ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
​កោះកុង៖ អាជ្ញាធរឃុំកណ្តោល ​អប់រំ​ពលរដ្ឋ​ជាប្រចាំ​ពីផលប៉ះពាល់នៃអំពើហិង្សា
01, Nov 2022 , 6:59 pm        
រូបភាព
ដោយ៖ ទី មូល (យុវជនឃុំកណ្តោល)  
 
ស្រុកបូទុមសាគរ, កោះកុង៖ គិតត្រឹម​ខែសីហា ឆ្នាំ២០២២នេះ ករណីអំពើហិង្សានៅក្នុងគ្រួសារ បានកើតឡើងតែចំនួន ៣ករណី ដែលចំនួននេះ ថយចុះបើប្រៀបធៀបនឹងឆ្នាំ២០២១។ នេះបើតាមលោក សុខ រចនា មេប៉ុស្តិ៍នគរបាលស្តីទីឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។  
 
បើតាមមេប៉ុស្តិ៍រូបនេះ កត្តាដែលធ្វើឱ្យករណីអំពើហិង្សាក្នុងឃុំរបស់ខ្លួនថយចុះ គឺមកពីចំណេះដឹងប្រជាពលរដ្ឋមានការកើនឡើង និងការបន្តអប់រំ ផ្សព្វផ្សាយ អំពីអំពើហិង្សានេះ ជាប្រចាំ។ លោក សុខ រចនា មេ​ប៉ុស្តិ៍ស្តីទីឃុំកណ្តោល អះអាងថា អំពើហិង្សាក្នុងគ្រួសារ មិនត្រឹមតែជះឥទ្ធិពលមិនល្អដល់សហគមន៍នោះទេ ប៉ុន្តែវាក៏នឹងផ្តល់គំរូមិនល្អដល់កុមារដែលរស់នៅក្រោមដំបូលផ្ទះតែមួយ ឬរស់នៅជុំវិញនោះផងដែរ​។ មិនតែប៉ុណ្ណោះ អំពើហិង្សា ក៏អាចជាកត្តាជំរុញឱ្យកុមារ បោះបង់ចោលការសិក្សា​ដែរ។ នេះជាបន្ថែមរបស់លោក សុខ រចនា ដែលបន្តថា អំពើហិង្សាគឺពិតជាពិបាកលុបបំបាត់ទាំងស្រុងណាស់។ មេប៉ុស្តិ៍លោក សុខ រចនា ពន្យល់មូលហេតុថា៖«ចំពោះការលុបបំបាត់ បើថាលុបឱ្យបាត់តែម្តង អំពើហិង្សាក្នុងគ្រួសារ ខ្ញុំគិតថា វាពិបាកនឹងលុបឱ្យបាត់ណាស់។បើចង់លុបឱ្យបាត់លុះត្រាតែប្រជាពលរដ្ឋ មានចំណេះដឹងគ្រប់គ្នា។ ដូច​បច្ចុប្បន្ននេះ ពួកគាត់ មិនទាន់មានចំណេះដឹងគ្រប់គ្រាន់ទេ»។


 លោក សុខ រចនា មេប៉ុស្តិ៍នគរបាលស្តីទីឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ទោះជាមិនអាចលុបបំបាត់ឱ្យអស់ ប៉ុន្តែ មេប៉ុស្តិ៍នគរបាលស្តីទីឃុំកណ្តោល នៅតែបន្តការងារអប់រំ ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងឃុំ។ ក្រៅពីសកម្មភាពនេះ លោក សុខ រចនា និងមន្ត្រីរបស់ខ្លួន ក៏បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការអន្តរាគមន៍ លើករណីប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារ និងចាត់វិធានការលើអ្នកប្រើប្រាស់​ ទៅតាមលក្ខខណ្ឌកំណត់ដោយច្បាប់។
 
ជុំវិញការងារដោះស្រាយបញ្ហាអំពើិហិង្សានៅក្នុងឃុំនេះ លោក ហុក នេង ជំទប់ទី​២ ឃុំកណ្តោល ​ដែលទទួលបន្ទុកដោះស្រាយទំនាស់នៅក្នុងឃុំ យល់ស្របថា មានតែការអប់រំ ឱ្យពលរដ្ឋយល់ច្បាស់ពីផលប៉ះពាល់នៃអំពើហិង្សាប៉ុណ្ណោះ ដែលជាកត្តារួមចំណែកដល់ការកាត់បន្ថយករណីហិង្សាក្នុងឃុំ។ សម្រាប់ លោក ហុក នេង អំពើហិង្សាក្នុងត្រូវបានកាត់បន្ថយ ក៏ជាផ្នែកមួយនៃការអភិវឌ្ឍឃុំ និង​កសាងភាពសុខដុមនៅក្នុងឃុំផងដែរ។ 
 

លោក ហុក នេង ជំទប់ទី​២ ឃុំកណ្តោល

ទន្ទឹមនឹងនេះ ​ជំទប់ឃុំទី២ ក៏បង្ហាញពីឆន្ទៈមោះមុតក្នុងការកាត់បន្ថយអំពើហិង្សា និងទំនាស់នានា នៅក្នុងឃុំនេះ។ លោក បានបញ្ជាក់ដូច្នេះ៖ «គោលដៅរបស់ខ្ញុំ ខ្ញុំជាអ្នកទទួលបន្ទុកដោះស្រាយទំនាស់ គឺខ្ញុំចង់រកឱកាសយ៉ាងណាផ្សព្វផ្សាយ កុំឱ្យករណីទំនាស់ហ្នឹងវាកើតឡើង សូម្បីទំនាស់(ក្នុង)គ្រួសារក៏ដោយ ទំនាស់ពីផ្ទះមួយទៅផ្ទះមួយក្តី ទំនាស់ព្រំប្រទល់ដីក៏ដោយ ទំនាស់អីក៏ដោយ គឺគោលបំណងរបស់ខ្ញុំគឺនឹងព្យាយាមកាត់បន្ថយ ព្រោះអីបើយើងកាត់បន្ថយ បន្ទុកធ្លាក់មកលើយើងដដែល។ យើងការពារប្រសើរជាងព្យាបាល»៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ​)
 

© រក្សាសិទ្ធិដោយ thmeythmey.com