ជាតិ
សម្ដេច ហ៊ុន សែន ៖ មន្ត្រីកសិកម្មខ្លះ មានតែឈ្មោះ តែដាំចេកមិនដែលបានផ្លែស៊ីនោះទេ
01, Nov 2022 , 2:02 pm        
រូបភាព
សម្ដេច ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ភ្នំពេញ៖ មន្ទីរកសិកម្មខ្លះ គ្មានដាំបន្លែបង្ការទេ ពោលគឺអន់ជាងសាលារៀន ដែលមានការរៀបចំរងដាំបន្លែត្រឹមត្រូវ សម្រាប់សិស្សថែទាំ។ សម្ដេច ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ ។

 
សម្ដេច ហ៊ុន សែន បានលើកឡើងថា ការនិយាយបែបនេះ ពុំមែនជាការបង្អាប់មន្រ្តីកសិកម្មតាមខេត្តនោះទេ ប៉ុន្តែសម្ដេច ចង់ដាស់តឿនដល់ពួកគេ ឱ្យគិតគូរដាំដុះដើមឈើ ឬបន្លែបង្ការ ក្នុងអង្គភាពរបស់ខ្លួនជាមុនសិន មុនតាំងខ្លួនជាអ្នកក្សេតសាស្រ្ត ឬជំនាញកសិកម្ម។ 
 
ក្រោយចុះត្រួតពិនិត្យតាមខេត្ត២សប្ដាហ៍មកនេះ នាយករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះថា៖« ខ្ញុំថាពួកអស់លោកកសិកម្ម មានឈ្មោះតែកសិកម្មទេ តែដាំចេកមិនដែលឃើញបានផ្លែស៊ីនោះទេ។ កន្លែងមន្ទីរកសិកម្មមួយៗ អត់មានដាំដើមឈើនោះទេ អត់មានដាំបន្លែបង្ការអ្វីឱ្យគេឃើញនោះទេ អន់ជាងសាលារៀនដែលគ្រូបង្រៀនតែងតែធ្វើរងកន្លែងឱ្យក្មេងៗដាំ។ អាហ្នឹងជារឿងពិត ហើយអ្នកខ្លះតាំងខ្លួនជាអ្នកក្សេតសាស្រ្ត និងជាអ្នកកសិកម្ម»។ 
 
លោកនាយករដ្ឋមន្រ្តី ក៏បានឆ្លើយតបអ្នករិះគន់មួយចំនួន ជុំវិញការតែងតាំង លោក ឌិត ទីណា ដែលមានជំនាញរ៉ែ និងថាមពល ជារដ្ឋមន្រ្តីកសិកម្ម ថា អ្នករិះគន់ទាំងនោះ គ្មានចំណេះដឹង ហើយមិនយល់ថា អ្វីទៅជាភាពអ្នកដឹកនាំឡើយ។ សម្ដេច ហ៊ុន សែន បន្តថា  ភាពជាអ្នកដឹកនាំ គឺចេះប្រើប្រាស់មន្រ្តីដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យធ្វើការ។ 
 
លោក លើកឡើងដូច្នេះថា៖« អ្នកខ្លះមានលើកជាមតិថា មន្រ្តីកសិកម្មគគោក មិនយកធ្វើមន្រ្តីកសិកម្ម តែបែរជាយកអ្នកវិស្វកររ៉ែ ទៅធ្វើរដ្ឋមន្រ្តីកសិកម្ម? ឥឡូវអ្នកឯងចេះ កសិកម្ម អស់ឬនៅ ស្អីខ្លះកសិកម្ម? និយាយឱ្យច្បាស់ ថ្ងៃក្រោយប្រយ័ត្នក្មេងប្រដៅ។ ភាពជាអ្នកដឹងនាំ អ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្រ្តីដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យធ្វើការ»៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com