ជាតិ
ព្រះវិហារបុរាណ អាយុកាល១៣២ឆ្នាំ នៅក្នុងខេត្តបាត់ដំបង ត្រូវបានជួសជុសទាំងស្រុងឡើងវិញ
01, Nov 2022 , 7:59 pm        
រូបភាព
រូបពីក្រសួងវប្បធម៌  និងវិចិត្រសិល្បៈ
រូបពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ដោយ៖ ចៀន និតា

វិហារបុរាណ១ វត្តសំរោងក្នុង នៅខេត្តបាត់ដំបង ត្រូវបានជួសជុលឱ្យមានភាពរឹងមាំ និងមានសោភណ្ឌភាពដូចដើមវិញ ។ ក្រុមមន្ត្រីជំនាញរបស់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃអគ្គនាយកបេតិកភណ្ឌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួសជុលវិហារនេះ ដោយប្រើរយៈពេល៥ខែ ។



ក្រុមមន្ត្រីជំនាញ បានជួសជុលពង្រឹងគ្រឿងបង្គុំព្រះវិហារ ដែលមានស្ថានភាពទ្រុឌទ្រោម និងពុកផុយ ហើយខូចខាតខ្លះនោះ ឱ្យមានស្ថានភាពល្អឡើងវិញ ដោយប្រើប្រាស់សម្ភារៈ និងវត្ថុធាតុដើម ដើម្បីរក្សាបាននូវតម្លៃជាប្រវត្តិសាស្ត្របុរាណ។
 
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិយាយថា ព្រះវិហារបុរាណ ក្នុងវត្តសំរោង នេះ បានកសាងនៅឆ្នាំ១៨៩០ ពោលគឺមានអាយុកាល១៣២ឆ្នាំមកហើយ។ វិហារនេះ បានជួសជុលឡើងវិញ ពីខែឧសភា រហូតដល់ចុងខែតុលា។
 
បើតាមអ្នកនាំពាក្យរូបនេះ នៅក្នុងខេត្តបាត់ដំបង មានវត្តចំនួន ៣៨៧  ដោយក្នុងនោះ មានព្រះវិហារ ចំណាស់ជាង១០៩ វិហារ។ លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានអះអាងថា ក្រសួងវប្បធម៌ តែងតែយកចិត្តទុកដាក់លើវប្បធម៌បុរាណទាំងនោះ។ «វត្តបុរាណមានន័យថានៅក្នុងបរិវេណវត្ត ជួនកាលមានព្រះវិហារបុរាណ កុដិបុរាណ ឬក៏សាលាឆាន់បុរាណ ចេតតិយបុរណ។ល។»។ នេះបើតាមអ្នកនាំពាក្យក្រសួង។
 
ព្រះវិហារបុរាណនេះ មានទំហំទទឹង ១៥ម៉ែត្រ បណ្តោយ ២១ម៉ែត្រ និងកម្ពស់ ១៣,៥ម៉ែត្រ។ សសរផ្នែកខាងក្នុង និងគ្រឿងបង្គុំដំបូលធ្វើពីឈើ ហើយជញ្ជាំងធ្វើឥដ្ឋបូកបាយអរ។ នៅឆ្នាំ១៩៧៥-១៩៧៩ ខ្មែក្រហមបានយកព្រះវិហារនេះ ធ្វើជាគុកសម្រាប់ដាក់អ្នកទោស ដែលអ្នកទោសភាគច្រើនជាស្ត្រី៕
 
 
 
 

Tag:
 វប្បធម៌
  បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com