ជាតិ
យុវជនសកម្ម សេវាល្អ
​វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ មានជម្រាល​ដែលជួយសម្រួលដល់ការធ្វើដំណើរ​របស់សិស្សមានពិការភាព
07, Nov 2022 , 8:29 am        
រូបភាព
ដោយ៖ វ៉ាន់ នីកា (យុវជនសង្កាត់សំរោង)
 
 
​ឧត្តរមានជ័យ៖ ​ វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានសិស្សានុសិស្សសរុប ១ ០៨៤នាក់ ក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ ក្នុងនោះសិស្សដែលមានពិការភាពជើង ​ខ្សោយកំហើញ និងខ្សោយការស្តាប់ ចំនួន២១នាក់​។ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការសិក្សា របស់សិស្សដែលស្ថិតក្នុងក្រុមងាយរងគ្រោះខាងលើ លោក អៃ សុគន្ធ នាយកវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យបញ្ជាក់ថា សាលាបានសាងសង់ជម្រាល​ នៅតាមអគារសិក្សា និងនៅបន្ទប់ទឹកផងដែរ។

 
​សម្រាប់ នាយកវិទ្យាល័យដដែល ការសង់ជម្រាលសម្រាប់ជនមានពិការភាពនេះ គឺជាផ្នែកមួយចូលរួមលើកកម្ពស់គោលនយោបាយអប់រំប្រកបដោយបរិយាប័ន្ន។ លោក អៃ សុគន្ធ ពន្យល់បន្ថែម៖ «សព្វថ្ងៃនេះ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ គឺដាក់គោលនយយោបាយប្រកបដោយបរិយាប័ន្ន។​ ដូច្នេះទាំងជនជាតិដើមភាគតិច ជនមានពិការភាព អាចឱ្យចូលរៀន​ដូចគ្នា។ ដូច្នេះជម្រាលនេះ គឺមានសារៈសំខាន់ណាស់។»។
 

 
ក្រៅពីមានជម្រាលហើយនោះ នាយកសាលារូបនេះ ក៏បានបញ្ជាក់ពីការលើកទឹកចិត្ត និងសម្រួលដល់ការសិក្សារបស់សិស្សដែលមានពិការភាពផងដែរ ដូចជាសម្រួលឱ្យអាចអង្គុយនៅតុខាងមុខ  និងរៀបចំ បន្ទប់សិក្សាសម្រាប់ថ្នាក់ដែលមានសិស្សពិការភាពនៅជាន់ផ្ទាល់ដីជាដើម។
យុវសិស្ស ចាន់ សុភា ជាសិស្សដែលមានពិការភាពជើង និងដែលកំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ។ សុភា អះអាងថា ខ្លួនសប្បាយចិត្ត ដែលសាលាបានគិតគូរសង់ជម្រាលសម្រាប់ផ្តល់ភាពងាយស្រួលដែលពិការធ្វើដំណើរដូចខ្លួន។ យុវសិស្ស ចាន់ សុភា បន្ថែមដូច្នេះ៖ «ងាយស្រួល ក្នុងការធ្វើដំណើរ ដូចជាឡើងចុះ។ ដើរទៅបន្ទប់ទឹក។»។ 
 


 
សម្រាប់សុភា បានតាំងចិត្តសិក្សាឱ្យបានខ្ពស់ តាមដែលនាងអាចធ្វើបាន ខណៈសុភា មានបំណងបន្តការសិក្សាផ្នែករដ្ឋបាលសាធារណៈ ឬបើកអាជីវកម្មខ្នាតតូចដោយខ្លួនឯង នៅពេល​ដែលនាងមានលទ្ធភាព៕
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 អប់រំ
  សិស្សពិការភាព
  ជម្រាលជនពិការ
 ​ ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com