ជាតិ
សម្ដេច ហ៊ុន សែន៖ កាណាដា បានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា
13, Nov 2022 , 9:39 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (ស្ដាំ) និងលោក ចាស្ទីន ព្យែ ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា (ឆ្វេង) ក្នុងជំនួបទ្វេភាគី ថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។ រូបពី SPM
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (ស្ដាំ) និងលោក ចាស្ទីន ព្យែ ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា (ឆ្វេង) ក្នុងជំនួបទ្វេភាគី ថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។ រូបពី SPM
ភ្នំពេញ៖ នៅក្នុងជំនួបទ្វេភាគី ជាមួយ លោក ចាស្ទីន ព្យែ ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា នាអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ថ្ងៃទី១២ ខែវិច្ឆិកា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកសរសើរថា ប្រទេសកាណាដា បានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ 


 
សម្ដេច រំឭកថា កាណាដា បានរួមចំណែកក្នុងដំណើរការសន្តិភាពរបស់កម្ពុជា ចាប់តាំពីទសវត្សរ៍ឆ្នាំ១៩៥០ ដែលជួយទាំងការអភិវឌ្ឍ និងបោសសម្អាតមីន។ ភ្ជាប់គ្នានេះ សម្ដេច បានស្នើកាណាដា បន្តការគាំទ្ររបស់ខ្លួនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយកម្ពុជា សម្រេចបានគោលដៅ «កម្ពុជាគ្មានមីន” ត្រឹមឆ្នាំ២០២៥។ 
 
ក្នុងជំនួបនោះ សម្ដេច ហ៊ុន សែន ក៏បានប្រាប់ពីគម្រោងរបស់កម្ពុជា និងជប៉ុន ក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជាទៅជួយ បណ្តុះបណ្តាលក្រុមអ្នកដោះមីនអ៊ុយក្រែននៅប្រទេសប៉ូឡូញ ទៅកាន់មេដឹកនាំកាណាដា រូបនេះផងដែរ។ ជុំវិញបញ្ហានេះ លោក ចាស្ទីន ព្យែ ទ្រូដូ បានអរគុណដល់កម្ពុជា ក្នុងជួយអ៊ុយក្រែន និងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន។
 
ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានពិភាក្សាអំពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដាផងដែរ ខណៈ សម្ដេច ហ៊ុន សែន សង្ឃឹមថា ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា នឹងឈានដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រក្នុងពេលឆាប់ៗនេះ។
 
លោក ចាស្ទីន ព្យែ ទ្រូដូ បង្ហាញក្ដីរំពឹងស្រដៀងគ្នាថា ការប្រជុំជាមួយមេដឹកនាំអាស៊ាននៅពេលនេះ នឹងជួយបង្កើតឱកាសកាន់តែជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឌីជីថល និងបច្ចេកវិទ្យាទំនើបរវាងអាស៊ាន និងកាណាដា។ ក្រៅពីនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដែរ ដូចជា ពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង ព្រមទាំងបានផ្លាស់ប្ដូរយោបល់ជុំវិញបញ្ហាក្នុងតំបន់ និងអន្តរជាតិនានាផងដែរ៕ 
 

Tag:
 កាណាដា
  អាស៊ាន-កាណាដា
  កិច្ចប្រជុំកំពូលអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com