ជាតិ
ក្រសួងកសិកម្ម រំឭកអាជ្ញាធរ និងពលរដ្ឋ ឱ្យបង្ការភ្លើងឆេះព្រៃ នៅរដូវប្រាំង
09, Jan 2023 , 9:59 pm        
រូបភាព
ក្រសួងកសិកម្ម៖ ការបង្កាបញ្ហាភ្លើងឆេះព្រៃ ជារឿងសំខាន់នៅរដូវប្រាំង
ក្រសួងកសិកម្ម៖ ការបង្កាបញ្ហាភ្លើងឆេះព្រៃ ជារឿងសំខាន់នៅរដូវប្រាំង
ដោយ:
ភ្នំពេញ៖ រដូវប្រាំងចូលមកដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ពលរដ្ឋ អាជ្ញាធរនៅតាមតំបន់ដែលមានព្រៃ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើងគ្រប់ទម្រង់ដើម្បីបញ្ចៀសបញ្ហាភ្លើងឆេះព្រៃក្នុងរដូវប្រាំងក្នុងឆ្នាំ២០២៣។


នៅរដូវប្រាំងអាកាសធាតុនៅកម្ពុជា ប្រែជាក្តៅ ហួតហែង និងស្ងួតខ្លាំងជាកត្តាងាយបង្កឱ្យមានភ្លើងឆេះព្រៃបំផុត។ ភ្លើងឆេះព្រៃ​ អាចមិនមែនបណ្ដាលមកពីកត្តាធម្មជាតិទាំងស្រុងនោះទេ ក្នុងនោះកត្តាមនុស្សក៏ជាធាតុរួមផ្សំដែលត្រូវយកចិត្តទុកដាក់ក្នុងការការពារ និងគ្រប់គ្រង។
 
កត្តាមនុស្ស អ្វីដែលគួរឱ្យព្រួយបារម្ភគឺ សកម្មភាព នៃការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្ម ការធ្វើកសិកម្មពនេចរការទន្ទ្រានដីព្រៃនិងលំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដានភ្លើងបន្ទាប់ពីប្រើប្រាស់រួចជាដើម។
 
ពិសេសជាងនេះគឺបញ្ហាកើតចេញពីការធ្វេសប្រហែសរបស់មនុស្សក្នុងអំឡុងពេលចូលព្រៃ។ ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានសង្កេតឃើញថា ការអប់រំណែនាំ ដល់ពលរដ្ឋដែលចូលព្រៃអាស្រ័យផលឱ្យប្រុងប្រយ័ត្នពេលប្រើប្រាស់ភ្លើងដូចជា ដាំស្ល យកឃ្មុំ ការដុតស្មៅឬព្រៃ ជាកត្តាសំខាន់ក្នុងការកាត់បន្ថយភ្លើងឆេះព្រៃ។ ជាមួយគ្នានេះ
ការទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹកដើម្បីពង្រីកផ្ទៃដីដំណាំ កសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ពិតជាចាំបាច់ក្នុងការបង្ការ។ 
 
មួយវិញទៀត ការរៀបចំផ្លូវភ្លើងនៅតាមព្រៃ និងតាមសហគមន៍ការពារព្រៃឈើនិងសត្វព្រៃ អាចជាផ្នែកមួយចាំបាច់ក្នុងការទប់ស្កាត់បញ្ហាឆេះព្រៃក្នុងទ្រង់ទ្រាយធំ។  ការចូលរួមទប់ស្កាត់ភ្លើងឆេះរាលក្នុងស្ថានភាពបន្ទាន់ ក៏ជាផ្នែកមួយធ្វើឱ្យភាគរយនៃបញ្ហាភ្លើងឆេះព្រៃមានកម្រិតទាបនិងប្រកបដោយប្រសិទ្ធភាព។
 
បើតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល ប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវមានករណីយកិច្ចទទួលខុសត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ចូលរួមថែរក្សាជម្រកមច្ឆជាតិ ការពារ បង្ការនិងប្រយុទ្ធនឹងភ្លើងឆេះព្រៃលិចទឹក នៅតាមមូលដ្ឋាន រៀងៗខ្លួន។ 
 
ជនណាដែលបានប្រព្រឹត្ត ឬបង្កឱ្យមានភ្លើងឆេះព្រៃឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវ ផ្តន្ទាទោសក្រោម បទល្មើសព្រៃឈើថ្នាក់ទី១ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៥-១០ឆ្នាំ ឬពី៣-៥ឆ្នាំ។ ដោយឡែកតាមមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានចែងថា ការបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនាជាបទល្មើសធនធានធម្មជាតិ ថ្នាក់ទី៤ ដែលត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី៥-១០ឆ្នាំនិងផាកពិន័យជាប្រាក់ពី១៥លានរៀល ដល់១៥០លានរៀល៕
 
 
 

Tag:
 ភ្លើងឆេះព្រៃ
  រដូវប្រាំង​
© រក្សាសិទ្ធិដោយ thmeythmey.com