ជាតិ
អណ្ដើកហ្លួងញីមួយក្បាល ត្រូវបានលែងវិញ ក្រោយតាមដានសុខភាព៤សប្ដាហ៍
13, Oct 2022 , 7:59 pm        
រូបភាព
រូបភាពដោយ អង្គការWCS
រូបភាពដោយ អង្គការWCS
ដោយ:
ភ្នំពេញ៖ អណ្ដើកហ្លួងញីមួយក្បាលដែលបានជួយសង្គ្រោះនៅដើមខែកញ្ញា ត្រូវបានលែងចូលទៅក្នុងធម្មជាតិវិញនៅដើមខែតុលាឆ្នាំ២០២២។ អណ្ដើកនេះ ត្រូវបានលែង បន្ទាប់ពីតាមដានសុខភាពអស់រយៈពេល៤សប្ដាហ៍ដោយក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS ប្រចាំស្រុកស្រែអំបិល ខេត្តកោះកុង។



អណ្ដើកហ្លួង ឬអណ្ដើកសរសៃ ជាអណ្ដើកមួយប្រភេទក្នុងចំណោមអណ្ដើកទាំង ២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើសកលលោក។ អណ្ដើកហ្លួង ជាប្រភេទអណ្ដើកដែលជិតផុតពូជនៅកម្ពុជាផងដែរ។
 
យោងតាមអង្គការ WCS អណ្ដើកហ្លួងញីមួយក្បាលដែលមានទម្ងន់១២,៦គីឡូក្រាម ដែលបានជួយសង្គ្រោះនៅដើមខែកញ្ញា បានលែងចូលក្នុងជម្រកធម្មជាតិវិញនៅដើមខែតុលា។ មុនពេលលែងចូលជម្រកធម្មជាតិវិញ អណ្ដើកញីនេះត្រូវបានមើលថែដោយក្រុមការងារអភិរក្សអណ្ដើករបស់អង្គការWCS និងតាមដានអស់រយៈពេល៤សប្ដាហ៍។
កន្លងមក លោក សោម ស៊ីថា បានប្រាប់សារព័ត៌មានThmeyThmey25ថា ជាទូទៅនៅពេលដែលក្រុមការងាររបស់លោកទទួលបានអណ្ដើកមកពីការសង្គ្រោះពីគ្រប់ទីកន្លែង ជាដំណើរចាំបាច់គឺត្រូវពិនិត្យ និងតាមដានសុខភាពទូទៅជាមុនសិន មុនពេលសម្រេចត្រូវធ្វើអ្វីបន្ទាប់។
 
លោក ស៊ីថា បញ្ជាក់ដូច្នេះ៖ «ការពិនិត្យសុខភាពរបស់ពួកវា បន្ទាប់ពីសង្គ្រោះពិតជារឿងសំខាន់។ ដាច់ខាត យើងមិនអាចដោះលែងវាទៅវិញដោយមិនតាមដានសុខភាពឡើយ។ ធាតុពិតការតាមដានសុខភាពរបស់សត្វបន្ទាប់ពីសង្គ្រោះពិតជាសំខាន់ ដោយសារយើងត្រូវប្រាកដចិត្តថា ភាគរយនៃការមានជីវិតខ្ពស់»។
 
យោងតាមទិន្នន័យនៅក្នុងបន្ទះឈីប(Chip)ដែលបង្កប់នៅក្នុងជើងក្រោយរបស់អណ្តើកនោះ ក្រុមការងារអង្គការ WCS អាចស្គាល់អត្តសញ្ញាណច្បាស់ថា អណ្តើកនោះត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលកាលនោះវាមានទម្ងន់ ១១,៦គីឡូក្រាម។
 
គិតចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២២ ក្រុមការងាររបស់លោក សោម ស៊ីថា បានសហការជាមួយដៃគូពាក់ព័ន្ធ ក្នុងការបង្ក្រាប់បទល្មើសជួញដូរសត្វព្រៃ ដោយ​ទទួលបានអណ្ដើកហ្លួងចន្លោះពី៦ទៅ៧ក្បាលប៉ុណ្ណោះ។ លោកលើកឡើងថា នេះអាចជាចំនួនតិចតួច ប៉ុន្ដែវាក៏ជាបញ្ហាសម្រាប់ការអភិរក្សផងដែរ។ 
 
ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្នអណ្ដើកហ្លួងចំនួន១៤៧ក្បាល ត្រូវបានលែងឱ្យក្នុងធម្មជាតិវិញ។ ទន្ទឹមនោះ គ្រប់អណ្ដើកទាំងអស់ត្រូវបានដាក់បង្កប់នូវឈីប និង Transmitter ដើម្បីសម្គាល់អត្តសញ្ញាណ ដែលមានលេខសម្គាល់នៅតាមអណ្ដើកនីមួយៗ៕
 
 
 

Tag:
 អណ្ដើកហ្លួង
  ដោះលែង
  អង្គការWCS
© រក្សាសិទ្ធិដោយ thmeythmey.com