កីឡាជាតិ
ជាតិ
ប្រដាល់សកលជើងឯកអាស៊ី៖ សៅ រង្សី ជួប Khosravi ម្ចាស់មេដាយមាសពីរសម័យរបស់អ៊ីរ៉ង់
02, Nov 2022 , 11:15 am        
រូបភាព
សៅ រង្សី បង្គោលខៀវ ឈ្នះកីឡាករសិង្ហបុរី Hamid ។ រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
សៅ រង្សី បង្គោលខៀវ ឈ្នះកីឡាករសិង្ហបុរី Hamid ។ រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
ដោយ:
សៅ រង្សី កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ត្រូវជួបជើងខ្លាំងអ៊ីរ៉ង់Mehdi Khosravi លើប្រភេទទម្ងន់៥៤គីឡូក្រាម នៃពានរង្វាន់ប្រដាល់សកលជ្រើសរើសជើងឯកអាស៊ី ASBC Asian Elite Men and Women Boxing Championship 2022 នៅថ្ងៃទី២ ខែវិច្ឆិកា ក្នុងក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានី ម៉ោង១០យប់តទៅ។

 
កីឡាករ សៅ រង្សី ជាបេក្ខភាពនៃក្រុមជម្រើសជាតិកម្ពុជា ដែលទើបតែទទួលបានមេដាយមាស១ ពីព្រឹត្តិការណ៍ប្រដាល់សកលពានរង្វាន់ Syed Kadir Boxing Championship 2022 នៅប្រទេសសិង្ហបុរី បន្ទាប់ពីផ្តួលម្ចាស់ផ្ទះសិង្ហបុរី Mohamed Hanurdeen Hamid ឱ្យសន្លប់ក្នុងទឹកទី២។
 

កីឡាករជម្រើសជាតិអ៊ីរ៉ង់ MEHDI KHOSRAVI ក្នុងជំនួបតទល់ Ramin Babalo។ រូបពី Mehdi
 
ចំណែករបស់អ៊ីរ៉ង់ Mehdi Khosravi គេជាតារាប្រជាប្រិយប្រចាំប្រទេសអ៊ីរ៉ង់ និងជាម្ចាស់មេដាយមាសពីរប្រភេទទម្ងន់ផ្សេងគ្នា។ មេដាយមាសទី១ លើប្រភេទទម្ងន់៥៤គីឡូក្រាម ដណ្តើមបាននៅឆ្នាំ២០២០ ក្រោយផ្តួលកីឡាករ Arman Allahveisi និងមេដាយទី២ លើប្រភេទម្ងន់៥៧គីឡូក្រាម នៅឆ្នាំ២០២១ ឈ្នះពិន្ទុកីឡាករ Ramin Babalo។
 
គួរបញ្ជាក់ថា ការប្រកួតប្រដាល់សកលជ្រើសរើសជើងឯកអាស៊ី ASBC Asian Elite Men and Women Boxing Championship 2022 ចាប់ផ្តើមពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលធ្វើនៅក្នុងក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានី។ ប្រតិភូដឹកនាំដោយ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក Kassymkhanov Berikbol Amantayevich គ្រូបង្គោល លោក ជ័យ ណារ៉ា គ្រូជំនួយ រួមមានទាំងកីឡាករ សៅ រង្សី, នូវ សុខទី, ទូច ដេវីត, វ៉ែន រដ្ឋា, ណាស្រេឌីនូវ អាន់វ៉ា និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា៕
 

Tag:
 កីឡាប្រដាល់សកល
 ASBC
© រក្សាសិទ្ធិដោយ thmeythmey.com