អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនថា អំពើ​ពុករលួយ ​និងការ​ក្បត់ជាតិ​​ ​មិន​ត្រូវ​បាន​អត់ឱនឡើយ
26, Jul 2023 , 8:59 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន​លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៦ ខែកក្កដា បានព្រមានថាលោកនឹងមិនអត់ឱនចំពោះអំពើពុករលួយ ឬការក្បត់ក្នុងកិច្ចការរដ្ឋនៅអ៊ុយក្រែនឡើយ។



ប្រធានាធិបតីអ៊ុយក្រែន​លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅយប់ថ្ងៃទី២៦ ខែកក្កដា បានចេញសារជាវិឌីអូព្រមានដល់មន្ត្រីរបស់លោកថា លោកនឹងមិនអន់ឱនចំពោះអំពើពុករលួយ ​និងការ​ក្បត់ជាតិ​ឡើយ។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានចាប់ខ្លួនមន្ត្រីយោធាមួយចំនួនត្រូវបានចោទប្រកាន់ពីបទកេងប្រវ័ញ និងសមាជិកសភាម្នាក់របស់អ៊ុយក្រែនដែលត្រូវបានចោទប្រកាន់ពីបទសហការជាមួយរុស្ស៊ី។
 
កាលពីខែមុន ​លោក ហ្សេលេនស្គី ធ្លាប់បានប្រកាសពីផែនការធ្វើសវនកម្មលើវិស័យ​យោធាដើម្បីព្យាយាមលុបបំបាត់អំពើពុករលួយក្នុងជួរទ័ព។ វិធានការនោះគឺជាផ្នែកមួយគោលនយោបាយយូរអង្វែងក្នុងការសម្អាតវិស័យយោធា និងរដ្ឋាភិបាល ដើម្បីបង្ហាញលោកខាងលិចថា អ៊ុយក្រែនពិតជាយកចិត្តទុកដាក់ចំពោះការដោះស្រាយអំពើពុករលួយដែលចាក់ឫសយ៉ាងជ្រៅ។ ការរឹតបន្ដឹងលើអំពើ​ពុករលួយនេះ នឹងជាវិធានការសំខាន់ដើម្បីរក្សាទំនាក់ទំនងយូរអង្វែងជាមួយលោកខាងលិច។ 
 
«​ខ្ញុំ​សូម​ព្រមាន​ដល់សមាជិក​សភា មន្ត្រី និង​មន្ត្រី​រាជការ។ គ្មាននរណាម្នាក់នឹងអត់ទោសឱ្យសមាជិកសភា ចៅក្រម មន្ត្រីយោធា ឬមន្ត្រីផ្សេងទៀតដែលដាក់ខ្លួនប្រឆាំងនឹងរដ្ឋនោះទេ»។ ប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងបែបនេះ មុនបន្តថា ប្រជាជនអ៊ុយក្រែនដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងប្រឆាំងសង្រ្គាមបានខឹងសម្បារចំពោះទង្វើពុករលួយនេះ។
 
កងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ហើយចាប់តាំងពីពេលនោះមក សង្រ្គាមបានសម្លាប់ជនស៊ីវិល និងបុគ្គលិកយោធារាប់ពាន់នាក់ ខណៈពលរដ្ឋជាច្រើនលានអ្នកទៀតត្រូវបង្ខំឱ្យជម្លៀសខ្លួនចេញពីតំបន់មួយចំនួន។ 
 
គួរបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរផ្នែកច្បាប់អ៊ុយក្រែន បាននិយាយថា ប្រធានមជ្ឈមណ្ឌលជ្រើសរើសទាហាននៅភាគខាងត្បូង​អ៊ុយក្រែនលោក Yevhen Borysov ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ និងការកេងប្រវ័ញ្ចត្រូវបានបញ្ជាឱ្យឃុំខ្លួនបណ្តោះអាសន្ន ជាមួយនឹងប្រាក់ធានាប្រមាណ ៤ លានដុល្លារ។
 
បើតាមទីភ្នាក់ងារជាតិស្តីពីការទប់ស្កាត់អំពើពុករលួយរបស់អ៊ុយក្រែន លោក Yevhen Borysov ត្រូវបានចោទប្រកាន់ពីបទទួលប្រាក់ឧបត្ថម្ភដែលគ្មានប្រភពប្រមាណ៥លានដុល្លារ។ លើសពីនេះ ក្នុងប៉ុន្មានខែថ្មីៗនេះ គ្រួសាររបស់លោកក៏ត្រូវបានគេប្រទះឃើញថាបានទិញអចលនទ្រព្យនៅអេស្ប៉ាញ។
 
ឯសមាជិកសភាអ៊ុយក្រែនលោក Oleksandr Ponomaryov ក៏ត្រូវបានការិយាល័យអគ្គរដ្ឋអាជ្ញាចេញបញ្ជាឱ្យចាប់ខ្លួននិងរង់ចាំការកាត់ក្តីលើការចោទប្រកាន់ពីបទក្បត់ជាតិ ខណៈលោកត្រូវបានគេសង្ស័យថាបានសហការជាមួយរុស្ស៊ី៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com