ខ្មែរ​ក្រហម
ជាតិ
ជប៉ុន ថា ការជំនុំជម្រះក្តីខ្មែរក្រហម ជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ និងសហគមន៍អន្តរជាតិ
22, Sep 2022 , 2:06 pm        
រូបភាព
ដោយ: រួបរួម
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យូស៊ីម៉ាសា នាថ្ងៃទី២២ ខែកញ្ញា នេះ បានថ្លែងការណ៍របស់ខ្លួនស្តីពីការបញ្ចប់ជាស្ថាពរនូវការជំនុំជម្រះក្តីខ្មែរក្រហម ដែលបានបន្តអស់រយៈយ៉ាងយូរ។ នៅព្រឹកថ្ងៃដដែលនេះ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) បានប្រកាសតម្កល់សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដែលផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងលោក ខៀវ សំផន ។

 
«ប្រទេសជប៉ុន សូមសម្តែងនូវការគោរពចំពោះមនុស្សជាច្រើនដែលបានចូលរួមចំណែកដល់ការជំនុំជម្រះក្តីនេះ»។ រដ្ឋមន្ត្រីការបរទេសជប៉ុន បានសរសេរយ៉ាងដូច្នេះ ដោយបន្ថែមថា ការជំនុំជម្រះក្តីខ្មែរក្រហម គឺជាដំណាក់កាលដ៏សំខាន់ឆ្ពោះទៅបញ្ចប់ជាស្ថាពរនូវដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងរួមចំណែកដល់ការផ្តល់យុត្តិធម៌ និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា។
 
 
ជាមួយគ្នានេះ លោក ហាយ៉ាស៊ី យូស៊ីម៉ាសា បានលើកឡើងពីតួនាទីដ៏សំខាន់របស់ជប៉ុនដែលនាំមុខគេក្នុងសហគមន៍អន្តរជាតិចំពោះការផ្តល់ការគាំទ្រដល់ការជំនុំជម្រះក្តីនេះ។ លោកបានលើកឡើងថា៖ «ជប៉ុនសង្ឃឹមថា សារសំខាន់នៃការជំនុំជម្រះក្តីនេះ នឹងត្រូវបានយល់ដឹងយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនកម្ពុជា ហើយក្លាយជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ និងសហគមន៍អន្តរជាតិ តាមរយៈសកម្មភាពអប់រំដែលត្រូវបានបន្ត បន្ទាប់ពីការបិទបញ្ចប់ដំណើរការនីតិវិធី ហើយវានឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ»។
 
ទាក់ទងនឹងជំនួយហិរញ្ញវត្ថុ  ជប៉ុនបានផ្តល់ថវិកាប្រមាណ ៨៨,៦៧ លានដុល្លារអាម៉េរិក (៧២,១៨ លានដុល្លារ ផ្តល់ឱ្យភាគីអន្តរជាតិ និង១៦,៤៩ លានដុល្លា ផ្តល់ឱ្យភាគីជាតិ។ ជំនួយទាំងនេះ ស្មើនឹង៣០ភាគរយនៃជំនួយរបស់អន្តរជាតិសម្រាប់ការជំនុំជម្រះក្តីខ្មែរក្រហម ចាប់តាំងពីការជំនុំជម្រះក្តីនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៦។
 
 
ឈានដល់អាយុ៩១ឆ្នាំ ខៀវ សំផន ជាអតីតមេដឹកនាំកំពូលខ្មែរក្រហមតែម្នាក់គត់ដែលនៅរស់រៀនមានជីវិត។   
 
សំណុំរឿងរបស់ ខៀវ សំផន ដែលត្រូវប្រកាសនេះ គឺជាសំណុំរឿង ០០២/០២ ហើយជាសំណុំរឿងចុងក្រោយបង្អស់។ អង្គជំនុំជម្រះសាលាដំបូង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានផ្តន្ទាទោស ដាក់ពន្ធនាគារ ខៀវ សំផន អស់មួយជីវិត ចំពោះអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ និងបានដាក់បញ្ចូលទោសនេះ ជាមួយទោសដាក់ពន្ធនាគារមួយជីវិតដែលបានប្រកាសក្នុងសំណុំរឿង ០០២/០១។
 
ក្រោយមក ខៀវ សំផន និងសហព្រះរាជអាជ្ញា បានដាក់បណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រម ហើយអង្គជំនុំជម្រះតុលាការកំពូល បានបើកសវនាការស្តាប់សេចក្តីសន្និដ្ឋានដោយផ្ទាល់មាត់លើបណ្តឹងសាទុក្ខ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា។
 
 ក្រោយប្រកាសសាលដីកាលើសំណុំរឿងនេះចប់ហើយ តុលាការខ្មែរក្រហម ក៏ដល់ទីបញ្ចប់ដែរ ដោយលែងមានសំណុំរឿង ដែលត្រូវលើកយកទៅជំនុំជម្រះទៀតហើយ។ 
 
តុលាការខ្មែរក្រហម ចាប់ផ្តើមដំណើរការលើការកាត់ក្តីមេដឹកនាំខ្មែរក្រហម តាំងពីឆ្នាំ២០០៦មក ដោយរហូតមកដល់ទីបញ្ចប់ ក្នុងឆ្នាំ២០២២នេះ មានរយៈពេលជាង១៦ឆ្នាំ។ នៅសល់កិច្ចការខ្លះៗ ដែលតុលាការនេះ នឹងបន្តធ្វើ ដូចជា ការរក្សាឯកសារពាក់ព័ន្ធនឹងសំណុំរឿងរបស់មេដឹកនាំខ្មែក្រហម និងការផ្សព្វផ្សាយពីការជំនុំជម្រះលើមេដឹកនាំខ្មែរក្រហម ដល់សាធារណជន ជាដើម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com