អន្តរជាតិ
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន៖ ការប៉ះទង្គិចរវាងចិននិងអាម៉េរិក នឹងបង្កគ្រោះមហន្តរាយ​យ៉ាងធំ
05, Jun 2023 , 10:19 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu នៅថ្ងៃទី៤ ខែមិថុនា​ បានលើកឡើងថា ក្រុងប៉េកាំង​កំពុងស្វែងរកកិច្ចពិភាក្សាវិញការប្រឈមមុខដាក់គ្នាជាមួយអាម៉េរិក ខណៈព្រមានថាការប៉ះទង្គិចរវាងប្រទេសទាំងពីរនឹងនាំឱ្យមានជម្លោះដ៏ធំលើពិភពលោក។



នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីសន្តិសុខអាស៊ី Shangri-La Dialogue រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu បានលើកឡើងថា ទាំងចិននិងអាម៉េរិកអាចរីកចម្រើនជាមួយគ្នាដោយគ្នាការប៉ះទង្គិចលើឆាកពិភពលោកដ៏ធំនេះ។ លោកបានសង្កត់ធ្ងន់ថា ការប៉ះទង្គិចណាមួយរវាងភាគីទាំងពីរនឹងអាចជះឥទ្ធិពលអាក្រក់ដល់ពិភពលោកទាំងមូល។ 
 
ខណៈទាំងចិន និងអាម៉េរិកមានប្រព័ន្ធ និងវិធានការជាច្រើនទៀតផ្សេងៗគ្នា ភាគីទាំងពីរគួរស្វែងរកមូលដ្ឋានរួម និងផលប្រយោជន៍រួម ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu បានលើកឡើងបែបនេះក្នុងកិច្ចប្រជុំដដែល។ 
 
«វាជារឿងដែលមិនអាចប្រកែកបានថា ជម្លោះឬការប្រឈមមុខគ្នាធ្ងន់ធ្ងររវាងចិន និងអាម៉េរិកនឹងក្លាយជាគ្រោះមហន្តរាយដែលមិនអាចទ្រាំទ្របានសម្រាប់ពិភពលោក»។ រដ្ឋមន្ត្រីក្រសួងការពារជាតិចិនរូបនេះ បានសង្កត់ធ្ងន់បែបនេះ។ 
 
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងហ៉ាក់មានភាពតានតឹងធ្ងន់ធ្ងរលើបញ្ហាជាច្រើន រួមមានបញ្ហាតៃវ៉ាន់ ជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង និងការរឹតបន្តឹងលើការនាំចេញបន្ទះឈីប semiconductor ពីអាម៉េរិកទៅចិនជាដើម។
 
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដែលត្រូវបានអាម៉េរិកដាក់ទណ្ឌកម្មក្នុងឆ្នាំ ២០១៨ ជុំវិញការទិញអាវុធពីរុស្ស៊ី​រូបនេះ នៅអាហារពេលល្ងាចនៅថ្ងៃទី២ ខែមិថុនា ក្នុងកិច្ចប្រជុំកំពូលស្ដីពីសន្តិសុខអាស៊ី Shangri-La Dialogue បានចាប់ដៃគ្នាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក Lloyd Austin ប៉ុន្តែអ្នកទាំងពីរមិនបានពិភាក្សាគ្នាកាន់តែស៊ីជម្រៅនោះទេ។ ទីក្រុងវ៉ាស៊ីនតោនទាមទារម្តងហើយម្តងទៀតឱ្យភាគីទាំងពីបើកកិច្ចពិភាក្សាឡើងវិញដើម្បីកាត់បន្ថយភាពយល់ច្រលំ។
 
សុន្ទរកថារបស់លោក Li នៅឯកិច្ចប្រជុំសិង្ហបុរី ក៏បានចោទប្រកាន់អាម៉េរិកនិងប្រទេសដទៃទៀតថាព្យាយាមជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដោយផ្តល់ជំនួយផ្នែកយោធា ការបណ្តុះបណ្តាល និងការធ្វើទស្សនកិច្ចការទូតកម្រិតខ្ពស់ទៅតៃវ៉ាន់។ លោក បានព្រមានថា ​ចិន​ប្រកាន់​ខ្ជាប់​នូវ​មាគ៌ា​នៃ​ការ​អភិវឌ្ឍ​ដោយ​សន្តិវិធី ប៉ុន្តែ​ចិននឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់ខ្លួនឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com