អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរិះគន់ដំណើរទស្សនកិច្ចរបស់អ្នកការទូតអាម៉េរិកនៅក្រុងប៉េកាំង
06, Jun 2023 , 8:29 am        
រូបភាព
កាសែតរដ្ឋាភិបាលចិន Global Times រិះគន់ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាម៉េរិកទៅកាន់ចិនដោយបាននិយាយថា ដំណើរទស្សនកិច្ចនេះត្រូវបានជំរុញដោយគោលដៅផ្ទាល់របស់ទីក្រុងវ៉ាស៊ីនតោនដើម្បីបង្ហាញខ្លួនជាភាគីសកម្មក្នុងការស្វែងរទំនាក់ទំនងល្អប្រសើរឡើងវិញ ឯទីក្រុងប៉េកាំងមិន ធ្វើអ្វីឡើយ។

 
អាម៉េរិកបាននិងកំពុងព្យាយាមបង្កើតរូបភាពជាប្រទេសដែលមានការទទួលខុសត្រូវ ដោយបញ្ជូនសារសុច្ឆន្ទៈទៅកាន់ពិភពខាងក្រៅថាខ្លួនកំពុងស្វែងរកទំនាក់ទំនងល្អប្រសើរជាមួយចិន ហើយព្យាយាមទម្លាក់ការស្តីបន្ទោសទៅលើចិនចំពោះការខ្វះខាតទំនាក់ទំនង ឬការបដិសេធចំពោះការប្រាស្រ័យទាក់ទងគ្នានេះ។ កាសែត Global Times បានរាយការណ៍នៅល្ងាចថ្ងៃទី ៤ ខែមិថុនា ដោយដកស្រង់សម្តីអ្នកជំនាញចិនដោយសំដៅទស្សនកិច្ចរបស់លោក Daniel Krittenbrink។
 
ឧបការីរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink ទៅដល់ចិនក្នុងដំណើរទស្សនកិច្ចដែលក្រសួងការបរទេសអាម៉េរិកបានសម្គាល់ថានឹងមានការពិភាក្សាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគីនៃប្រទេសមហាអំណាចទាំងពីរ។ អាម៉េរិកក៏បានចោទចិនថា បាន បដិសេធជំនួបរដ្ឋមន្ត្រីការបរទេសផងដែរ។
 
ប្រព័ន្ធផ្សព្វផ្សាយមួយនេះបង្ហាញថា  អ្នកជំនាញមួយចំនួនមានការងឿងឆ្ងល់យ៉ាងខ្លាំងលើភាគីអាម៉េរិកដែលប្រហែលជាព្យាយាមបង្ហាញពីថាមពលវិជ្ជមានទៅក្នុងទំនាក់ទំនងទ្វេភាគី មុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិកលើកក្រោយនេះ។
 
«អាម៉េរិកបាន និងកំពុងស្វែងរកការសន្ទនាខណៈដែលកំពុងបន្តបង្កហេតុ។ យើងមិនបាន ឃើញសេចក្តីថ្លែងការណ៍វិជ្ជមានណាមួយពីអាម៉េរិកទាក់ទងនឹងផលប្រយោជន៍ស្នូលឬទំនាក់ ទំនងទ្វេភាគីនោះទេ»។ កាសែតខាងលើបានស្រង់សម្ដីអ្នកជំនាញនៅក្នុងស្ថាប័នស្រាវជ្រាវរបស់រដ្ឋចិនបែបនេះផងដែរ។
 
បើតាមរបាយការណ៍ដដែលខាងលើ សម្រាប់ដំណើរទស្សនកិច្ចរបស់ លោក Kritenbrink លោកមិនត្រូវបានរំពឹងថានឹងផ្តល់«ការសម្តែងជោគជ័យណាមួយ»ហើយការធ្វើដំណើររបស់លោកគួរតែត្រូវបានមើលឃើញថាគ្រាន់តែជាការចូលរួមនៅកម្រិតការងារប៉ុណ្ណោះ។
 
គួរបញ្ជាក់ថា ទំនាក់ទំនងចិន-អាម៉េរិកបានធ្លាក់ចុះដល់កម្រិតទាបជាងមុនបន្ថែមទៀត ចាប់ តាំងពីរដ្ឋមន្ត្រី ការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិនបានលុបចោលការធ្វើដំណើរទៅ ចិនកាលពីខែកុម្ភៈបន្ទាប់ពីបាឡុងឈ្លបយកការណ៍ចិនដែលត្រូវបានចោទថាបានហោះកាត់ដែនអាកាសអាម៉េរិក។
 
ភាពតានតឹងកាន់តែអាក្រក់ទៅៗនៅពេលដែលភាគីទាំងពីរបានប៉ះទង្គិចគ្នាលើបញ្ហាជាច្រើនចាប់តាំងពីបញ្ហានៅច្រកសមុទ្រកោះតៃវ៉ាន់រហូតដល់សកម្មភាពយោធានៅសមុទ្រចិនខាងត្បូង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com