កីឡាជាតិ
ជាតិ
ISI ដង្កោសែនជ័យ ឈ្នះសាលាកីឡាបាល់ទាត់ជាតិ ជាការអបអរសម្ពោធកីឡដ្ឋាន AIA KMH Park
03, Oct 2022 , 5:59 pm        
រូបភាព
ការប្រកួតរវាង ISI ដង្កោសែនជ័យ រូបពី CPL
ការប្រកួតរវាង ISI ដង្កោសែនជ័យ រូបពី CPL
លោក Botiba Bouyaloua Jean គ្រូបង្វឹកក្រុម ISI ដង្កោសែនជ័យ ចាត់ទុក ជ័យជំនះលើ សាលាកីឡាបាល់ទាត់ជាតិ ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតប្រជែងពានរង្វាន់ជើងឯកលីគទី២កម្ពុជា ជាការអបអរថ្ងៃសម្ពោធកីឡដ្ឋានថ្មី AIA KMH Park របស់ខ្លួន។



លោក Botiba Jean បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ក្រុមរបស់លោក ធ្វើបានល្អចំពោះការប្រកួតនេះ ដោយគ្រូបង្វឹករូបនេះ ថាសាលាកីឡាបាល់ទាត់ជាតិ មិនមែនជាក្រុមមានកម្រិតទាបជាងក្រុមខ្លួនទេ។ ជាមួយជ័យជំនះដ៏លើសលុប ៤-១ ក្នុងការប្រកួតដំបូងនៅទឹកដី AIA Stadium KMH Park លោក Jean បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង។ 
គ្រូ ISI ដង្កោសែនជ័យរៀបរាប់ថា៖ «យើង សូមអរគុណអ្នកគាំទ្រទាំងអស់។ ហើយយើង នឹងបន្ដធ្វើការយ៉ាងសកម្ម ដើម្បីការប្រកួតបន្ទាប់ទៀត។ ជ័យជំនះនេះ ជាការអបអរដល់កីឡដ្ឋានថ្មី AIA Stadium KMH Park របស់យើង»។ 
 
ថ្ងៃជាមួយគ្នានេះដែរ មានការប្រកួត៥គូផ្សេងទៀត។ សូលទីឡូអង្គរ យកឈ្នះលើក្រុម ណិចស្ដិប ដែលមានទីតាំងខេត្តសៀមរាប ដោយមិនអាចវាយបកបាន ក្នុងលទ្ធផល ១១-០ នៅកីឡដ្ឋានហុនមាន ស្របពេល កោះកុង អេហ្វស៊ី យកឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ក្នុងលទ្ធផល ៧-៣ នៅកីឡដ្ឋាន អេអ៊ីយូ ស្ពតផាក។ ចំណែក អគ្គិសនីកម្ពុជា យកឈ្នះ ម្ចាស់ផ្ទះ ព្រៃវែង ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋានខេត្តព្រៃវែង ដូចគ្នាដែរ នគរបាលជាតិ យកឈ្នះ ខេត្តត្បូងឃ្មុំ នៅទីលានបាល់ទាត់ 7 N G ក្នុងលទ្ធផល២-០។ ទន្ទឹមពេលគ្នានេះ បន្ទាយមានជ័យអេហ្វស៊ី ចាញ់ សៀមរាប លទ្ធផល៣-១ ក្នុងកីឡដ្ឋានខេត្តសៀមរាប។
 
គួរបញ្ជាក់ថា ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ មាន៤២ពិន្ទុ តាមពីក្រោយដោយ កោះកុងអេហ្វស៊ី មាន៣៩ពិន្ទុ ស្មើគ្នាជាមួយ ក្រុមលេខ៣ ISI ដង្កោសែនជ័យ និងក្រុមលេខ៤ នគរបាលជាតិ។ ដោយឡែក ព្រៃវែងអេហ្វស៊ី ឈរលេខ៥ មាន៣៥ពិន្ទុ និងលេខ៦ អាស៊ីអឺរ៉ុបយូណាយធីត មាន២៦ពិន្ទុ។ រីឯ សូលទីឡូអង្គរ ឈរលេខ៧ មាន២២ពិន្ទុ និងលេខ៨ សាលាកីឡាបាល់ទាត់ជាតិ មាន១៩ពិន្ទុ និងតាមពីក្រោយដោយ ដោយខេត្តសៀមរាប មានពិន្ទុដូចគ្នា។ ចំណែក ខេត្ត ត្បូងឃ្មុំឈរលេខ១០ មាន១៨ពិន្ទុ, ណិចស្តិប លេខ១១ មាន៦ពិន្ទុ និងក្រុមបន្ទាយមានជ័យអេហ្វស៊ី មាន៥ពិន្ទុ លេខ១២៕
 

Tag:
 បាល់ទាត់
  Cambodian League 2
© រក្សាសិទ្ធិដោយ thmeythmey.com