ ដែលទើបឡើងកាន់តំណែងនៅក្នុងអាណត្តិថ្មីនេះ។

ជុំវិញការសង់ផ្លូវ២ខ្សែនេះ ត្រូវបានលោកមេឃុំកណ្តោលដែលទើបនឹងឡើងកាន់តំណែងក្នុងអាណត្តិថ្មីនេះ អះអាងថា ជាការឆ្លើយតបនឹងសំណើរបស់ប្រជាពលរដ្ឋ និងដើម្បីប្រយោជន៍សាធារណៈ។ «ឆ្នាំនេះ យើងធ្វើផ្លូវនេះ បានន័យថាជាតម្រូវរបស់ប្រជាពលរដ្ឋនៅភូមិធ្នង់ហ្នឹង។ គាត់ចង់បានផ្លូវមួយខ្សែ(ស្ថិតនៅ)ខាងក្រោយ(ផ្លះពលរដ្ឋ) ដើម្បីគាត់ប្រមូលផលស្រូវមក គាត់ឡើងតាមផ្លូវហ្នឹង»។ លោកមេឃុំ ហ៊ុយ សំណាង បញ្ជាក់ដូច្នេះ។
 

កំណាត់ផ្លូវក្នុងភូមិធ្នង់ ឃុំកណ្តោល ដែលនឹងត្រូវជួសជុលទៅជាផ្លូវក្រួសក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលស្រូវរបស់ពលរដ្ឋ។


កំណាត់ផ្លូវ​ដែលចុះពីផ្លូវលេខ ៤៨ ភ្ជាប់ពីភូមិព្រលាន ឆ្ពោះទៅភូមិសុវណ្ណាបៃតង ដែលអាជ្ញាធរឃុំកណ្តោល ​ត្រូវកែលម្អទៅជាផ្លូវបេតុងអាមេ ក្នុងឆ្នាំ២០២២នេះ ។

ការជួសជុលផ្លូវបេតុង គ្រោងចំណាយថវិកាជាង៨០លានរៀល ខណៈផ្លូវក្រួសក្រហម គ្រោងចំណាយថវិកាប្រមាណ ២៥លានរៀល។ គម្រោងទាំង២នេះ ត្រូវបានដេញថ្លៃ និងទទួលបានការអនុម័តរួចរាល់ហើយ រង់ចាំតែខែប្រាំងចូលមកដល់ ការសាងសង់នឹងចាប់ផ្តើមតែម្តង។ លោក ហ៊ុយ សំណាង ។
 
ទាក់ទងនឹងការជួលជុលផ្លូវនេះ លោក ម៉ៅ ពេជ្រ ជាពលរដ្ឋរស់នៅក្នុងភូមិធ្នង់ ឃុំកណ្ដោល និយាយថា លោកពិតសប្បាយចិត្តជាខ្លាំង ដែលឃុំនឹងសាងសង់ផ្លូវក្រួសក្រហមមួយខ្សែនេះ នៅក្នុងភូមិរបស់ខ្លួន។ បើតាមលោក ពេជ្រ ផ្លូវមួយខ្សែនេះ នឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងភូមិនេះទាំងមូល ទាំងការធ្វើដំណើរប្រចាំថ្ងៃ និងជាពិសេសសម្រួលដល់ការងារធ្វើស្រែរបស់ពលរដ្ឋ។ លោក ម៉ៅ ពេជ្រ បន្ថែមដូច្នេះ៖ «ស្រួលដឹកកណ្តាប់ ស្រួលដឹកស្រូវ ដឹកជីរ ដឹកអី យើងស្រួលគ្រប់សព្វ ឱ្យតែមានផ្លូវ»។ 


   លោក ម៉ៅ ពេជ្រ ជាពលរដ្ឋរស់នៅក្នុងភូមិធ្នង់ ឃុំកណ្ដោល។

ពលរដ្ឋវ័យ ៣៧ឆ្នាំរូបនេះ ជំរុញឱ្យអាជ្ញាធរឃុំ នឹងជួសជុលផ្លូវមួយខ្សែនេះ ឱ្យបានឆាប់ និងបើបានមុនរដូវប្រមូលផលស្រូវនាពេលខាងមុខ ខណៈកន្លងមកពលរដ្ឋមានការលំបាកក្នុងការដឹកជញ្ជូនផលស្រូវរបស់ខ្លួន។ «កន្លងមក ពិបាកដែរ យើងចង់ចុះទៅស្រែយើងទៅ វាស្ទះនឹងដីគេ។ វាអត់ផ្លូវ។ ដល់ពេលអត់ផ្លូវ បរគោយន្ត បរអីទៅ វាពិបានដែរ។ កាលណាគេស្ទូងមុនយើង គេអត់បើកផ្លូវឱ្យយើងទេ។ បើយើងមានផ្លូវ ដឹងតែល្អគ្រប់បែបយ៉ាងតែម្តង»។ លោក ម៉ៅ ពេជ្រ រៀបរាប់យ៉ាងដូច្នេះ។
 
មិនខុសគ្នាដែរ អ្នកស្រី សៅ មួយ ពលរដ្ឋដែលរស់នៅក្នុងភូមិធ្នង់នេះ ក៏សប្បាយចិត្តដែរ ខណៈដែលខ្លួនក៏ធ្លាប់បានស្នើឱ្យអាជ្ញាធរជួសជុលផ្លូវមួយខ្សែនេះ ជាច្រើនលើកមកហើយនោះ។ អ្នកស្រី ត្រេកអរ នឹងធ្វើឱ្យការដឹកជញ្ជូននានា មានភាពងាយស្រួល និងចំណាយពេលតិច។ កន្លងមក ប្រជាពលរដ្ឋ ត្រូវស្នើដឹកភោគផលស្រូវ និងសម្ភារនានា វាងទៅផ្លូវផ្សេងដែលនៅឆ្ងាយ ឬស្នើសុំផ្ទះពលរដ្ឋដែលស្ថិតនៅជាប់វាលស្រែ ដើម្បីដឹកជញ្ជូនភោគផលស្រូវរបស់ខ្លួនមកផ្ទះ។ 
 


អ្នកស្រី សៅ មួយ ពលរដ្ឋដែលរស់នៅក្នុងភូមិធ្នង់ ផ្តល់សម្ភាស ពីតូបលក់ដូររបស់ខ្លួន ដែលស្ថិតនៅបណ្តោយផ្លូវ៤៨ នាចំណុចភូមិធ្នង់ឃុំកណ្តោល។

«បើគិតទៅច្រើន! ប្រជាជនយើងទាំងអស់ មួយភូមិធ្នង់ហ្នឹង ត្រូវការផ្លូវហ្នឹងទាំងអស់គ្នា បើគិតទៅ។ ផ្លូវហ្នឹង ផ្លូវសាធារណៈ អ្នកណាក៏ប្រើបានទាំងអស់។ បើសិនជាបានផ្លូវមែន ក៏ល្អតែម្តង។ បើយើងដឹងតាមភូមិ ឬផ្លូវផ្ទះគេ គេមិនសូវសប្បាយចិត្ត គេមិនចង់ឱ្យយើងដឹកទេ។ តែបើយើងមានផ្លូវសាធារណៈ យើងចង់ដឹកអីក៏បាន ដើរក៏បាន ចិះក៏បាន! ។ »។  នេះជាការលើកឡើងរបស់អ្នកស្រី សៅ មួយ។
 
សូមជម្រាបថា ឃុំកណ្តោលមាន៥ភូមិ គឺភូមិតាំងកន់ កណ្តោល ធ្នង់ ព្រលាន និងភូមិសុវណ្ណាបៃតង។  ពលរដ្ឋសរុប ក្នុងឃុំកណ្តោល មានចំនួន ៤ ៣៧១នាក់ ក្នុងនោះស្រី ២ ២០៥នាក់៕
 
(​អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ​)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com