កីឡាជាតិ
ជាតិ
លោក ភា សុភក្ដ្រា៖ អ្នកគាំទ្រ មិនគួរបញ្ចេញមតិបែបជេរប្រមាថ តែត្រូវរិះគន់ដោយសីលធម៌
29, Sep 2022 , 7:59 am        
រូបភាព
លោក ភា សុភក្ដ្រា គ្រូជំនួយជម្រើសជាតិកម្ពុជា នាជំនួប U23កម្ពុជា ទល់U23ជប៉ុន
លោក ភា សុភក្ដ្រា គ្រូជំនួយជម្រើសជាតិកម្ពុជា នាជំនួប U23កម្ពុជា ទល់U23ជប៉ុន
លោក ភា សុភក្ដ្រា គ្រូជំនួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា ការរិះគន់ពីសំណាក់អ្នកគាំទ្រជារឿងល្អសម្រាប់ការអភិវឌ្ឍក្រុមបន្ថែម បើទោះមតិរិះគន់នោះ វិជ្ជមាន និងអវិជ្ជមាន ក៏ដោយ។ យ៉ាងណាគ្រូជំនួយរូបនេះ សង្ឃឹមថា អ្នកគាំទ្រទាំងអស់ នឹងបញ្ចេញមតិប្រកបដោយសីលធម៌ ជៀសវាងជេរប្រមាថ ព្រោះបង្ហាញពីកម្រិតអប់រំរបស់អ្នកគាំទ្រផង និងផ្តល់ការគោរពដល់សមាជិកជម្រើសជាតិផង។



លោក ភា សុភក្ដ្រា ​បានប្រាប់ពីទស្សនៈសុទិដ្ឋិនិយមរបស់ខ្លួន មកកាន់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ការបញ្ជេញមតិរបស់អ្នកគាំទ្រ គឺជារឿងល្អ។ ប្រទេសណា ឬក្លិបបាល់ទាត់ណា ក៏មានអ្នកគាំទ្រ សរសើរ ពេលប្រកួតឈ្នះ ឬរិះគន់ចំពោះការបរាជ័យដែរ។ «ខ្ញុំ ពេញចិត្តការបញ្ចេញមតិរបស់អ្នកគាំទ្រ ទោះវិជ្ជមាន ឬអវិជ្ជមាន ប៉ុន្ដែការបញ្ចេញមតិទាំងអស់គួរតែប្រកបដោយសីលធម៌»។ លោក សុភក្ត្រា បានបញ្ជាក់ដូច្នេះ។


 ការបញ្ចេញមតិបែបស្ថាបនា
គ្រូជំនួយរូបនេះ ពន្យល់ថា ការបញ្ជេញមតិប្រកបដោយសីលធម៌ នឹងបង្ហាញពីការអប់រំរបស់បុគ្គលម្នាក់ៗ។ ប្រសិនជា ការបញ្ចេញមតិទាំងនោះ ជាការជេរប្រមាថ ឬពាក្យសម្ដីអសីលធម៌ណាមួយ នឹងជះឥទ្ធិពលអាក្រក់ដល់សង្គម។ 
 
លោកសុភក្ត្រា បន្ថែមដូច្នេះថា៖«កុំ យកខ្លួនយើងទៅប្រៀបធៀប ទៅនិងអ្នកគាំទ្រនៅតំបន់អឺរ៉ុប ដោយប្រើការជេប្រមាថ ឬរើសអើង ប៉ុន្ដែយើង ត្រូវប្រើមតិរិះគន់ប្រកបដោយសីលធម៌ ដើម្បីបង្ហាញពីការអប់រំរបស់ខ្លួន និងសង្គម»។


 មតិវិជ្ជមានរបស់អ្នកគាំទ្រ
អ្នកគាំទ្រខ្លះ មិនត្រឹមតែជេរប្រមាថ ដល់មន្ដ្រីដឹកនាំការប្រកួត ឬកីឡាករទេ ថែមទាំងជេរ ឬឈ្លោះជាមួយអ្នកគាំទ្រដូចគ្នា តាមរយៈការបញ្ចេញមតិលើបណ្ដាញសង្គមទៀតផង។ នេះ មិនបានបង្ហាញថាអ្នកទាំងនោះកំពុងជួយអភិវឌ្ឍ ឬគាំទ្របាល់ទាត់ទេ។ ប៉ុន្ដែ ពួកគេ កំពុងតែជះឥទ្ធិពលអវិជ្ជមានឲ្យសង្គមវិញ តាមរយៈការប្រើសម្ដីអសីលធ៌។ «កីឡា ផ្សាភ្ជាប់ជាមួយសង្គម ទាំងការអប់រំ និងសុខភាព»។
 
គួរបញ្ជាក់ថា រយៈពេល១០ឆ្នាំចុងក្រោយនេះ ចំនួនអ្នកគាំទ្របាល់ទាត់កម្ពុជា មានចំនួនកើនឡើងច្រើន។ ជាឧទាហរណ៍ ការប្រកួតនៅថ្ងៃទី២២ ខែកញ្ញា ជំនួបមិត្តភាព កម្ពុជា និងបង់ក្លាដេស មានអ្នកគាំទ្រជិត ១២០០០នាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បើទោះគៀកពិធីបុណ្យភ្ជុំបិណ្ឌ ដែលពលរដ្ឋត្រូវចេញពីក្រុងភ្នំពេញ ទៅស្រុកកំណើតក៏ដោយ។ ក្រោយពេលកម្ពុជា ចាញ់ បង់ក្លាដែស ១-០ អ្នកគាំទ្រមួយចំនួន បានបញ្ចេញមតិរិះគន់ ខណៈមួយចំនួនទៀត នៅតែបន្ដលើកទឹកចិត្ដដល់ក្រុមជម្រើសជាតិកម្ពុជា៕


មតិអវិជ្ជមានរបស់អ្នកគាំទ្រ
 

Tag:
 បាល់ទាត់
  ភា សុភក្ដ្រា
© រក្សាសិទ្ធិដោយ thmeythmey.com