ជាតិ
ជឺជីតស៊ូ៖ ពង្រឹងសមត្ថភាពមន្រ្តី ដើម្បីសម្រេចសមិទ្ធផលផ្លែផ្កា នៅស៊ីហ្គេម២០២៣
26, Oct 2022 , 9:59 pm        
រូបភាព
ដោយ:
សហព័ន្ធកីឡាជីជីតស៊ូកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស កម្រិតមូលដា្ឋន ដែលបានបញ្ចប់ជាស្ថាពរ កាលពីល្ងាចថ្ងៃទី២៤ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំសហព័ន្ធជំនាញកីឡាមួយនេះបានចាត់ទុកជាការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីលទ្ធផលគាប់ប្រសើរ។

 
ការបិទបញ្ចប់វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ហួរ សុមេធ តំណាង លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំស្របតាមផែនការមេរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៤ ខែតុលា។
កីឡាជឺជីតស៊ូជាប្រភេទកីឡា ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាអង្គភាពទទួលបន្ទុក ក្នុងក្របខណ្ឌប្រភេទកីឡាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។
 
លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានជំរុញឲ្យសិក្ខាកាមទាំងអស់ត្រូវបន្តការខិតខំអភិវឌ្ឍសមត្ថភាពបន្ថែម ដើម្បីត្រៀមចូលរួមដឹកនាំការប្រកួត ក្នុងពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ។ ដូច្នេះហើយលោក ប៊ុនសុង រំពឹងទុកថា អ្នកពាក់ព័ន្ធក្នុងវិស័យកីឡាជឺជីតស៊ូកម្ពុជានឹងចាប់ដៃគ្នាប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមសមិទ្ធផលជូនជាតិមាតុភូមិនៃស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ។
 
ប្រធានសហព័ន្ធរូបនេះបានជំរុញឲ្យសិក្ខាកាមទាំងអស់គោរពឲ្យបាននូវវិន័យ សកម្មភាពរបស់ខ្លួន ក្នុងនាមជាអ្នកដឹកនាំ និងទង្វើរបស់ខ្លួន ក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើឲ្យបានល្អប្រសើរ ដើម្បីជាគំរូល្អដល់អ្នកក្រោមឱវាទ។ 
លោក សេង ប៊ុន សុង បានមានប្រសាសន៍ថា៖«ពេលនេះ មន្ត្រីអាជ្ញាកណ្តាល គ្រូបង្វឹក មន្ត្រីបច្ចេកទេសទាំងអស់ គឺអ្នកដឹកនាំហើយៗ ក្នុងនាមជាអ្នកកាត់ក្តី ក្នុងពេលប្រកួតត្រូវពង្រឹងស្មារតីឲ្យមានភាពសុក្រិត យុត្តិធម៌ ឲ្យស្របតាមស្មារតីកីឡា»។
 
ក្រៅពីនេះ លោក សៀន សុភក្ត្រ អគ្គលេខាធិការ បន្ថែមថា៖«សហព័ន្ធ បានបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាកម្រិតមូលដ្ឋាន ជាលើកដំបូង ដែលមានសិក្ខាកាមចូលរួមចំនួន៤៩នាក់ ក្រោមការចែករំលែកចំណេះដឹង បទពិសោធពីគ្រូឧទ្ទេសចំនួន៥នាក់ (ជនជាតិខ្មែរ២នាក់ ថៃ១ ហូឡង់១ និងអាម៉េរិក១ ដោយផ្តោតសំខាន់លើ៥មុខ ដូចជាអាជ្ញាកណ្តាល Ne-Waza គ្រូបង្វឹក Coach Fighting System អាជ្ញាកណ្តាល Duo Show គ្រូបង្វឹក Coach Duo Show មេរៀន Sport Data»។
 
លោកបន្តថា ជឺជីតស៊ូ គឺជាប្រភេទកីឡាដែលមានសក្តានុពលខ្ពស់ ក្នុងការដណ្ដើមមេដាយកម្រិតអន្តរជាតិ ជាពិសេសសហព័ន្ធមានកីឡាការិនី ខាន់ ជេសា ដែលជាកីឡាការិនីឆ្នើមធ្លាប់ដណ្ដើមបានមេដាយជាច្រើនជូនជាតិ។ ចំពោះការអភិវឌ្ឍបច្ចេកទេស និងធនធានមនុស្សនាពេលនេះគឺដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
 
លោក សៀន សុភក្ត្រ បានបន្ថែមទៀតថា សហព័ន្ធគ្រោងនឹងបញ្ជូនប្រតិភូ និងអត្តពលិកកីឡាជឺជីតស៊ូទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកពិភពលោក (Ju-Jitsu World Championship 2022) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម៕
 

Tag:
 កីឡាជឺជីតស៊ូ
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com