ជាតិ
ជាង២០ឆ្នាំហើយ ដែល​មិត្ត​សម្លាញ់ចំណាស់ពីរនាក់ រួមគ្នា​ថែទាំប្រាសាទលលៃ
17, Sep 2022 , 6:59 pm        
រូបភាព
លោក ខាន់ ខៀវ និង លោក ខៀវ ស្រូយ។ សម្លាញ់ទាំង២ រីករាយ ដែលបានបន្តថែទាំប្រាសាទលលៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញប្រាសាទនានាមានរូបរាងពេញលេញ។ រូបភាព៖ ឈន សុផាត។
លោក ខាន់ ខៀវ និង លោក ខៀវ ស្រូយ។ សម្លាញ់ទាំង២ រីករាយ ដែលបានបន្តថែទាំប្រាសាទលលៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញប្រាសាទនានាមានរូបរាងពេញលេញ។ រូបភាព៖ ឈន សុផាត។
ដោយ:
សៀមរាប៖ នេះ ជាលោក ខៀវ ស្រូយ។ លោក ស្រូយ កំពុងរែងកម្ទេចឥដ្ឋ ដែលលោក ខាន់ ខៀវ បានដុំកម្ទេច។ បុរសវ័យចំណាស់ទាំងពីរនេះ ជាសម្លាញ់នឹងគ្នា ដែលកំពុងបម្រើការក្នុងអាជ្ញាធរជាតិអប្សរា ផ្នែកដំថ្មដើម្បីធ្វើបាយអ សម្រាប់យកជួសជុលប្រាសាទ។ សម្លាញ់ទាំងពីរ សហការគ្នាធ្វើការជាប្រចាំ ដោយម្នាក់វាយបំបែកថ្ម និងម្នាក់ទៀតរែងកម្ទេចថ្ម។ មានវ័យជាង៧០ឆ្នាំ ហើយសុខភាពក៏ទ្រុឌទ្រោម  ប៉ុន្តែកម្លាំងចិត្ត និងក្ដីស្រឡាញ់ចំពោះប្រាសាទ មិនថមថយ និងខ្សោយតាមកម្លាំងរបស់គាត់នោះឡើយ។ 

 
តើសម្លាញ់ទាំង២ ធ្វើការនេះ ដើម្បីអ្វី? ខ្ញុំសូមនាំលោកអ្នកនាង មកមើលទិដ្ឋភាព និងសេចក្ដីសង្ខេបពីប្រាសាទលលៃបន្តិច។ ប្រាសាទលលៃ ត្រូវបានកសាងឡើងនៅកណ្ដាលបារាយណ៍ឥន្ទ្រតដាក លើកោះមួយដែលមានទួលថ្មបាយក្រៀមរាង៤ជ្រុង មានកម្ពស់២ថ្នាក់។ ប្រាសាទនេះសង់ឡើងនៅចុងសតវត្សទី៩ ដោយព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ដូនតាដែលមានរូបតំណាងដោយព្រះឥសូរ។ កាលកាន់តែវិវត្តទៅ ប្រាសាទមួយនេះក៏ចាប់ផ្ដើមបាក់បែកទ្រុឌទ្រោម ធ្វើឱ្យឥដ្ឋមួយចំនួនធ្លាក់ចុះមកដី និងបាក់បែក។ 


 
ការជួសជុលប្រាសាទ ជារឿងលំបាក និងស្មុគស្មាញ ដែលត្រូវការអ្នកមានជំនាញច្បាស់លាស់ និងកម្មករមានបទពិសោធដើម្បីជួសជុលតាមផ្នែកនីមួយៗ។ នៅការដ្ឋានជួសជុលប្រាសាទលលៃ ក្រុមជាង និងអ្នកជំនាញកំពុងមមាញឹក បំពេញតួនាទីរៀងៗខ្លួន។ ទោះមានការងារ និងជំនាញផ្សេងគ្នា តែពួកគេមានគោលដៅរួមមួយគឺ ធ្វើឱ្យប្រាសាទបុរាណខ្មែរ មានរូបរាងពេញលេញឡើងវិញ។
 
ក្រុមជាងដែលមានកម្លាំងពេញលេញ បាននាំគ្នាឡើងតាមរន្ទារ ដើម្បីជួសជុលកន្លែងខ្ពស់។ ចំណែកក្រុមជាង និងកម្មករ ដែលមិនសូវមានកម្លាំង ឬមានវ័យជរាត្រូវជួសជុលនៅតាមផ្នែកខាងក្រោម។ ងាកទៅកាន់ក្រោមដើមឈើមួយនៅជ្រុងម្ខាង នៃប្រាសាទលលៃ មានបុរសចំណាស់ ២នាក់កំពុងវាយបំបែកដុំឥដ្ឋ និងរែងកម្ទេចដុំឥដ្ឋ។ បុរសទាំង២នេះ មានវ័យជរា ហើយដែលមិនអាចឡើងទៅជួសជុលផ្នែកខាងលើនៃតួប្រាសាទលលៃឡើយ។
 
លោក ខៀវ ស្រួយ មានវ័យ៧៦ឆ្នាំ កំពុងអង្គុយរែងកម្ទេចដីឥដ្ឋ ក្បែរសម្លាញ់របស់ខ្លួនគឺលោក ខាន់ ខៀវ ដែលមានវ័យ៧២ឆ្នាំ។ បុរសទាំង២ នេះត្រូវសហការគ្នាធ្វើបាយអ សម្រាប់ឱ្យជាងយកទៅបិទដើម្បីជួសជុលប្រាសាទលលៃ។ 
 


លោក ខៀវ ស្រួយ ដែលមានវ័យជរាជាងលោក ខាន់ ខៀវ មានបញ្ហាត្រចៀកដោយសារកត្តាជរាវ័យ ពោលគឺលោកស្ដាប់មិនសូវឮនោះទេ។ តែលោក អាចប្រើកម្លាំងបន្តិចបន្តួចដែលមាន ដើរតួនាទីជាផ្នែកមួយយ៉ាងសំខាន់ក្នុងការដ្ឋានជួសជុលប្រាសាទលលៃ។ លោក ខាន់ ខៀវ ប្រាប់សារព័ត៌មានThmeyThmey25 ថាលោកចាស់ហើយមិនសូវមានកម្លាំងទេ ប៉ុន្តែលោកមានកម្លាំងចិត្ត និងក្ដីស្រឡាញ់ ទើបលោកអាចមកធ្វើការនៅការដ្ឋាននេះជាប្រចាំ។ 
 
«មានអារម្មណ៍ថាស្រឡាញ់ ទើបឈប់វាមិនកើត ចេះតែចង់ធ្វើតទៅទៀត។ ទាល់តែកម្លាំងលែងទៅរួច ទើបឈប់ព្រោះតែស្រឡាញ់។ ការជួសជុលនេះ ព្រោះចង់ឱ្យវារឹងមាំឡើងវិញ ដើម្បីសម្រាប់កូនចៅ យើងជំនាន់ក្រោយ។ បើយើងមិនធ្វើមិនជួសជុលទេ វាអាចបាក់ ហើយខូច អ៊ីចឹងយើងនាំគ្នាតុបតែង ឬធ្វើយ៉ាងណាដើម្បីឱ្យបានយូរទៀត»។ នេះជាសម្ដីមួយៗរបស់លោក ខៀវ ស្រួយ ដែលកំពុងអង្គុយរែងដីឥដ្ឋ។
 
លោក ខៀវ ស្រូយ បានចូលរួមជួសជុលប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរប្រមាណ ២០ឆ្នាំហើយ។ លើសពីការចូលរួមថែបេតិកភណ្ឌ ការងារនៅរមណីយដ្ឋានអង្គរ ក៏បានផ្ដល់ចំណូលដល់បុរសជរារូបនេះ សម្រាប់ការចាយវាយប្រចាំថ្ងៃ ខណះរូបលោកមិនមានគ្រួសារ ជាទីពឹងពាក់ឡើយ។
 

លោក ខាន់ ខៀវ មានវ័យ៧២ឆ្នាំ បន្តចូលរួមថែបេតិកភណ្ឌខ្មែរ តាមរយះការងារជាអ្នកដំកម្ទេចថ្មសម្រាប់ធ្វើបាយអ ដើម្បីជួសជុលប្រាសាទ។ រូបភាព៖ ឈន សុផាត

ចំណែកលោក ខាន់ ខៀវ ដែលកំពុងវាយកម្ទេចថ្ម ក្បែរលោក ខៀវ ស្រួយ ក៏មានចិត្តស្រឡាញ់បេតិកភណ្ឌខ្មែរ មិនចាញ់ សម្លាញ់របស់លោកឡើយ។ ជារៀងរាល់ថ្ងៃលោក ខាន់ ខៀវ ត្រូវធ្វើដំណើរដោយម៉ូតូប្រមាណ ១ម៉ោងទើបទៅដល់ការដ្ឋានជួសជុលប្រាសាទលលៃ។ ថ្ងៃខ្លះលោកមិនអាចមកធ្វើការបានទេ ព្រោះបញ្ហាសុខភាព។ 
 
លោក ខាន់ ខៀវ ប្រាប់សារព័ត៌មានThmeyThmey25  ថាដំបូងឡើយលោកជាអ្នកយាមប្រាសាទ ប៉ុន្តែនៅពេលលោកមានវ័យជរាទៅក្រុមការងារក៏សម្រេចឱ្យលោកមកបម្រើការជាអ្នកវាយកម្ទេចថ្មតូចៗនៅប្រាសាទលលៃវិញ ព្រោះទីនេះក្បែរផ្ទះរបស់លោកស្រាប់។
 
បុរសវ័យ ៧២ឆ្នាំរូបនេះ មិនដែលចង់បោះបង់ការងារជាអ្នកថែទាំ និងជួសជុលប្រាសាទម្ដងណាឡើយ។ « ស្រឡាញ់ ទើបខំធ្វើ រហូតគេឱ្យឈប់ពេលណាទើបឈប់។ ខ្ញុំសប្បាយចិត្ត ដែលបានធ្វើការ។ ថ្ងៃខ្លះមានបញ្ហាសុខភាព ឈឺជើង មកមិនរួច តេសុំច្បាប់មេមួយថ្ងៃ តែបើមកបានមកធ្វើការ»។ នេះជាការលើកឡើងរបស់លោក ខាន់ ខៀវ ដោយសំឡេងស្អកៗ អមដោយសំឡេងវាយឥដ្ឋ ដោយញញួរតូចមួយ។
 
លោក ខៀវ ស្រូយ និង លោក ខាន់ ខៀវ តាំងចិត្តថែរក្សាប្រាសាទខ្មែរ មិនថាធ្វើការផ្នែកណាឡើយ រហូតដល់សម្លាញ់ទាំងពីរនេះអស់កម្លាំងធ្វើការ ឬនៅថ្ងៃណាមួយដែលក្រុមការងារលែងត្រូវការអ្នកទាំងពីរ៕


 លោក ខៀវ ស្រូយ មានវ័យ៧៦ឆ្នាំ​ ដោយក្ដីស្រឡាញ់លោកបន្តធ្វើការជារែងកម្ទេចថ្មសម្រាប់ឱ្យក្រុមជាងយកទៅធ្វើបាយអ ដើម្បីជួសជុលប្រាសាទ។ រូបភាព៖ ឈន សុផាត
 
 
 

Tag:
 ប្រាសាទលលៃ
 សម្ភាស
  វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com