កីឡាជាតិ
ជាតិ
ក្លិបបាល់ទាត់ភ្នំពេញក្រោន ចូលរួមរំលែកទុក្ខកុមាររងគ្រោះលិចទូកដ
14, Oct 2022 , 12:15 pm        
រូបភាព
ក្លិបបាល់ទាត់ភ្នំពេញក្រោន សោកស្តាយ និងរំលែកទុក្ខ ចំពោះកុមាររងគ្រោះក្នុងនៅក្នុងឧបទ្ទវហេតុលិចទូកចម្លង។ រូបពីក្លិបភ្នំពេញក្រោន
ក្លិបបាល់ទាត់ភ្នំពេញក្រោន សោកស្តាយ និងរំលែកទុក្ខ ចំពោះកុមាររងគ្រោះក្នុងនៅក្នុងឧបទ្ទវហេតុលិចទូកចម្លង។ រូបពីក្លិបភ្នំពេញក្រោន
ក្លិបបាល់ទាត់ភ្នំពេញ បានបង្ហោះសាររំលែកទុក្ខលើហ្វេសប៊ុក ចំពោះកុមារដែលរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដទទឹង កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ លោក លី ហៀង អគ្គលេខាក្លិបភ្នំពេញក្រោន បានបង្ហាញពីការសោកស្ដាយចំពោះគ្រួសារកុមាររង្គ្រោះ និងបផ្តល់យោបល់ឱ្យម្ចាស់ទូកគួរមានសម្ភារការពារសុវត្ថិភាពអំឡុងពេលចម្លងម្តងៗ។

 
ជាមួយសារលើទំព័រផ្លូវការក្លិបភ្នំពេញក្រោន បានបង្ហោះចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ និងសោកស្ដាយ ចំពោះកុមារ ដែលរង្គ្រោះក្នុងឧបទ្ទវហេតុលិចទូកចម្លង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ លោក លី ហៀង បានចាត់ទុកករណីនេះ ជារឿងគួរឲ្យសោកស្ដាយ និងរន្ធត់បំផុត។
 
ព័ត៌មានបន្ថែមពីស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្លាំងចម្រុះ បានរកឃើញសពជនរងគ្រោះ៨នាក់ ដែលសុទ្ធតែសិស្សសាលា ក្នុងឧបទ្ទវហេតុលិចទូកដទទឹងនេះ។
 
 លោក លី ហៀង បន្ដថា រាល់ការធ្វើដំណើរតាមផ្លូវទឹក មិនថាឯកជន ឬតាមរយៈឈ្មួញរកស៊ីចម្លងទេ ត្រូវតែមានសម្ភារៈការពារ និងសង្គ្រោះបន្ទាន់ ដើម្បីការពារឧបទ្ទវហេតុ ណាមួយអាចកើតឡើង។
 
«ខ្ញុំ​ គ្រាន់តែគិត ក៏រន្ធត់ចិត្តដែរ។ យើង សាកគិតមើល តើថ្មើរនេះ មានឪពុកម្ដាយក្មេងរងគ្រោះប៉ុន្មាននាក់ដែលកំពុងចាំដំណឹងកូនខ្លួន។»។ អគ្គលេខាធិការរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទដូច្នេះ។
 
ជាមួយគ្នានេះដែរ អ្នកគាំទ្រក្លិបភ្នំពេញក្រោនជាច្រើន បានបញ្ចេញមតិ ដោយចូលរួមសោកស្ដាយលើឧបទ្ទវហេតុ ដែលកើតឡើងមិនមានការប្រុងប្រយ័ត្ននេះ។
លើសពីសកម្មភាពកីឡា ក្លិបបាល់ទាត់របស់កម្ពុជាមួយនេះ បានចូលរួមសកម្មភាពមួយចំនួនក្នុងសង្គម។ លោក លី ហៀង បានប្រាប់ថា លោក ឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោន ធ្លាប់បានប្រមូលថវិការមួយចំនួន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
 
គួរបញ្ជាក់ផងដែរថា  មកដល់ពេលនេះ សមត្ថកិច្ចបានរកឃើញជនរងគ្រោះសរុប១២នាក់ ក្នុងនោះ៨នាក់បានស្លាប់។  សមត្ថកិច្ចបន្តតាមរកមនុស្ស៣នាក់ទៀត ដែលកំពុងបាត់ខ្លួនក្នុងគ្រោះថ្នាក់នេះ៕
 

Tag:
 ក្លិបភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com