ជាតិ
ក្រោយ​ចប់អនុបណ្ឌិតពីអង់គ្លេស យុវជន លី សុក្រឹតគុលិកា នឹង​ប្រើជំនាញ AI ជួយដល់​សហគ្រិនក្នុងស្រុក
14, Oct 2022 , 3:29 pm        
រូបភាព
លោក លី សុក្រិតគុលិកា ទទួលបានអាហារូបករណ៍សិក្សានៅប្រទេសអង់គ្លេសកម្រិតបញ្ញាបត្រជាន់ខ្ពស់លើជំនាញបញ្ញាសិប្បនិមិត្ត_ (AI)តាមរយៈកម្មវិធី Chevening
លោក លី សុក្រិតគុលិកា ទទួលបានអាហារូបករណ៍សិក្សានៅប្រទេសអង់គ្លេសកម្រិតបញ្ញាបត្រជាន់ខ្ពស់លើជំនាញបញ្ញាសិប្បនិមិត្ត_ (AI)តាមរយៈកម្មវិធី Chevening
បញ្ញា​សិប្បនិម្មិត (AI) ជាបច្ចុប្បន្ន​ភាព និង​អនាគតភាព​នៃពិភពលោក។ ជាប់ជាជ័យលាភីអាហារូបករណ៍​ Chevening យុវជន លី សុក្រឹតគុលិកា កំពុង​​បន្ត​ការសិក្សា​បរិញ្ញា​បត្រជាន់ខ្ពស់​ពេញ​លើ​ជំនាញ​បច្ចេក​វិទ្យាមួយនេះ នៅ​ចក្រភពអង់គ្លេស។ ដឹងច្បាស់ថា មិនងាយ​ស្រួលនោះឡើយ ប៉ុន្តែ​ សុក្រឹត តាំង​ចិត្តព្យាយាម​សិក្សា​រៀន​សូត្រ ដើម្បី​ប្រើ​ប្រាស់​ជំនាញ AI ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ក្នុង​បរិបទឧស្សាហកម្ម ៤.០។

 
«ទោះបច្ចេកវិទ្យានេះ មិនទាន់ទូលំទូលាយនៅស្រុកយើងក៏ដោយ​ ប៉ុន្តែយើងកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វ ផ្សាយសង្គមនានាដែលមានប្រើបច្ចេកវិទ្យា AI នៅពីក្រោយ ដោយមិនដឹងខ្លួន។ ឧទាហរណ៍ ពេល​យើង​ប្រើ ហ្វេសប៊ុក, Youtube ឬ TikTok យើងតែង​តែឃើញ​មាន​ការណែនាំ​​វីដេអូ ឬ​ព័ត៌មាន​ផ្សេងៗទៀត​ដែល​ជាចំណង់​ចំណូល​ចិត្ត​របស់យើង។ នោះហើយជា​បច្ចេក​វិទ្យា AI»។ សុក្រឹត បាន​បញ្ជាក់យ៉ាង​ដូច្នេះ។
 
​មិនមែនជា​រឿង​ចៃដន្យនោះឡើយស​ម្រាប់យុវជន​អាយុ​២៥​ឆ្នាំ​រូបនេះ ​ដែល​ទទួលបាន​ឱកាស​សិក្សា​ជំនាញ​បញ្ញា​សិប្បនិម្មិតថ្នាក់អនុបណ្ឌិត (MSc in Artificial Intelligence) នៅសកល​វិទ្យាល័យ University of Essex ក្នុងចក្រភពអង់គ្លេស​ ប៉ុន្តែវាកើតចេញពី​ការ​ព្យាយាម និង​ការយល់​ច្បាស់​ពី​តម្លៃនៃ​បច្ចេកវិទ្យា AI ជាពិសេស​ក្នុង​វិស័យ​ការងារ។
 
ជាកូនច្បងក្នុងគ្រួសារនៅ​រាជធានីភ្នំពេញ ដែលមានបងប្អូនបី​នាក់ សុក្រឹត បានរៀបចំផ្លូវជីវិតយ៉ាងមានរបៀបរៀបរយសម្រាប់ខ្លួនឯង។ អតី​ត​សិស្ស​វិទ្យាល័យ ជាស៊ីម សាមគ្គី រូបនេះ បាន​ប្រឡង​ជាប់​និទ្ទេស​ Aសម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៥ ហើយ​នៅ​ឆ្នាំ​២០១៩ ទទួលបាន​បរិញ្ញាបត្រ​ជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រពី​សាកលវិទ្យាល័យផារ៉ាហ្គន និងជំនាញសេដ្ឋកិច្ចអន្តរជាតិពី​វិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
 
សុក្រឹតគុលិកា ប្រើ​ពេល​ប្រហែល​៥​ឆ្នាំ ពោល​គឺ​តាំងពី​រៀន​ថ្នាក់​បរិញ្ញាបត្រ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់ប្រជែងអាហារូបករណ៍ Chevening។ មូលដ្ឋានគ្រឹះផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រផង និងសេដ្ឋកិច្ចផង ទាំងនេះហើយ​ដែល​កត្តាសំខាន់​ក្នុងការជំរុញ​ឲ្យ​គេ​ខិតខំ​ប្រឹង​ប្រែងរហូត​ទទួលបាន​ឱកាស​សិក្សា​ថ្នាក់​បរិញ្ញា​បត្រជាន់ខ្ពស់ AI ពេញមួយ​ឆ្នាំ​នៅសកលវិទ្យាល័យ​​ University of Essex ដ៏ល្បីល្បាញ​របស់​ចក្រភពអង់គ្លេស។
 
ការប្រជែងអាហារូបករណ៍ Chevening និង​ការខំប្រឹងប្រែងសិក្សា
មុន​ចេញ​ដំណើរ​ទៅចក្រភពអង់គ្លេស កាលពី​ចុង​ខែ​កញ្ញា លោក សុក្រឹតគុលិកា បានឆ្លៀត​ផ្តល់​បទសម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ ទាក់ទង​នឹង​បទពិសោធន៍​ប្រកួត​ប្រជែងអាហារូបករណ៍ Chevening របស់​ចក្រភពអង់គ្លេស និង​ការ​ត្រៀម​ខ្លួន​ផ្សេងៗ ក្រោយ​បញ្ចប់​ការសិក្សា។
 
និយាយពីរឿងជ្រើសរើសកម្មវិធីអាហារូបករណ៍ភ្លាម សុក្រឹតគុលិកា រៀបរាប់មិនស្ទាក់ស្ទើរឡើយថាខ្លួនចូលចិត្តគម្រោងសិក្សារបស់កម្មវិធី Chevening ដែល​តម្រូវឱ្យនិស្សិតរៀនតែមួយឆ្នាំ ខណៈអាហារូបករណ៍ភាគច្រើនត្រូវរៀនរយៈពេលពីរឆ្នាំឯណោះ។
 
លោកយល់ថាការរៀនថ្នាក់អនុបណ្ឌិតដែលប្រើពេលតែមួយឆ្នាំ គឺចំណេញពេលវេលា ហើយឆាប់បានយកចំណេះដឹងមកប្រើប្រាស់ក្នុងវិស័យការងារប្រកបដោយប្រសិទ្ធភាព។ រយៈពេលសិក្សាដល់ទៅពីរ​ឆ្នាំ បូករួមទាំងពេលវេលាធ្វើកិច្ចស្រាវជ្រាវ និងសរសេរនិក្ខេបបទទៀត ធ្វើឱ្យនិស្សិតឆ្នើមរូបនេះគិតថាវាជាការចំណាយពេលយូរពេក។ 
 
ទាក់ទង​នឹង​ដំណើរ​នៃការសិក្សា សុក្រឹតគុលិកា ហាក់ដូច​ធ្លាក់ទាំងមុខ​បន្តិច ដោយសារគេ​ត្រូវ​សម្រុក​រៀន​រយៈពេល​ខ្លី។ បញ្ហានោះ គឺថា AI ជាជំនាញមួយថ្មីដែលត្រូវការការខំប្រឹងខ្លាំងដើម្បីឱ្យរៀនទាន់និស្សិតដទៃ​ ហើយម្យ៉ាងទៀត សុក្រឹត ត្រូវសម្របខ្លួននឹងបរិស្ថានរស់នៅថ្មី។
 
ទោះបីជាយ៉ាងណា អតីតសិស្សបាក់ឌុបនិទ្ទេស A រូបនេះ នៅតែមានគំនិតវិជ្ជមានលើផ្លូវដែលខ្លួនកំពុងដើរ ព្រោះរូបគេបានបន្ថែមថាការខំប្រឹងខ្លាំងក្នុងពេលមួយ​ឆ្នាំ វាមានតម្លៃសមនឹងពេលវេលាដែលចំណេញក្រោយបញ្ចប់ការសិក្សា ថែមទាំងអាចធ្វើឱ្យរូបគេរឹងមាំក្នុងជំនាញ AI។ 
 
ប្រើជំនាញ AI ជួយដល់សហគ្រិន​ក្នុងស្រុក
​សម្រាប់លោក សុក្រឹត ជំនាញ AI មាន​តួនាទី​សំខាន់​ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងជាបច្ចេកវិទ្យា​ដែល​រីក​ចម្រើន​ខ្លាំងនៅ​បណ្តា​ប្រទេសជឿនលឿន ដោយ​គេ​យកទៅអនុវត្ត​ក្នុង​ការ​បង្កើតមនុស្សយន្តឱ្យមានលក្ខណៈរស់រវើកជាងមុន និងកាន់តែស្រដៀងមនុស្ស។
 

លោក លី សុក្រិតគុលិកា កំពុងផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ នារសៀលថ្ងៃទី២០កញ្ញា ឆ្នាំ២០២២។

AI មានវិសាលភាពទូលំទូលាយ បើមនុស្សយកចំណេះវិជ្ជាពីការសិក្សា បូកផ្សំនឹងគំនិតច្នៃប្រឌិត នោះបច្ចេកវិទ្យានេះ អាចជួយអភិវឌ្ឍបានគ្រប់វិស័យសម្រាប់សង្គមជាតិ។ ជាទូទៅ​ ស្ថាប័ន​ការងារ​ប្រើ​ឯកសារ​ជាក្រដាស ហើយ AI អាចជួយ​រក្សាទុក​តាមប្រព័ន្ធអេឡិចត្រូនិក ដែលជួយ​រក​ឯក​សារងាយ​ស្រួល​ជាងមុន។
 
បើតាមលោក សុក្រិត ផ្នែកសំខាន់​មួយនៃបច្ចេកវិទ្យា AI គឺប្រព័ន្ធណែនាំ (Recommender System)។ ហេតុដូច្នេះ និស្សិតអាហារូបករណ៍​រូបនេះ មានបំណងយកបច្ចេកទេស ប្រព័ន្ធណែនាំ មកជួយពង្រឹងសហគ្រិនខ្មែរដែលចង់អភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចនានា ដែលកំពុងពេញនិយម។
 
«បច្ចេកវិទ្យា AI នឹងជួយឱ្យអ្នកប្រើប្រាស់វ៉ិបបសាយហាងទំនិញ ងាយស្រួលស្វែងរករបស់ដែលខ្លួនចូលចិត្ត និងចង់បានបានឆាប់រហ័សជាងមុន»។ នេះជាការ​គូសបញ្ជាក់​របស់​សុក្រិត។ តាំងពីបទសម្ភាសចាប់ផ្ដើមមក សុក្រិត តែងនិយាយពីបច្ចេកវិទ្យា AI ភ្ជាប់នឹងស្ថានភាពនៅកម្ពុជា។
 
សុក្រិត ឲ្យ​តម្លៃលើឥទ្ធិពលនៃសមិទ្ធផលការងារ ជាជាងទំហំប្រាក់ខែ។ គេ​បញ្ជាក់ច្បាស់ថា នឹងត្រឡប់មកកម្ពុជាវិញភ្លាម ដោយ​មិនចាំយូរឡើយក្រោយបញ្ចប់ការសិក្សា ទោះមានជម្រើសការងារនៅអង់គ្លេសក៏ដោយ។ ការងារនៅអង់គ្លេសអាចទទួលបានបៀវត្សរ៍​ច្រើនពិតមែន តែគេជឿជាក់ថា ឱកាសការងារនៅ​កម្ពុជា​ក៏មិន​តូចចង្អៀតនោះដែរ ហើយ​ម្យ៉ាងទៀត គេ​រំពឹងថា សមិទ្ធផល​ការងារខ្លួន អាចមានឥទ្ធិពលវិជ្ជមាន​ដល់សង្គមជាតិ។
 
«ពេលដែលខ្ញុំមកវិញ ខ្ញុំនឹងជួយសហគ្រិនដែលចង់បង្កើតធុរកិច្ចថ្មីប្រើ AI»។ ក្ដីសង្ឃឹមចង់ជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា របស់សុក្រិត គឺតាមរយៈការបង្កើតសេវាកម្មនៃបច្ចេកវិទ្យា AI សម្រាប់សហគ្រិនខ្មែរក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ការធ្វើបែបនេះនឹងជួយជំរុញអាជីវកម្មរបស់សហគ្រិនខ្មែរបានទូលំទូលាយក្នុងរូបភាពជាការអភិវឌ្ឍឱ្យប្រសើរជាងមុន ជាជាងការបង្កើតអាជីវកម្មផ្ទាល់ខ្លួនដោយប្រើបច្ចេកវិទ្យា AI ទៅប្រកួត​ប្រជែង។
 
ទាក់ទង​ដំណើរការសិក្សា និងធ្វើការងារក្នុងវិស័យបច្ចេកវិទ្យា សុក្រិតមិនធុញទ្រាន់ឡើយដែលត្រូវប្រើពេលធ្វើការងារជាមួយកុំព្យូទ័រច្រើនម៉ោង សម្រាប់សរសេរកូដ និងស្រាវជ្រាវឯកសារផ្សេងៗតាមអ៊ីនធឺណិត។ ទោះបីជាយ៉ាងណាក៏ដោយ គេក៏នៅ​មាន​ពេល​អាន​សៀវភៅ និងជួបសិស្សច្បង ឬអ្នកជំនាញដទៃទៀតផងដែរ។
 
រីឯគម្រោង​បន្ត​ថ្នាក់​បណ្ឌិត សុក្រិត មិន​ទាន់ដាក់គោលដៅឡើយ ព្រោះ​គេ​មិនចង់សិក្សាស៊ីជម្រៅខ្លាំងលើទ្រឹស្ដីលើសពេក។ សុក្រិត ចង់យកចំណេះដឹងខ្លួនមកធ្វើការឱ្យបានច្រើនជាង ហើយប្រហែលពីរទៅបី ឆ្នាំទៅមុខទៀតទើបខ្លួនចាប់ផ្ដើមគិតពីការរៀនបន្ត​ទៅ​ថ្នាក់បណ្ឌិត៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com