អន្តរជាតិ
រុស្ស៊ី និងអ៊ុយក្រែន ប្រកាសផ្លាស់ប្តូរអ្នកទោស
07, Jul 2023 , 3:29 pm        
រូបភាព
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី៦ ខែកក្កដា លើកឡើងថា រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងដោះដូរអ្នកទោសដែលត្រូវបានចាប់ខ្លួនក្នុងសង្រ្គាម។ អ្នកទោសទាំងនោះរួមមានទាហានប្រមាណ៤៥នាក់ពីប្រទេសទាំងពីរ។ 

បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA  រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងដោះដូរអ្នកទោសគ្នាចំនួន៤៥ នាក់។ លើសពីនេះ ​ជនស៊ីវិល​ពីរ​នាក់ក៏ត្រូវបានបញ្ជូនត្រឡប់​ទៅ​អ៊ុយក្រែន​​វិញដែរ។ នេះបើតាមការលើកឡើងរបស់លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន។
 
នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Telegram លោក Yermak បាននិយាយថា អ្នកដែលត្រូវបានដោះលែងពីរុស្ស៊ីនេះ មានខ្លះជាទាហានប្រយុទ្ធនៅទីក្រុង Mariupol ខ្លះនៅតំបន់រោងចក្រដែក Azovstal ភាគខាងត្បូងទីក្រុង ហើយខ្លះទៀតជាទាហានប្រយុទ្ធជួរមុខនៅកន្លែងផ្សេងទៀត។
 
បើតាមលោក Dmytro Lubinets អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អ៊ុយក្រែន អ្នកទោសដែលត្រូវបានរុស្ស៊ីដោះលែងទាំងនេះ ភាគច្រើនត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈអ្នកទោសទាំងអស់នឹងត្រូវទទួលការស្តារនីតិសម្បទាឡើងវិញ។
 
នៅក្នុងការបង្ហោះសារដាច់ដោយឡែកមួយទៀត លោក Yermak បាននិយាយថា កុមារពីរនាក់ដែលម្នាក់មានអាយុ៦ឆ្នាំ និងម្នាក់ទៀតអាយុ១០ឆ្នាំត្រូវបានអនុញ្ញាតឱ្យត្រឡប់មកអ៊ុយក្រែនវិញបន្ទាប់ពីការដោះលែងម្តាយរបស់ពួកគេដែលជាពេទ្យយោធាកាលពីខែតុលាឆ្នាំមុន។
 
គួរបញ្ជាក់ថា រុស្សី និងអ៊ុយក្រែនបានផ្លាស់ប្តូរអ្នកទោសជាច្រើនដងនៅក្នុងដំណាក់កាលនៃសង្រ្គាម ខណៈការដោះដូរអ្នកទោសថ្មីនេះ ជាលើកទី១៧ហើយ។ បើតាមលោក Lubinets គិតមកត្រឹមពេលនេះ ពលរដ្ឋអ៊ុយក្រែនចំនួន២,៥៧៦នាក់ត្រូវបានដោះលែងនៅក្នុងការដោះដូរអ្នកទោស ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com