អន្តរជាតិ
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរិះគន់ UN ដែលកោះប្រជុំលើការបាញ់ផ្កាយរណបតាមអាម៉េរិកទាមទារ
04, Jun 2023 , 3:44 pm        
រូបភាព
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ចេញម្ដងទៀត ដោយរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ដែលកោះប្រជុំស្ដីពីការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនថ្មីៗនេះតាមការទាមទាររបស់អាម៉េរិក។ ទីក្រុងព្យុងយ៉ាង ក៏ប្តេជ្ញាប្រឆាំងនឹងទណ្ឌកម្មរបស់អន្តរជាតិ ក៏ដូចជាចាត់វិធានការការពារខ្លួនបន្ថែម។


 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានបើកកិច្ចប្រជុំមួយក្នុងសប្តាហ៍នេះដើម្បីពិភាក្សាពីការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង។ បើទោះបីជាការបាញ់បង្ហោះនេះទទួលបរាជ័យក្តី អាម៉េរិកនិងសម្ព័ន្ធមិត្តនៅតែមានការព្រួយបារម្ភ ដ្បិតកូរ៉េខាងជើងសន្យាបាញ់បង្ហោះផ្កាយរណបបន្ថែម។ 
 
លោកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងជាមន្ត្រីបក្សកាន់អំណាចដ៏មានឥទ្ធិពល បាននិយាយថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនេះបានបង្ហាញកាន់តែច្បាស់ថា ក្រុមប្រឹក្សានេះបានបម្រើជាកូនជឹងនយោបាយរបស់អាម៉េរិក ដែលមិនអើពើពីសិទ្ធិរបស់ប្រទេសដើម្បីការអភិវឌ្ឍក្នុងទីលំហ។ 
 
«ខ្ញុំមានការអាក់អន់ចិត្តយ៉ាងខ្លាំងដែលក្រុមប្រឹក្សាសន្តិសុខតែងតែរិះគន់ការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់យើង តាមដែលអាម៉េរិកចង់បាន ហើយថ្កោលទោសនិងច្រានចោលយ៉ាងខ្លាំង ចំពោះទង្វើដ៏អយុត្តិធម៌បំផុត ក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងរំលោភលើអធិបតេយ្យភាពរបស់យើង»។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដែលស្រង់សម្ដីលោកស្រី Kim Yo Jong។ 
 
លើសពីនេះ លោកស្រីបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបនេះជាវិធានការការពារខ្លួនស្របច្បាប់ប្រឆាំងនឹងការកើនឡើងការគំរាមកំហែងពីអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាសមយុទ្ធយោធានិទាឃរដូវប្រចាំឆ្នាំដែលទីក្រុងព្យុងយ៉ាងចាត់ទុកជាការបង្កើនភាពតានតឹងឡើងវិញក្នុងតំបន់។
 
ក្រៅពីនេះ លោកស្រីក៏បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងនឹងមិនទទួលស្គាល់ដំណោះស្រាយដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើយ ខណៈសន្យាថានឹងបន្តអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន រួមទាំងការបាញ់បង្ហោះផ្កាយរណបចារកម្មផងដែរ៕

Tag:
 (កូរ៉េខាងជើង
  UN)
© រក្សាសិទ្ធិដោយ thmeythmey.com