ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
CCHR ដាក់ឯកសារស្ដីពីសិទ្ធិជំនុំជម្រះ លើប្រព័ន្ធអ៊ីនធឺណិត ដើម្បីលើកកម្ពស់ការយល់ដឹង
17, Sep 2022 , 10:19 pm        
រូបភាព
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដាក់ឱ្យប្រើប្រាស់កម្រងមេរៀនស្តីពីសិទ្ធិជំនុំជម្រះដោយយុត្តិធម៌នៅថ្ងៃទី១៥ កញ្ញា នៅសណ្ឋាគារសាន់វ៉េ។ រូបដោយ CCHR។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដាក់ឱ្យប្រើប្រាស់កម្រងមេរៀនស្តីពីសិទ្ធិជំនុំជម្រះដោយយុត្តិធម៌នៅថ្ងៃទី១៥ កញ្ញា នៅសណ្ឋាគារសាន់វ៉េ។ រូបដោយ CCHR។
ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី
 
ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានដាក់ឱ្យប្រើប្រាស់កម្រងមេរៀនស្តីពីសិទ្ធិជំនុំជម្រះដោយយុត្តិធម៌ នៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីលើកកម្ពស់ និងការពារសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌សម្រាប់ពលរដ្ឋកម្ពុជា ។

 
ជនណាម្នាក់​ដែលរងការចោទប្រកាន់ ពីបទល្មើសណាមួយ គឺត្រូវមានសិទ្ធិ ទទួលបានការកាត់ក្ដី ប្រកបដោយយុត្តិធម៌។ ដូច្នេះ ទើប  CCHR សម្រេចចងក្រងឯកសារនេះឡើង ដើម្បីបញ្រ្ជាបចំណេះដឹងដល់សាធារណជន។ 
 
ពិធីសម្ពោធកម្រងឯកសារមេរៀនខាងលើ ធ្វើឡើងនៅថ្ងៃទី១៥កញ្ញា ដោយមានការចូលរួម ពីតំណាងអង្គការសហប្រជាជាតិ ក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ក្រោមការរៀបចំរបស់ CCHR។ កម្រងមេរៀនស្ដីពីសិទ្ធិជំនុំជម្រះដោយយុត្តិធម៌ មាន១៤ជំពូក ក្នុងនោះមានដូចជា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ សិទ្ធិរក្សាភាពស្ងៀមស្ងាត់  សិទ្ធិមិនត្រូវបានបង្ខិតបង្ខំឱ្យសារភាព និងសិទ្ធិរបស់អនិតិជនជាដើម។ ជាមួយគ្នាដែរ ជំពូកនីមួយៗរួមមានវីដេអូខ្លីៗ ខិត្តប័ណ្ណព័ត៌មាន និងសំណួរ ដើម្បីជួយឲ្យអ្នកប្រើប្រាស់យល់កាន់តែច្បាស់ផងដែរ។ លើសពីនេះ សាធារណជន អាចទាញយកដោយឥតគិតថ្លៃក្នុងវេបសាយរបស់អង្កការ Sithi។ 
 
ក្នុងពិធីសម្ពោធនៅសណ្ឋាគារសាន់វ៉េ លោកស្រី ចក់ សុភាព នាយកប្រតិបត្តិនៃ CCHR បានលើកឡើងថា មេរៀនទាំងនេះ ជាផ្នែកមួយនៃគម្រោងសិទ្ធិជំនុំជម្រះដោយយុត្តិធម៌របស់ CCHR ដែលបានអនុវត្តក្នុងឆ្នាំ ២០០៩ ។ CCHR ចាប់ផ្តើមជាមួយនឹងការឃ្លាំមើលការកាត់ក្តីរបស់តុលាការ ពិសេសសិទ្ធិទទួលបានការជំនុំជំរះដោយយុត្តិធម៍។ 
 
«យើងបានឃ្លាំមើលតុលាការសាលាដំបូងចំនួន៤។ ១នៅភ្នំពេញ ៣ទៀត គឺតុលាការនៅបណ្ដាខេត្ត មានខេត្តកណ្ដាល បន្ទាយមានជ័យ រតនគិរី»។ នេះជាការបញ្ជាក់របស់ លោកស្រី សុភាព ហើយបន្ថែមថា ក្រោយពីការឃ្លាំមើលនេះ CCHR ក៏បង្វែរការឃ្លាំមើលទៅសាលាឧទ្ធរណ៍ ដែលធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់ក្រុមការងារក្នុងការត្រួតពិនិត្យ និងវិភាគស្ថានការណ៍ ដើម្បីចងក្រងទិន្នន័យ។​ 
 
មន្ត្រីសង្គមស៊ីវិលសិទ្ធិមនុស្សរូបនេះ បន្តថាការរយក​ធាតុ​ចូល​ពី​តុលាការ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ គឺត្រូវប្រមូលធាតុផ្សំពីប្រជាពលរដ្ឋមាន និងអប់រំពួកគេឱ្យយល់ច្បាស់អំពីសិទ្ធិនៅក្នុងបន្ទប់សវនាការ។ ជាជំហានបន្ទាប់ CCHR ក៏បានចងក្រងទិន្នន័យ ហើយចាប់ផ្តើមចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹងអំពីការកាត់ក្តីដោយយុត្តិធម៌ទៅកាន់សារធារណជន ដើម្បីបម្រើជាប្រយោជន៍ដល់ភាគីពាក់ព័ន្ធនានា។ 
 
«កម្រងឯកសារនេះ ប្រយោជន៍បែបម៉េច! គឺមានករណីខ្លះ យើងបង្ហាញពីសិទ្ធិអនិតិជន ក្នុងដំណើរការជំនុំជំរះ។ អ៊ីចឹងស្ថាប័នដែលគាត់ធ្វើការរឿងសិទ្ធិកុមារអាចចូលទៅយកទន្និន័យ ដែលវាអាចពាក់ព័ន្ធនឹងការងាររបស់គាត់ ហើយគាត់អាចចូលរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិកុមារបានដែរ។» លោកស្រី សុភាព សង្កត់ធ្ងន់ពីសារៈសំខាន់នៃមេរៀនឯកសារស្ដីពីសិទ្ធិជំនុំជម្រះដោយយុត្តិធម៌បែបនេះ។ 
 
ទន្ទឹមនឹងនេះ លោក ហ៊ុន ស៊ាងហាក់ អ្នក​សម្រប​សម្រួល​គម្រោង​សិទ្ធិទទួលបានការ​ជំនុំ​ជម្រះ​ដោយយុត្តិធម៌នៃ​ CCHR បាន​ថ្លែង​ថា មុន​នឹងសម្ពោធកម្រងមេរៀន​​ទាំង​នេះ CCHR មានការ​បណ្តុះ​បណ្តាល​សិស្សានុសិស្ស និងនាំពួកគេទៅមើលដំណើរការកាត់ក្ដីក្នុងតុលាការដោយផ្ទាល់ជាបន្តបន្ទាប់។ ហេតុនេះ CCHR ​សព្វថ្ងៃកំពុង​ព្យាយាម​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​សិទ្ធិនេះ។ 
 
ជាងនេះទៅទៀត លោក កត់សម្គាល់ឃើញថា យុវជនមួយចំនួន នៅពេលមិនទាន់បានស្វែងយល់ និងការរៀនសូត្រ ពីចំណេះដឹងស្ដីពីសិទ្ធិជំនុំជម្រះដោយយុត្តិធម៌ រួមទាំងចូលឃ្លាំមើលដំណើរការតុលាការ ពួកគេមានភាពភ័យខ្លាច។ លោក ហ៊ុន ស៊ាងហាក់ បន្ថែមបែបនេះ៖ «ពេលគាត់(ក្រុមយុវជន) ទទួលបានការបណ្តុះបណ្ដាល គាត់មានទំនុកចិត្ត និងយល់ដឹងពីការធានាសិទ្ធិរបស់គាត់ គាត់មានសិទ្ធិអ៊ីចឹង»។  
 
អំឡុងពេលសម្ពោធកម្រងឯកសារនេះ យុវតី គង់ ស្រីនូ និស្សិតច្បាប់ និងជាអ្នកហាត់ការនៅអង្គការ ក្លាហាន ដែលបានចូលរួមកម្មវិធីយល់ថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ គឺជាប្រធានបទសំខាន់មួយដែលត្រូវពិភាក្សា និងស្វែងយល់។ ជាងនេះទៅទៀត ការដាក់មេរៀនទាំងនោះ នៅលើអ៊ីនធឺណិត អមជាមួយវីដេអូខ្លីៗ ខណៈដែលមនុស្សជាច្រើនកំពុងរស់នៅជាមួយបច្ចេកវិទ្យា និងបញ្ជ្រាបចំណេះដឹងកាន់តែងាយស្រួល និងឆាប់រហ័ស។
 
យុវសិស្សរូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា៖ «វា(កម្រងឯកសារមេរៀន) មានប្រយោជន៍សម្រាប់សារធារណជនដែលចង់យល់ដឹងបន្ថែមពីច្បាប់ និងសិស្សានុសិស្ស ជាពិសេសនិស្សិតច្បាប់ដូចខ្ញុំជាដើម។ ខ្ញុំគិតថា វាគួរឱ្យចាប់អារម្មណ៍»៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com