ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ មេឃុំ​កំពង់ស្វាយ ថា​នឹង​ដាក់ភ្លើងបំភ្លឺផ្លូវពេលយប់ នៅទីតាំងងងឹតក្នុងឃុំ នៅឆ្នាំក្រោយ
01, Nov 2022 , 4:30 pm        
រូបភាព
ដោយ៖ ជឿង ស៊ីចាន់ (យុវជនឃុំកំពង់ស្វាយ)
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ លោក ជួន ថុល មេឃុំកំពង់ស្វាយ ដែលស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបញ្ជាក់ថា ឃុំនឹងគិតគូរពីការភ្លើងបំភ្លឺផ្លូវ នៅតាមទីតាំងដែលមានស្ថានភាពងងឹត នៅក្នុងឃុំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បើតាមលោក ជួន ថុល នៅក្នុងឃុំកំពង់ស្វាយ ទីតាំងងងឹត នៅក្នុងឃុំមិនមានច្រើននោះឡើយ ហើយភាគច្រើនជាទីតាំងព្រំប្រទល់រវាងភូមិមួយ ទៅភូមិមួយទៀតនៅក្នុងឃុំ។

 
លោកមេឃុំ នៃឃុំកំពង់ស្វាយ បញ្ជាក់ពីគម្រោងដាក់ភ្លើងបំភ្លឺផ្លូវនៅពេលយប់យ៉ាងដូច្នេះថា៖ «យើងនឹងត្រៀមដាក់ឱ្យគាត់! ចាំមើលឆ្នាំក្រោយ ព្រោះឆ្នាំនេះយើងកុងត្រាជួសជុលផ្លូវបាត់ហើយ។ ដកលុយទៅជួសជុលផ្លូវ! »។ 
 

 
ដ្បិតតែក្នុងភូមិសាស្ត្រឃុំកំពង់ស្វាយ មានទីតាំងដែលងងឹត គ្មានភ្លើងបំភ្លឺមែន ប៉ុន្តែលោក ជួន ថុល នៅតែបន្តក្នុងការចាត់កម្លាំងប្រជាការពារ និងមន្ត្រីប៉ុស្តិ៍ដើម្បីល្បាត ដើម្បីបង្កើនភាពកក់ក្តៅដល់ពលរដ្ឋ ឱ្យ​ នៅតែអាចធ្វើ​ដំណើរទៅមកចំណុចងងឹតទាំងនោះ​បាន។ «យើងត្រូវដុតដៃ ដុតជើង ទាំងអស់គ្នា។ បើយើងមិនការពារគាត់(ពលរដ្ឋ) យើងមិនមានសុខសន្តិភាពទេនោះ ធ្វើឱ្យប្រជាពលរដ្ឋភ័យព្រួយ គាត់ទៅរកអ្វី ក៏មិនបានដែរ។ អ៊ីចឹង​អ្វីដែលយើងលើកសព្វថ្ងៃ គឺភូមិ-ឃុំ មានសុវត្ថិភាព គឺដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ មិនឱ្យគាត់ភ័យ មិនឱ្យគាត់ខ្លាច ឱ្យគាត់មានសិទ្ធិដើរហើរគ្រប់ពេលវេលា មិនថាយប់ មិនថាថ្ងៃ។ ចង់ទៅរកស៊ី ចង់ទៅធ្វើបុណ្យ ធ្វើទាននៅកន្លែងណា ឱ្យមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងឃុំរបស់យើង»។ នេះជាការលើកឡើងរបស់លោក ជួន ថុល មេឃុំកំពង់ស្វាយ។
 

 
ទន្ទឹមនឹងការសហការជាមួយកម្លាំងនគរបាលឃុំ ក្នុងការយាមល្បាត និងបង្កបរិយាកាសសុវត្ថិភាពជូនពលរដ្ឋ លោក ជួន ថុល មេឃុំកំពង់ស្វាយ ក៏បានស្នើដល់​ប្រជាពលរដ្ឋ ឱ្យបង្កើនការការពារសុវត្ថិភាពបន្ថែមផងដែរ ដើម្បីចូលរួមចំណែក​ជាមួយអាជ្ញាធរ នៅក្នុងការទប់ស្កាត់បទល្មើស និងភាពមិនប្រក្រតីផ្សេងៗនៅក្នុងឃុំ៕
 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

© រក្សាសិទ្ធិដោយ thmeythmey.com