ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពត៖ មេឃុំត្រពាំងធំ អ្នកស្រី សេង សុភីន បានខ្នះខ្នែងចូលរួមអភិវឌ្ឍឃុំ ប្រមាណ៤០ឆ្នាំហើយ
27, Sep 2022 , 11:20 am        
រូបភាព
ដោយ៖ កាយ ធីតា 

ស្រុកទឹកឈូ, កំពត៖ អ្នកស្រី សេង សុភីន មេឃុំត្រពាំងធំ ខេត្តកំពត បានចូលរួមយ៉ាងសកម្ម នៅក្នុងការអភិវឌ្ឍឃុំរបស់ខ្លួនអស់ប្រមាណ ៤០ឆ្នាំមកហើយ។ តាំងតែពីឆ្នាំ ១៩៨០ មក អ្នកស្រី សុភីន បានប្រឡូកក្នុងការងារជាប្រធានសមាគមន៍នារី, ជាអ្នកស្ម័គ្រចិត្ត​អប់រំសេវាពន្យារកំណើត ,  សមាជិកក្រុមប្រឹក្សាឃុំ , ជំទប់ឃុំផង និងជាមេឃុំផង។ អ្នកស្រី សេង សុភីន ពន្យល់ថា៖ «ហេតុអីបានខ្ញុំស្រឡាញ់ការងារហ្នឹង? ព្រោះអីខ្ញុំគិតថា បើយើងកើតមកក្នុងសង្គម យើងមិនជួយសង្គម ហើយមិនជួយក្នុងគ្រួសារយើងទេ មិនដឹងហៅថា អ្វីជាលក្ខណៈសញ្ជាតិខ្មែរទេ។ ព្រោះមនុស្សយើងយ៉ាងហោចណាស់​ យើងជួយខ្លួនឯងផង ជួយសង្គមផង ហើយនឹងជួយប្រជាពលរដ្ឋនៅក្នុងឃុំយើងផង ដើម្បីសង្គមជាតិយើងរីកចម្រើន»។ 





មេឃុំត្រពាំងធំ ទទួលស្គាល់ថា ការងារជាអ្នកផ្តល់សេវាជូនពលរដ្ឋ មានការហត់នឿយ ប៉ុន្តែអ្នកស្រី មិនបានចាត់ទុកថាជាបញ្ហាដែលរារាំងឆន្ទៈរបស់ខ្លួន ដែលចង់ចូលរួមដោះស្រាយបញ្ហាដល់ពលរដ្ឋ និងការអភិវឌ្ឍន៍ភូមិ ឃុំឡើយ។ មិនតែប៉ុណ្ណោះ អ្នកស្រី ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមការងារ ដែលនេះគឺជាកម្លាំងជំរុញឱ្យអ្នកស្រី នៅតែបន្តពុះពារ ក្នុងការងារសព្វថ្ងៃរបស់ខ្លួន។ លើសពីនេះ មេឃុំស្ត្រីរូបនេះ សប្បាយត្រេកអរ ដែលបានផ្តល់នូវដំណោះស្រាយបញ្ហានានាជូនពលរដ្ឋ។  អ្នកស្រី សេង សុភីន រៀបរាប់បន្ថែមទាំងទឹកមុខញញឹមយ៉ាងដូច្នេះ៖ «សព្វថ្ងៃក្នុងនាមអាជ្ញាធរ សប្បាយបំផុតគឺប្រជាពលរដ្ឋអត់មានបញ្ហាអី។ ហើយពេលគាត់មករកអី យើងដោះស្រាយ ដំណោះស្រាយជូនគាត់ ហើយសេវាអីលឿនហ្នឹង ក្នុងចិត្តហ្នឹងសប្បាយណាស់»។

ជាមួយគ្នានេះ អ្នកស្រី សេង សុភីន ក៏ចង់ឃើញស្ត្រីផ្សេងទៀតនៅក្នុងឃុំ ចូលរួម​ក្នុងសកម្មភាពអភិវឌ្ឍន៍ភូមិ-ឃុំ ដូចខ្លួនផងដែរ៕

​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ​)



Tag:
 យុវជនសកម្ម
  សេវាល្អ
  វីដេអូ
  យុវជនឃុំត្រពាំងធំ
© រក្សាសិទ្ធិដោយ thmeythmey.com