ជាតិ
ក្រោយដាក់ឱ្យដំណើរការសាកល្បង១ខែ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចាប់ផ្ដើមគិតលុយ
01, Nov 2022 , 3:29 pm        
រូបភាព
ផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុ។ រូបភាព៖ ក្រសួងសាធារណការ
ផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុ។ រូបភាព៖ ក្រសួងសាធារណការ
ដោយ:
 ផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុ ចាប់ផ្ដើមគិតថ្លៃសេវាពីយានយន្ត ពីថ្ងៃទី ១វិច្ឆិកានេះតទៅ បន្ទាប់ពីរដ្ឋាភិបាល បានអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងអស់រយៈពេល ១ខែ។

 
ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការបង់បា្រក់ថ្លៃសេវាលើផ្លូវល្បឿនលឿននេះ ធ្វើឡើងតាមរយៈចម្ងាយជាក់ស្ដែងរបស់អ្នកបើកបរ ដែលក្រសួងបានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿន។
 
«ឧទាហរណ៍ចម្ងាយប្រមាណ​ ១៨៧គីឡូម៉ែត្រ ពីភ្នំពេញ-ក្រុងព្រះសីហនុ​ បង់​ ៤៨០០០រៀល ក្រោយបញ្ចុះតម្លៃ ៨០ភាគរយរួច សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type​ “A”  ដែលមានរថយន្តប្រភេទគ្រួសារ​ ៧កៅអី ចុះក្រោម​, រថយន្តផ្ទុកទំនិញ​ក្រោម ២តោន និងទោចក្រយានយន្តកម្លាំង​ចាប់ពី ៥០០cc ឬ​ ២៧kWឡើង គឺមាន​បិទ​ លតាបត្រ​ (ស្ទីគ័រ) សម្គាល់ដែលអនុញ្ញាតដោយក្រសួង»។ ក្រសួងបានពន្យល់បែបនេះ។
 
ក្រសួងបានបន្ថែមថា ចំពោះរថយន្តដែលបើកលើផ្លូវល្បឿនលឿននេះ ត្រូវមានផ្លាកលេខសម្គាល់​យានយន្ត​, ត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)​ មានសុពលភាព និងមានកាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់។
 
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានរំពឹងថា ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនដំបូង ដែលគិតថ្លៃសេវាពីអ្នកធ្វើដំណើនេះ នឹងមានចរាចរឆ្លងកាត់ ប្រមាណ ៣០ ទៅ ៥០ភាគរយ។ 
 
អ្នកនាំពាក្យរូបនេះ បានវាយតម្លៃដោយធៀបទៅនឹងការដាក់ឱ្យប្រើប្រាស់សាកល្បងកន្លងមក ដោយរថយន្តបានធ្វើដំណើរក្នុងមួយថ្ងៃជាង ១ម៉ឺនគ្រឿង ។ ដូច្នេះលោករំពឹងថា ពេលគិតតម្លៃសេវានឹងមានរថយន្តចរាចរប្រមាណ ៥ពាន់គ្រឿង ក្នុងមួយថ្ងៃ។
 
លោកបញ្ជាក់ថា ៖«ថ្ងៃដំបូងអាចនឹងពុំសូវមានការធ្វើចរាចរ តែថ្ងៃខាងមុខអាចនឹងមានការកើនឡើងវិញ។ វាមិនខុសពីការបើកចរាចរដំបូងទេ គឺមានរថយន្តតិច ព្រោះប្រជាពលរដ្ឋចាំមើលការឆ្លើយតបនៃផ្លូវល្បឿនលឿននេះ មានភាពងាយស្រួលកម្រិតណា»។
 
លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា រថយន្តប្រមាណ ៤៥ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន បន្ទាប់ពីក្រសួងបានដាក់ឱ្យប្រើប្រាស់សាកល្បង ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៣១ តុលា។ ចំពោះការហៅទូរស័ព្ទជួយសង្គ្រោះរថយន្ត ដែលមានបញ្ហាលើផ្លូវនេះ មានជិត ៤០០ករណី។ ជុំវិញគ្រោះថ្នាក់ចរាចរណ៍មានប្រមាណ ២០ករណី តែមិនមានករណីគ្រោះថ្នាក់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតនោះទេ៕
 
 

Tag:
 ផ្លូវល្បឿនលឿន
© រក្សាសិទ្ធិដោយ thmeythmey.com