សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រជាជនហុងកុងសម្រុកទៅទិញផ្ទះនៅថៃ
22, Jul 2023 , 9:29 am        
រូបភាព
សួន Lumpini ទីលំហែពេញនិយមនៅទីក្រុងបាងកក ។
សួន Lumpini ទីលំហែពេញនិយមនៅទីក្រុងបាងកក ។
បច្ចុប្បន្ន អាផាតមិននៅថៃមានតម្លៃត្រឹមតែមួយភាគបួននៅហុងកុងប៉ុណ្ណោះ ហើយគោលនយោបាយបន្ធូរបន្ថយពន្យាពេលទិដ្ឋាការរយៈពេលវែងដ៏ទាក់ទាញរបស់ថៃ បានស្រូបយកប្រជាជនហុងកុងជាច្រើនមកមកទិញផ្ទះរស់នៅទីនេះ ។

 
បើតាមសារព័ត៌មាន South China Morning Post  លោក David Chan អាយុ ៣១ឆ្នាំបានផ្លាស់ទៅប្រទេសថៃក្នុងឆ្នាំ ២០១៩ ហើយកំពុងធ្វើការជាភ្នាក់ងារអចលនទ្រព្យសម្រាប់ប្រជាជនហុងកុងផ្សេងទៀតដែលកំពុងស្វែងរកទិញផ្ទះនៅក្នុងប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។
 
ប្រពន្ធរបស់លោក Chan ជាជនជាតិថៃ មិនពេញចិត្តនឹងការរស់នៅក្នុងទីក្រុងហុងកុងនោះទេ។ នៅឆ្នាំ ២០១៩ នៅពេលដែលភាពចលាចលនយោបាយផ្ទុះឡើង ពួកគេបានសម្រេចចិត្តផ្លាស់មកទីក្រុងបាងកក។ លោកបានបន្តថា៖ «ចាប់តាំងពីពេលនោះមក ខ្ញុំបានកត់សម្គាល់ឃើញថាមានការកើនឡើង ៣០ ភាគរយនៃតម្រូវការ និងការសាកសួរពីប្រជាជនហុងកុងដែលចង់ផ្លាស់ទៅប្រទេសថៃ»។
 
តម្លៃរស់នៅទាបជាង និងរបៀបរស់នៅសាមញ្ញរបស់ជនជាតិថៃ កំពុងទាក់ទាញប្រជាជនហុងកុងជាច្រើនឱ្យទិញអាផាតមិននៅទីនេះ។ លោក Chan បាននិយាយថា តម្លៃផ្ទះមានត្រឹមតែមួយភាគបួនប៉ុណ្ណោះ ហើយគ្រួសារអាចស្វែងរកកន្លែងសម្រាប់កូនៗរបស់ពួកគេបានយ៉ាងងាយស្រួលសិក្សានៅសាលាអន្តរជាតិ។ លើសពីនេះទៀត ប្រជាជនហុងកុងជាច្រើនបានទាញយកអត្ថប្រយោជន៍ពីកម្មវិធីស្នាក់នៅផ្សេងៗ ដើម្បីស្នាក់នៅក្នុងប្រទេសថៃរយៈពេលវែងជាមួយក្រុមគ្រួសាររបស់ពួកគេ។
 
កម្មវិធីទិដ្ឋាការស្នាក់នៅរយៈពេលវែងដែលបានចាប់ផ្តើមកាលពីឆ្នាំមុន មានបំណងទាក់ទាញអ្នកវិនិយោគដែលមានទ្រព្យសម្បត្តិ ឬអ្នករស់នៅបរទេសដែលមានទេពកោសល្យចំនួនមួយលាននាក់មកប្រទេសក្នុងរយៈពេលប្រាំឆ្នាំ។ អ្នកដែលត្រូវបានអនុម័តសម្រាប់ទិដ្ឋាការនេះមានសិទ្ធិទៅធ្វើការនៅថៃលើទិដ្ឋាការចេញ-ចូលច្រើនដងដែលមានសុពលភាព ១០ ឆ្នាំ។
 
យោងតាមទិន្នន័យក្នុងឆ្នាំ ២០១៨ និង ២០១៩ ជនបរទេសបានទិញអចលនទ្រព្យជិត១៥៩ពាន់លានបាត (ប្រហែល ៤,៦ពាន់លានដុល្លារ) នៅប្រទេសថៃ។ ចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ការលក់ផ្ទះទៅឱ្យជនបរទេសបានធ្លាក់ចុះប្រហែលមួយភាគបី មកនៅត្រឹម ១៦០ពាន់លានដុល្លារ។ 
 
អតិថិជនបរទេសមានចំនួនប្រហែលមួយភាគបួននៃការលក់អចលនទ្រព្យទាំងអស់នៅថៃប៉ុន្មានឆ្នាំមុនជំងឺរាតត្បាត។ ប៉ុន្តែចំនួននោះបានធ្លាក់ចុះមកត្រឹម ៥ភាគរយក្នុងអំឡុងពេលមានវិបត្តិ ។ នេះបើយោងតាមលោក Peerapong Jaroon-ek ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Origin Property ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនថៃ។ យ៉ាងណាមិញ អតិថិជនមកពីហុងកុងនៅតែជាអ្នកវិនិយោគបរទេសកំពូលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលជារឿយៗមានចំនួនប្រហែលមួយភាគបីនៃតម្រូវការបរទេសសរុប។ 
 
លោក Peerapong Jaroon-ek ព្យាករថា តម្រូវការពីអ្នកវិនិយោគបរទេស រួមទាំងអ្នកមកពីហុងកុងនឹងកើនឡើង ៥០ភាគរយសម្រាប់គម្រោងអភិវឌ្ឍន៍នៅភូកេត និងបាងកក។ តម្លៃថោកគឺជាហេតុផលនៅពីក្រោយកំណើននៃការទិញលំនៅឋាននេះ។ 
 
តម្លៃផ្ទះអាផាតមិនរបស់ Origin Property មានតម្លៃចាប់ពី ២លានបាតដល់ ១០លានបាត (៥៨ ០០០ដុល្លារទៅ ២៩០ ០០០ដុល្លារ) ទាបជាងអាផាតមិននៅក្នុងទីក្រុងហុងកុង។ ជាឧទាហរណ៍ នៅគម្រោង The Henley ក្នុងតំបន់ Kai Tak នៃតំបន់ពិសេសហុងកុងដែលបានបើកដំណើរការកាលពីដើមខែនេះ អាផាតមិនដែលថោកបំផុតមានតម្លៃ ៦៦២ ០០០ដុល្លារនិងមានទំហំត្រឹមតែ ២៣ម៉ែត្រការ៉េប៉ុណ្ណោះ។ សម្រាប់ការប្រៀបធៀប Origin Place នៅក្នុង ខណ្ឌ Phetkasem ទីក្រុងបាងកកកំពុងលក់អាផាតមិនដែលមានទំហំប្រហែល ២៥ម៉ែត្រការ៉េក្នុងតម្លៃ ៩១ ០០០ដុល្លារ។
 
ទីផ្សារអចលនទ្រព្យរបស់ថៃកំពុងជួបការលំបាកតាំងពីមុនពេលជំងឺរាតត្បាតបានចាប់ផ្តើម។ យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills ចំនួនអាផាតមិន និងផ្ទះល្វែងនៅទីក្រុងបាងកកបានកើនឡើង ២៨ភាគរយក្នុងរយៈពេល ៤ឆ្នាំដល់ ១៧៦ពាន់យូនីតគិតចាប់ពីឆ្នាំ ២០១៩។
 
ប៉ុន្តែ ទីផ្សារបច្ចុប្បន្នហាក់មានភាពប្រសើរឡើង។ ចំនួនអាផាតមិនដែលមានស្រាប់បានថយចុះជាលំដាប់ក្នុងត្រីមាសថ្មីៗនេះ។ យ៉ាងណាមិញ ការងើបឡើងវិញនៃទីផ្សារជាទូទៅនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន។ នៅក្នុងខែឧសភា ប្រទេសនេះបានដំឡើងអត្រាការប្រាក់ដល់ ២ភាគរយ ដែលនាំមកនូវការចំណាយលើការខ្ចីប្រាក់ខ្ពស់បំផុតក្នុងរយៈពេលជាង៨ឆ្នាំមកនេះ ដើម្បីទប់ស្កាត់អតិផរណា។
 
បញ្ហាមួយទៀតគឺអស្ថិរភាពនយោបាយក្រោយការបោះឆ្នោតនៅប្រទេសថៃ។ ទោះបីបែបនេះក្ដី នាយកប្រតិបត្តិក្រុមហ៊ុន Origin Property មិនមានការព្រួយបារម្ភច្រើននោះទេ។ លោកបានបន្តថា៖ «អ្នកដែលចង់ទិញអាផាតមិននៅប្រទេសថៃបានដឹងរួចហើយអំពីស្ថានភាពនយោបាយនៅទីនេះ» ៕

Tag:
 ហុងកុង
  ថៃ
 
  អាផាតមិន
  អចលទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com