ជាតិ
កសិករ រំពឹងទទួលបានទីផ្សារ និងអ្នកវិនិយោគបន្ថែមពីសហព័ន្ធស្វាយចន្ទី
14, Oct 2022 , 8:59 am        
រូបភាព
រូបពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តព្រះវិហារ
រូបពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តព្រះវិហារ
ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចបង្កើតសហព័ន្ធស្វាយចន្ទី ដើម្បីរួមចំណែកជំរុញឱ្យវិស័យមួយនេះឱ្យកាន់តែមានសក្ដានុពល ក្នុងការបម្រើប្រយោជន៍រួមដល់អ្នកដាំដុះ កែច្នៃ និងនាំចេញ។ ការបង្កើតសហព័ន្ធនេះ ទទួលបានការសាទរពីកសិករ ដោយពួកគេរំពឹងថា សហព័ន្ធនឹងខ្នះខ្នែងរកទីផ្សារ និងអូសទាញវិនិយោគិនបរទេស បង្កើតរោងចក្រកែច្នៃនៅក្នុងស្រុកបន្ថែមទៀត។



លោក ហ៊ុន ប៊ុណ្ណារ៉ា កសិករដាំស្វាយចន្ទីចំនួន២០ហិកតានៅខេត្តព្រះវិហារ បានលើកឡើងថា កន្លងទៅ កសិករតែងតែជួបប្រទះបញ្ហាទីផ្សារនៅពេលប្រមូលផល ដូច្នេះការបង្កើតសហព័ន្ធស្វាយចន្ទីនៅពេលនេះ គឺជាអ្វីដែលកសិករចង់បាន ដើម្បីពង្រឹងតម្លៃទីផ្សារឱ្យមានស្ថេរភាព។ ម៉្យាងទៀត លោក ប៊ុណ្ណារ៉ា រំពឹងថា សហព័ន្ធមានលទ្ធភាពច្រើនក្នុងការអូសទាញអ្នកវិនិយោគ មកអភិវឌ្ឍន៍វិស័យស្វាយចន្ទីនៅកម្ពុជា។ 


ក្រសួងពាណិជ្ជកម្ម បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធ និងសន្និបាតកំណើតដំបូង «សហព័ន្ធស្វាយចន្ទីកម្ពុជា» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ។

កសិកររូបនេះ ប្រាប់ដូច្នេះថា៖«ខ្ញុំគិតថា ស្វាយចន្ទីកម្ពុជា លេចធ្លោជាងគេលើពិភពលោក។ អ៊ីចឹង បើសិន យើងអាចរកវិនិយោគិន មកបង្កើតរោងចក្រកែច្នៃ នាំចេញដោយផ្ទាល់ ខ្ញុំយល់ថាប្រសើរជាងបច្ចុប្បន្ន ដែលយើងត្រូវពឹងផ្អែកលើការនាំចេញគ្រាប់ស្រស់ទៅវៀតណាម»។
 
បើតាមលោក ហ៊ុន ប៊ុណ្ណារ៉ា បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីមានតម្លៃកើនឡើងបន្តិច ដោយគ្រាប់ស្ងួតទទួលបាន ៧ពាន់រៀលក្នុងមួយគីឡូក្រាម ឯគ្រាប់សើម មាន​តម្លៃ​ប្រហែល៣ពាន់រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែ ផលប៉ះពាល់ដំណាំចន្ទីនៅពេលនេះ គឺកត្តាអាកាសធាតុភ្លៀងធ្លាក់ខ្លាំងពេក ធ្វើឱ្យស្វាយចន្ទីធ្លាក់ទិន្នផល។  
 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងដែរថា សមាគមស្វាយចន្ទីកម្ពុជា នឹងបង្កើនកិច្ចសហការឱ្យកាន់តែខ្លាំងជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា ធ្វើយ៉ាងណាជំរុញដល់ការនាំចេញ និងបង្កើតតម្លៃទីផ្សារសមរម្យជូនកសិករ។
 


លោក ហ៊ុន ប៊ុណ្ណារ៉ា កសិករដាំស្វាយចន្ទីនៅខេត្តព្រះវិហារ 



ប្រធានសមាគមរូបនេះ សង្ឃឹមថា សហព័ន្ធស្វាយចន្ទីកម្ពុជា នឹងអន្តរាគមន៍នូវចន្លោះខ្វះខាតដែលសមាគមមិនមានលទ្ធភាពធ្វើបានដូចជា ការសម្រួលធុរកិច្ច ការនាំចេញ ស្វែងរកទីផ្សារថ្មី តាមរយៈការបង្កើនឱកាសវិនិយោគ និងបញ្ចុះបញ្ចូលរដ្ឋាភិបាលដើម្បីបានពន្ធពិសេសលើវិស័យស្វាយចន្ទី។
 
សហព័ន្ធស្វាយចន្ទី ត្រូវបានបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែតុលា ដោយមានសមាជិក១១នាក់ ។ សហព័ន្ធមួយនេះ នឹងក្លាយកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនិង ពិភពលោក ជាពិសេសចូល​រួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជាលើទីផ្សារអន្តរជាតិបន្ថែមទៀត។
 
យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា រយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន៦៦ម៉ឺនតោន គិតជាទឹកប្រាក់ចំនួនជាង ១លានដុល្លារ ថយចុះ៣៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយឡែក ការនាំទៅវៀតណាមមានចំនួន៦៤ម៉ឺនតោន ថយចុះ៣៧ភាគរយ៕ 


 លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបពី EFC Agriculture and Education
 
 
 

Tag:
 កសិកម្ម
  ស្វាយចន្ទី
  សហព័ន្ធស្វាយចន្ទីកម្ពុជា
  សមាគមស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com