ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អនុប្រធានអង្គការសិទ្ធិមនុស្សប្រចាំអាស៊ី ទាមទារឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ
27, Nov 2022 , 5:20 pm        
រូបភាព
ក្រុមអតីតបុគ្គលិកណាហ្កាវើលដ៍ កាន់រូបកញ្ញា ឈឹម ស៊ីថរ ដែលជាមេសហជីពរបស់ពួកគេ ពេលពួកគេ នាំគ្នាទាមទារឲ្យដោះលែងកញ្ញា ដែលត្រូវចាប់ខ្លួនកាលពីលើកទី១។ រូបពីអង្គការលីកាដូ
ក្រុមអតីតបុគ្គលិកណាហ្កាវើលដ៍ កាន់រូបកញ្ញា ឈឹម ស៊ីថរ ដែលជាមេសហជីពរបស់ពួកគេ ពេលពួកគេ នាំគ្នាទាមទារឲ្យដោះលែងកញ្ញា ដែលត្រូវចាប់ខ្លួនកាលពីលើកទី១។ រូបពីអង្គការលីកាដូ
ក្រោយកញ្ញា ឈឹម ស៊ីថរ មេសហជីពរបស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនសាជាថ្មី  លោក ភិល រ៉ូបឺសិន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ប្រចាំតំបន់អាស៊ី បានហៅការចាប់ខ្លួននេះ ថាជាការដាក់ទោសឧក្រិដ្ឋលើកញ្ញា ដោយជ្រុលហួសហេតុ និងមិនអាចទទួលយកបាន។

 

 
តាមរយៈបណ្តាញសង្គមធ្វីតធ័ររបស់ខ្លួន លោក ភិល រ៉ូបឺសិន បង្ហាញការមើលឃើញថា កញ្ញា ឈឹម ស៊ីថរ តស៊ូមតិដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់សមាជិក។ អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ីរូបនេះ ដែលកម្រមើលឃើញចំណុចល្អរបស់រដ្ឋាភិបាលកម្ពុជា បានទាមទារដូច្នេះថា៖«ត្រូវដោះលែងនាងជាបន្ទាន់ និងឥតលក្ខខណ្ឌ»។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្តល់យោបល់ទៅលោក ភិល រ៉ូបឺសិន ថា បើចង់ជួយកញ្ញា ឈឹម ស៊ីថរ គឺត្រូវអនុវត្តតាមច្បាប់កម្ពុជា ដោយត្រូវចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ហើយបង្ហាញភស្តុតាងដោះបន្ទុក។ លោក បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗដូច្នេះថា៖«ការទាមទារឲ្យដោះលែង និងទម្លាក់បទចោទហ្នឹង គឺមិនមែនជាមធ្យោបាយផ្លូវច្បាប់ ក្នុងការការពារជនជាប់ចោទនៅកម្ពុជាទេ»។ 
 
នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនកញ្ញា ឈឹម ស៊ីថរ ក្នុងព្រលានយន្តហោះភ្នំពេញ នៅម៉ោងជាង១០ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលកញ្ញាវិលមកពីប្រទេសអូស្រ្តាលីវិញ ហើយបញ្ជូនទៅកាន់តុលាការភ្នំពេញ។ 
 
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា កញ្ញា ឈឹម ស៊ីថរ មិនអនុវត្តតាមដីកាសម្រេចរបស់តុលាការ ដែលចេញកាលពីខែមីនា ឆ្នាំ២០២២ ទើបត្រូវចាប់ខ្លួន។ លោក ថ្លែងថា ដីកានេះ គឺកំណត់ឲ្យកញ្ញា ឈឹម ស៊ីថា ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយហាមកញ្ញា មិនឲ្យចេញទៅក្រៅប្រទេសឡើយ។ លោក បញ្ជាក់ថា ការដែលកញ្ញាទៅប្រទេសអូស្ត្រាលី គឺល្មើសនឹងដីការបស់តុលាការ។ 
 
សូមរម្លឹកថា កញា ឈឹម ស៊ីថរ ត្រូវសមត្ថកិច្ចចាប់ខ្លួនម្តងរួចមកហើយ កាលពីខែមករា ឆ្នាំ២០២២ តែក្រោយមក ត្រូវបានដោះលែងវិញ។ ទោះដោះលែង តែកញ្ញា ឈឹម ស៊ីថរ ត្រូវតុលាការ ដាក់បម្រាមមិនឲ្យចេញទៅក្រៅប្រទេស ដោយកញ្ញា អាចដើរហើរបានតែក្នុងប្រទេសប៉ុណ្ណោះ ដ្បិតកញ្ញា នៅបន្តស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
 
កញ្ញា ជាមេសហជីពម្នាក់ ដែលដឹកនាំក្រុមបុគ្គលិកណាហ្កាវើលដ៍ ធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុននេះ ទទួលយកបុគ្គលិកមួយចំនួន ដែលត្រូវបានបណ្តេញចេញ ឲ្យចូលបម្រើការងារវិញ។ ពួកគេ តវ៉ាតាំងចុងឆ្នាំ២០២១មកម្ល៉េះ តែរហូតមកដល់ចុងឆ្នាំ២០២២នេះ ក្រុមហ៊ុនណាហ្កាវើលដ៍ នៅតែមិនយល់ព្រមតាមការទាមទាររបស់ពួកគេ៕ 
 
 

Tag:
 ឈឹម ស៊ីថរ
  Phil Robertson
  ជិន ម៉ាលីន
© រក្សាសិទ្ធិដោយ thmeythmey.com