កីឡាជាតិ
ជាតិ
លោក មាស ចាន់ណា៖ វិសាខា នឹងធ្វើបានល្អជាងមុន បើពួកគេមានឱកាសប្រកួត AFC Cup ម្តងទៀត
01, Nov 2022 , 9:59 pm        
រូបភាព
 លោក មាស ចាន់ណា គ្រូបង្វឹកក្លិបបាល់ទាត់វិសាខា រូ​បពី Cambodian Premier League
លោក មាស ចាន់ណា គ្រូបង្វឹកក្លិបបាល់ទាត់វិសាខា រូ​បពី Cambodian Premier League
 លោក មាស ចាន់ណា គ្រូបង្វឹកក្រុមកីឡាបាល់ទាត់វិសាខា ថា ប្រសិនជាមានឱកាសអាចប្រកួត AFC Cup ម្ដងទៀត ក្រុមវិសាខា នឹងធ្វើបានល្អជាងមុន។ លោកចាន់ណា អះអាងដូច្នេះ ដោយសំអាងលើបទពិសោធន៍ ដែលវិសាខាបានឆ្លងកាត់កន្លងមក ក្នុងព្រឹត្តិការណ៍ប្រកួតក្នុងតំបន់មួយនេះ។



លោក មាស ចាន់ណា បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមវិសាខា គឺមានសង្ឃឹមជានិច្ចក្នុងការប្រកួត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ គ្រូបង្វឹករូបនេះ ជឿថាការសាមគ្គីជាក្រុម ហើយបូករួមជាមួយក្លិប មានកីឡាករល្អៗជាច្រើនថែមទៀត ជាយុទ្ធសាស្ដ្រនាំឲ្យ ទទួលបានជោគជ័យ។ 
  

 ជំនួបរវាង វិសាខា និងបឹងកេត រូបពី Cambodian Premier League

គ្រូបង្វឹកក្លិបវិសាខារូបនេះ បានបញ្ជាក់ថា ក្រុមជួបបញ្ហាកីឡាករ អំឡុងពេលប្រកួត AFC Cup កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដោយមួយចំនួន នៃកីឡាករ បានឆ្លងកូវីដ-១៩។ ដូច្នេះហើយ កីឡាករ ដែលនៅសល់ ត្រូវប្រកួតផង ហ្វឹកហាត់ផង ហើយសម្រាកមិនបានគ្រប់គ្រាន់។ តាមបទពិសោធន៍ប្រកួតជាក់ស្ដែង ក្រុមក្នុងតំបន់អាស៊ានផ្សេង” មានកម្រិតប្រហាក់ប្រហែល ក្លិបបាល់ទាត់នៅកម្ពុជា ដែរ។
 
«ប្រសិនជាក្រុមមានឱកាស ប្រកួត AFC Cup ក្រុមខ្ញុំ នឹងធ្វើបានល្អជាងនេះ ព្រោះយើងមានបទពិសោន៍ប្រកួត និងដឹងពីកម្រិតខ្លះរបស់ក្រុមក្នុងតំបន់អាស៊ាន។»។ លោក មាស ចាន់ណា អះអាងទាំងក្តីជឿជាក់លើកូនក្រុមវិសាខាដូច្នេះ។
 
ការប្រកួត AFC Cup នាអំឡុងខែមិថុនាកន្លងទៅ វិសាខា ឈ្នះ Kaya FC លទ្ធផល ២-១ និងឈ្នះ Bali United ៥-២ ហើយបានចាញ់ Keda FC ៥-១។ ដោយឡែក ព្រឹត្តិការណ៍ AFC Cup នាឆ្នាំ២០២៣- ២០២៤ កម្ពុជា ទទួលបានតែកន្លះកៅអីទេ។ នេះ មានន័យថាក្រុមជើងឯកលីគ នឹងត្រូវប្រកួតក្នុងវគ្គជម្រុះ (Play-off) ដើម្បីបានកៅអីក្នុងវគ្គចែកពូល។ មូលហេតុ ដែលបានត្រឹមកន្លះកៅអីនេះដែរ គឺក្រុមរបស់អូស្ដ្រាលី ដែលធ្លាប់លេងនៅ AFC Championship ធ្លាក់មកប្រកួតនៅក្នុងតំបន់អាស៊ាន (Asean Zone) ដូចនេះ បានធ្វើឲ្យចំណាត់ថ្នាក់កម្ពុជា ធ្លាក់ចុះក្រោមបន្ដទៀត។ កម្ពុជា មានចំណាត់ថ្នាក់លេខ៣៦ ក្នុងចំណោម ៤៦ប្រទេស ក្នុងតំបន់អាស៊ី។
 
ក្រុម Top4 វិសាខា, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងបឹងកេត កំពុងប្រកួតដើម្បីដណ្តើមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២២ នេះ។ លោក មាស ចាន់ណា នៅតែមានសង្ឃឹមថា កូនក្រុមអាចសម្រេចក្ដីសង្ឃឹម ហើយប្រជែងយកជើងឯកលីគ ដើម្បីបានទៅប្រកួតព្រឹត្តិការណ៍ AFC Cup ឆ្នាំក្រោយ៕
 

Tag:
 បាល់ទាត់
  AFC Cup
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com