ជាតិ
តារាល្បីៗ
អ្នកលេង TikTok ម្នាក់ ធ្វើឲ្យ «មហាសណ្ដំ» បទចាស់របស់អ្នកស្រី ហ៊ឹម ស៊ីវន ល្បីល្បាញឡើងវិញ
25, Sep 2022 , 3:59 pm        
រូបភាព
ដោយ: រួបរួម
ជាចម្រៀងចំណាស់មួយដែលថតដោយផលិតកម្មអង្គរវត្ត បទ «មហាសណ្តំ» របស់អ្នកស្រី ហ៊ឹម ស៊ីវន ទទួលនូវការចាប់អារម្មណ៍ជាថ្មី។ អរគុណ ម្ចាស់គណនី TikTok ឈ្មោះ ចន្ទ័ ដារ៉ាយុទ្ធ (OUN SART)។

 
ត្រឹម១សប្តាហ៍ ឃ្លីបវីដេអូ TikTok របស់ Oun Sart ដែលគេស្គាល់តែជាអ្នកលក់ផលិតផលអនឡាញមួយរូប ទាក់ទាញការចូលទស្សនាជិត៥លាន។ ឃ្លីបវីដេអូនោះ មានរយៈពេល២៤វិនាទី ដោយម្ចាស់គណនី បានសរសេរថា៖ «ទៅវត្តជាមួយខ្ញុំពុក ម៉ែបងប្អូនជាទីគោរព»។
 
ចំណងជើងមិនជាទាក់ទាញខ្លាំងនោះឡើយ ប៉ុន្តែការសម្តែង និងបទចម្រៀងអម នាំឲ្យមានការធ្វើត្រាប់តាមតគ្នាពេញបណ្តាញសង្គម TikTok និងហ្វេសប៊ុក។ ក្នុងឃ្លីបនោះ Oun Sart ទំនងជាថតនៅក្នុងវត្តមួយ ដោយស្លៀកពាក់យ៉ាងសមសួនជាមួយនឹងអាវស ខោ និងក្រវាក់កពណ៌ខៀវ។
 
កាយវិការដើរមួយៗ និងកែវភ្នែកសំឡឹងចុះឡើង ដោយដៃស្តាំ កាន់ផ្កាឈូក និងដៃឆ្វេង កាន់ស្រាក់។ ចំពោះកាយវិការនេះ ម្ចាស់គណនីខំប្រឹងសម្តែងឲ្យសមនឹងឃ្លាចម្រៀង «ឃើញហើយស្អាតណាស់ ព្រះម្ចាស់ថ្លៃអើយ  តើប្រុសត្រាណត្រើយ មកពីឋានណា? សក្តិសមគ្រឿងទ្រង់ ដូចអង្គក្សត្រា វង្វេងអត្មា ក្នុងព្រៃឯកអង្គ អើយឯកអង្គ»។
 
មិនត្រឹមតែកាយវិការនៅក្នុងឃ្លីបចម្រៀងនេះឡើយ ប៉ុន្តែអ្នកលេង TikTok និងហ្វេសប៊ុក បានធ្វើត្រាប់តាមកាយវិការផ្សេងៗរបស់ Oun Sart ដូចជាការដើរជំហានមួយៗកាន់កាបូប ជាដើម។ អ្នកត្រាប់តាមទាំងនោះ មានតាំងពីតារាសម្តែង និងម្ចាស់គណនីទូទៅ ក្នុងគោលដៅលេងសើចសប្បាយ។
 
«ឃើញហើយស្អាតណាស់» បានត្រូវបានគេគិតថា ជាចំណងជើងបទចម្រៀង ប៉ុន្តែតាមការស្រាវជ្រាវលើប្រព័ន្ធអ៊ីនធ័រណិត វាជាឃ្លានៅក្នុងបទ «មហាសណ្តំ» ដែលបកស្រាយដោយតារាចម្រៀងជើងចាស់ ហ៊ឹម ស៊ីវន ក្នុងផលិតកម្មអង្គរវត្ត។
 
បទ «មហាសណ្ដំ» ស្ថិតក្នុងអាល់ប៊ុមស៊េរីបទចម្រៀងនៃរឿង «សុវណ្ណតែងអន» ដែលថតឡើងវិញ ដោយមិនមានការបញ្ជាក់ច្បាស់លាស់នោះឡើយ ប៉ុន្តែយើងដឹងហើយថា ផលិតកម្មអង្គរវត្ត មានសកម្មភាពថតវីដេអូសិល្បៈខ្មែរយ៉ាងផុសផុលចន្លោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០០០។
 
 
«មហាសណ្តំ» និយាយពីឈុតយក្ខិនី ដែលលង់ស្នេហ៍ ព្រះជ័យសូរវង្ស។ ក្រោយរៀនចប់សីល្បិ៍វិជ្ជា ព្រះជ័យសូរវង្ស ដែលសម្តែងដោយលោក ហេង ដារី បានលាព្រះមុនីឥសី ចូលព្រះនគរវិញ។ ពេលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ព្រះអង្គសម្រាកព្រះកាយ ហើយយក្ខិនី សម្តែងដោយអ្នកនាង ម៉ារីយ៉ាន ប្រទះឃើញ ក៏បានសូត្រសណ្តំឲ្យព្រះអង្គលង់លក់ ហើយនាងបានកាឡាខ្លួនទៅជាស្រីស្អាតទាក់ស្នេហ៍ព្រះអង្គ។
 
អ្វីដែលគួរឲ្យកត់សម្គាល់នោះ បទមហាសណ្តំ ក៏ត្រូវបានតារាចម្រៀងមួយចំនួនយកទៅបកស្រាយក្នុងការប្រគំតន្ត្រី និងច្រៀងឡើងវិញផងដែរ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com