ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សាលាឧទ្ធរណ៍ភ្នំពេញ ចាប់ផ្តើមរើអីវ៉ាន់ទៅអគារថ្មី នៅព្រែកលៀប
09, Jan 2023 , 7:59 pm        
រូបភាព
រូបពីក្រសួងយុត្តិធម៌
រូបពីក្រសួងយុត្តិធម៌
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំប្តូរទៅទីតាំងថ្មីហើយ ដែលស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ កាលពីចុងឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញ ជូនដំណឹងថា ត្រូវប្តូរពីទីតាំងចាស់ ទៅកាន់ទីតាំងថ្មី ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះទៅ។



មុនចាប់ផ្តើមដំណើរការការងារ សាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំពិធីសូត្រមន្តឡើងអគារថ្មីរបស់ខ្លួន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ អគារថ្មីនេះ មានឈ្មោះថា «សាលាយុត្តិធម៌»។ 
 
ក្រសួងយុត្តិធម៌ អះអាងតាមរយៈសំណេរលើទំព័រហ្វេសប៊ុកថា អគារសាលាយុត្តិធម៌ គឺជាទីតាំងថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញផង និងជាទីតាំងថ្មីរបស់សាលាដំបូងរាជធានីភ្នំពេញផង។ មានន័យថា ទាំងសាលាឧទ្ធរណ៍ភ្នំពេញ ទាំងសាលាដំបូងរាជធានីភ្នំពេញ ស្ថិតក្នុងអគារនេះជាមួយគ្នា។ 
 
ទីតាំងចាស់របស់សាលាឧទ្ធរណ៍ភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងយុត្តិធម៌ ហើយក្រសួងយុត្តិធម៌ ស្ថិតនៅខាងមុខប៉ែកខាងត្បូងនៃព្រះបរមរាជវាំង ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 
 
សាលាឧទ្ធរណ៍ភ្នំពេញ ប្រាប់សាធារណជន តាមរយៈសេចក្តីជូនដំណឹងកន្លងមកថា ដើម្បីរៀបចំកន្លែងធ្វើការឲ្យបានល្អប្រសើរ សាលាឧទ្ធរណ៍ភ្នំពេញ ត្រូវផ្អាកការបើកសវនការជិត១ខែពេញ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣៕ 
 
 
 

Tag:
 សាលាឧទ្ធរណ៍ភ្នំពេញ
  អគារថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com